កម្ពុជា​បន្ត​ការហាម​ប្រាម​មិន​ឲ្យ​មាន​ការប្រឡង​បវរ​កញ្ញា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ជា​ថ្មី​ទៀត​នូវ​ការហាម​មិន​ឲ្យ​មាន​ការហែ​សម្តែង​ប្រកួត​ប្រជែង​ផ្នែក​សម្រស់​យ៉ាង​គគ្រឹក​គ្រេង ដោយ​លោក​ហៅ​ការប្រកួត​ប្រជែង​លើក​មុន​នោះ​ថា​ជា «សំណាង​អាក្រក់​ចង្រៃ»។

លោក​មាន​ប្រសាសន៍​លើក​ឡើង​ថា កាល​ការ​ប្រកួត​ប្រជែង​ជ្រើសរើស​បវរ​កញ្ញា​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៣ គឺ​មាន​ការចង្រៃ។ ហើយ​លោក​បាន​ចង្អុល​ទៅ​ដល់​ករណី​ដែល​សាល​មហោ​ស្រព​ទន្លេ​បាសាក់ នៅ​ក្រុង​ភ្នំពេញ បាន​ត្រូវ​ឆេះ បន្ទាប់​ពី​មាន​ការ​ជ្រើសរើស​បវរ​កញ្ញា​នៅ​ក្នុង​សាល​មហោស្រព​ទន្លេ​បាសាក់​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ. បាន​រាយការណ៍​ពី​ថ្ងៃ​សុក្រ ២៦ កញ្ញា​ថា ក្នុង​សម័យ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី នៅ​ភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា ៖ «សូម​កុំ​ទៅ​ចំណាយ​លុយ​លើ​ការ​ជ្រើសរើស​បវរ​កញ្ញា​នោះ​ធ្វើ​អី។ សូម​វិល​ទៅ​រៀបចំ​ការប្រណាំង​ទូក​ទៅ​វិញ​ទៅ»។

លោក​នាយក​រដ្ឋមន្ត្រី បាន​លុប​ចោល​ផែនការ​ជ្រើស​រើស​បវរ​កញ្ញា​កម្ពុជា នៅ​ឆ្នាំ​២០០៦ ដោយ​លោក​ថា​ ការ​ជ្រើសរើស​នោះ​បង្ក​ការចំណាយ​លុយ​អត់​ប្រយោជន៍ ហើយ​ថា យក​លុយ​នោះ​ទៅ​ចំណាយ​លើ​ផ្នែក​កសិកម្ម​វិញ វា​ល្អ​ប្រសើរ​ជាង។

លោក​ក៏​លើក​ឡើង​ដែរ​ថា នឹង​មិន​ឲ្យ​មាន​ការប្រកួត​ប្រជែង​ផ្នែក​សម្រស់​នោះ​ទេ រហូត​ដល់​ពេល​ណា​ដែល​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ត្រូវ​កាត់​បន្ថយ​អស់​ជាង​ពាក់​កណ្តាល​សិន។

នៅ​កម្ពុជា ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​ប្រមាណ ១៣​លាន ៤​សែន​នាក់ មាន​ប្រជាជន​ជាង ៣០% រស់នៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក៕