នាយក​រដ្ឋមន្ត្រី​ក្រើន​រំឭក​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​បាន​ក្រើន​រំឭក​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​បង្កើន​ការ​បង្រ្កាប​សកម្មភាព​ចែកចាយ​គ្រឿង​ញៀន និង​ការ​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​តូចៗ ទន្ទឹម​គ្នា​ជាមួយ​នឹង​ការ​បង្ក្រាប​អំពើ​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំៗ។

ការ​ក្រើន​រំឭក​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​ពិធី​សន្និបាត​ប្រចាំ​ឆ្នាំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ឆ្នាំ​២០០៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១០ ដែល​មាន​មន្រ្តី​ប្រឆាំង​គ្រឿង​ញៀន​ស្នងការ​នគរបាល​ខេត្ត​ក្រុង, ប៉េអឹម, អភិបាល​ខេត្ត​ក្រុង, មន្រ្តី​ខណ្ឌ, តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​អង្គការ​សហប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​សរុប​ទាំង​អស់​ជាង ៣០០​នាក់​នៅ​ឯ​ក្រសួង​មហាផ្ទៃ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ព្រមាន​ថា មន្រ្តី​ជាន់​ខ្ពស់​នានា​នៅ​ពី​ក្រោយ​ខ្នង​អំពើ​ជួញដូរ​គ្រឿង​ញៀន​ត្រូវតែ​ដក​ខ្លួន​ចេញ​ពី​អំពើ​នេះ។ មាន​តែ​កូនៗ​របស់​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​តែ​សេព​គ្រឿង​ញៀន។

លោក​បាន​បន្ត​ថា ៖ «អា​ទៅ​ទាំង​តោន ទៅ​ទាំង​រយ​គីឡូ ទៅ​ទាំង​រាប់​គីឡូ អា​ហ្នឹង​រឿង​មួយ​ផ្សេង។ ក៏​ប៉ុន្តែ​អា​ទៅ ២០​គ្រាប់ ៣០​គ្រាប់ អា​តូច​តាច​នេះ អា​ហ្នឹង​គឺ​ជា​រឿង​ដែល​ត្រូវ​វ៉ៃ មិន​អាច​ចៀសវាង​បាន​ទេ ព្រោះ​ចំណុច​នេះ​មិន​ត្រូវ​មើល​ស្រាល​ទេ ហើយ​ចំណុច​ទាំង​អស់​នេះ​វា​ពាក់ព័ន្ធ​នៅ​នឹង​មូលដ្ឋាន​ផ្ទាល់​របស់​គេ។ យើង​ខិតខំ​ទៅ​មើល​ដើម្បី​ឲ្យ​សហគមន៍​របស់​យើង​គ្មាន​គ្រឿង​ញៀន»

នៅ​មុន​ការ​ប្រកាស​ក្រើន​រំឭក​នោះ លោក កែ កឹមយ៉ាន ជា​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «អង្គ​សន្និបាត​បាន​សម្រេច​ចិត្ត​បង្កើន​សកម្មភាព​ថែម​ទៀត​នៅ​ក្នុង​ការ​ដោះស្រាយ​ចំណុច​ប្រឈម​នានា និង​បន្ត​ពង្រឹង​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លង​មក ដើម្បី​រួម​ចំណែក​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ ការ​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម»

នៅ​ជុំវិញ​ស្ថានការណ៍​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «យើង​ត្រូវ​ដាក់​កំហុស​ទៅ​លើ​អ្នក​ដែល​នាំ​ចូល អ្នក​ដែល​ស៊ុមគ្រលុំ​គ្នា​ចរាចរ​គ្រឿង​ញៀន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រើប្រាស់ យើង​ប្រើ​វិធី​សាស្ត្រ​អប់រំ ប៉ុន្តែ​ការ​ដែល​នាំ​ចូល​ហ្នឹង​មិន​មែន​ធម្មតា​ទេ! គេ​មាន​បណ្ដាញ គេ​មាន​បក្ស​ពួក គេ​មាន​ខ្សែ​រយៈ​របស់​គេ​ហ្នឹង មាន​ពេល​ខ្លះ​ទៅ​ស្ថិត​នៅ​ក្នុង​អ្នក​ដែល​មាន​អំណាច​ថែម​ទៀត​ផង។ ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​មើល​អំពើ​ពុក​រលួយ យើង​ត្រូវ​ពិនិត្យ​មើល​ប្រព័ន្ធ​តុលាការ ពិនិត្យ​មើល​ប៉ូលិស​ដែល​ឆ្លៀត​ឱកាស​នេះ​ដើម្បី​កេង​ប្រវ័ញ្ច ហើយ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ដ៏​ច្រើន​ទៅ​លើ​គំនរ​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ»

កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រទេស​កម្ពុជា​បាន​បង្រ្កាប​ទីតាំង​ផលិត​គ្រឿង​ញៀន​និង​ពិសោធ​គ្រឿង​ញៀន​បាន​ចំនួន ៥​កន្លែង នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​តាកែវ។

ក្រុម​មន្រ្តី​ប្រឆាំង​គ្រឿង​ញៀន​និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថៃ្ង​ពុធ​នេះ បាន​ប្រកាស​បញ្ជាក់​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្រ្កាប​នូវ​រាល់​ការ​ចម្រាញ់​ប្រេង​ម្រះព្រៅ​ភ្នំ ដែល​ជា​សារធាតុ​អាច​ផលិត​ជា​គ្រឿង​ញៀន​បាន។

សន្និបាត​នៅ​ថៃ្ង​ពុធ​នេះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការ​ប្រឹងប្រែង ក្នុង​ការ​ទប់​ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀន កាត់​បន្ថយ​ទីផ្សារ តម្រូវការ​គ្រឿង​ញៀន និង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​គ្រឿង​ញៀន។

ប្រទេស​កម្ពុជា​មាន​មណ្ឌល​ស្តារ​នីតិ​សម្បទា និង​មណ្ឌល​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន ១១​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​មាន​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​រវាង ១.២០០​នាក់ ទៅ ១.៥០០​នាក់។ គេ​បាន​ប៉ាន់​ស្មាន​ថា អ្នក​ញៀន​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្រៅ​មណ្ឌល មាន​ចំនួន​ពី ៦.៥០០​នាក់ ទៅ ៧.០០០​នាក់ ឬ​គុណ​ទ្វេ​ដង ឬ ៣​ដង​ឯ​ណោះ៕