ប្រតិកម្មប្រឆាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បានធ្វើឡើងនៅបន្ទាប់ពី លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) ចៅក្រមស៊ើបអង្កេតជនជាតិបារាំងនៃសាលាក្តីខ្មែរក្រហម បានកោះអញ្ជើញ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស, លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, លោក ស៊ីម កា សមាជិកព្រឹទ្ធសភា និងលោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាដែរនោះ ដើម្បីទៅផ្តល់សក្ខីកម្មក្នុងរឿងចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហម៤រូបទៀត មាន នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសាលាក្តីខ្មែរក្រហម។
ប្រភពព័ត៌មានបារាំង អា.អេហ្វ.ប៉េ. (AFP) ផ្សាយកាលពីម្សិលមិញដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចោទសួរមកវិញថា តើហេតុដូចម្តេចបានជាសាលាក្តីខ្មែរក្រហមកោះហៅដើមបណ្តឹងមកធ្វើជាសាក្សីទៅវិញ? លោកមានប្រសាសន៍ថា មន្រ្តីជាន់ខ្ពស់ទាំង៦រូបនោះគឺជាដើមបណ្តឹង។ ពីព្រោះថា មន្ត្រីទាំងនោះបានត្រូវគេដឹងថាជាអ្នកផ្តួលរំលំ ប៉ុល ពត មេដឹកនាំរបបខ្មែរក្រហម ហើយក៏ដោយសារតែអ្នកទាំងនោះផងដែរដែលជាអ្នកចូលរូមព្រមព្រៀងក្នុងការអនុម័តច្បាប់កាត់ទោសខ្មែរក្រហម?
ប្រភពដដែលបន្តថា ដីកាកោះចេញដោយលោក ម៉ាកសែល ឡឺម៉ុង ចៅក្រមស៊ើបអង្កេតជនជាតិបារាំងនៃសាលាក្តីខ្មែរក្រហម ធ្វើឡើងស្របពេលដែលមានការចោទប្រកាន់ជាហូរហែរថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហមក្នុងបំណងការពារដល់អតីតមន្ត្រីខ្មែរក្រហមមួយចំនួនដែលមានឋានន្តរសក្តិខ្ពស់ក្នុងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕
