លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃពុធ ទី៤ ខែសីហា បានថ្លែងបន្ធូរបន្ថយភាពតានតឹងសង្គ្រាមពាក្យសម្ដីរវាងកម្ពុជា និងថៃ ដោយស្នើឲ្យប្រជាពលរដ្ឋកុំព្រួយបារម្ភពីការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារខ្មែរ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការចម្រូងចម្រាសរឿងចុះបញ្ជីគ្រប់គ្រងប្រាសាទព្រះវិហារខ្មែរ នៅឯប្រទេសប្រេស៊ីល ត្រូវបានបញ្ចប់ហើយ ទោះបីបើថៃ នៅតែបន្តប្រឌិតព័តមានមិនពិតជុំវិញការទទួលយកផែនការគ្រប់គ្រងប្រាសាទដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក៏ដោយ។
ប្រសាសន៍របស់លោក ហ៊ុន សែន ធ្វើឡើងក្នុងគ្រាដែលមន្ត្រីជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃអង្គារ ទី៣ ខែសីហា បានព្រមានកងទ័ពថៃ កុំឲ្យឈ្លានពានចូលទឹកដីកម្ពុជា បន្ទាប់ពីថៃ បានបញ្ជូនកងទ័ពប្រយុទ្ធរបស់ខ្លួនមកតំបន់ជម្លោះនៅក្បែរប្រាសាទព្រះវិហារ។
លោក ហ៊ុន សែន បន្ថែមថា ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន សូមកុំឲ្យមានការព្រួយបារម្ភ ពីព្រោះការប៉ះទង្គិចយោធាវាមិនទាន់ឈានមកដល់ទេ។ លោកថា កម្ពុជាមានកាតព្វកិច្ចការពារដឹកដីកម្ពុជា ប៉ុន្តែកម្ពុជានឹងមិនឈ្លានពានទឹកដីរបស់ថៃទេ។
ឆ្លើយតបនឹងលោក ហ៊ុន សែន ទូរទស្សន៍ថៃ Thai Asean News Network បានផ្សាយនៅថ្ងៃពុធ ទី៤ ខែសីហាថា ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ូថេប ថាវស៊ូប៉ាន (Suthep Thuagsuban) នឹងស្វាគមន៍ការចរចាជម្លោះព្រំដែនតំបន់ក្បែរប្រាសាទព្រះវិហារ ប្រសិនបើនាយករដ្ឋមន្ត្រីខ្លួនអនុញ្ញាតឲ្យរូបគាត់ធ្វើការចរចាជាមួយកម្ពុជា។
លោក ស៊ូថេប ថាវស៊ូប៉ាន បានបន្តថា ថៃនៅតែបន្តប្រកាន់គោលការណ៍សន្តិភាពជាមួយប្រទេសជិតខាង ដូច្នោះរដ្ឋាភិបាលថៃ និងភ្នំពេញ ត្រូវតែស្វែងរកដំណោះស្រាយល្អក្នុងការដោះស្រាយជម្លោះព្រំដែន។ លោកថា រដ្ឋាភិបាលថៃ ត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយកម្ពុជា ហើយលោកត្រៀមខ្លួនជួបជាមួយលោក ហ៊ុន សែន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍នៅថ្ងៃពុធដែរថា កម្ពុជាក៏ត្រៀមជាស្រេចដើម្បីជជែកជាមួយភាគីថៃ ហើយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង នឹងជជែកជាមួយលោក ស៊ូថេប ថាវស៊ូប៉ាន។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា និងថៃ នៅមិនទាន់មានគម្រោងជួបចរចាពិតប្រាកដនៅឡើយទេនៅថ្ងៃពុធនេះ។
ភាពតានតឹងផ្នែកយោធានៅតំបន់ក្បែរប្រាសាទព្រះវិហារខ្មែរ បានកើតឡើងបន្ទាប់ពីគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសប្រេស៊ីល បានជំទាស់មិនឲ្យគណៈកម្មាធិការនេះ ទទួលយកផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ខ្មែរ។
ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានចាប់ផ្ដើមបន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រទេសថៃ បានបញ្ជូនកងទ័ពរាប់រយនាក់ចូលលុកលុយទីវត្តខ្មែរ នៅក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ កងទ័ពកម្ពុជា និងថៃ ធ្លាប់ប្រយុទ្ធគ្នាជាច្រើនលើកមកហើយ ដែលបណ្ដាលឲ្យកងទ័ពរបស់ប្រទេសទាំងពីរស្លាប់ និងរបួសជាច្រើននាក់៕
