លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ទេសចរអន្តរជាតិបានចូលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០០៨ មាន២.០២៥.៤៦៤នាក់ បើប្រៀបធៀបទៅឆ្នាំ២០០៧ គឺកើនឡើង៥,៥% ហើយក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០០៩ គឺមាន១.៩២៦.៦១៥នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ គឺកើនឡើង១,៦%។ លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា ការកើនឡើងនៃទេសចរបរទេសនេះ បានធ្វើឲ្យចំណូលថវិកាមានការកើនឡើងផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ចំណូលពីវិស័យទេសចរណ៍កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលបានកើនឡើងពី ៥៧៨លានដុល្លារនៅឆ្នាំ២០០៤ ដល់ ១៥៩៤លានដុល្លារឆ្នាំ២០០៨ ផ្ដល់ការងារប្រមាណជាង៣០ម៉ឺននាក់ និងរួមចំណែកប្រមាណជាង ១២,៥% នៃផលិតផលសរុបក្នុងស្រុក»។
លោក ហ៊ុន សែន ថ្លែងទៀតថា ចំណូលពីវិស័យទេសចរណ៍គឺជាការដាក់បញ្ចូលភ្លាមៗនូវរូបិយប័ណ្ណបរទេសទៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ដែលជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ហើយចំណូលនេះជ្រាបចូលគ្រប់សមាសភាពស្ថាប័នសេដ្ឋកិច្ច។
ទាក់ទងនឹងសំណួរថា តើប្រជាពលរដ្ឋខ្មែរបានទទួលអត្ថប្រយោជន៍ផ្ទាល់ពីចំណូលនៃវិស័យទេសចរណ៍នេះប៉ុណ្ណាដែរ លោក សុន ឆ័យ អ្នកតំណាងរាស្ត្រពីគណបក្សសមរង្ស៊ី បានឲ្យដឹងថា ភាគច្រើននៃការចាយវាយរបស់ទេសចរបរទេស គឺបានទៅលើអ្នកវិនិយោគបរទេសដែលមកបណ្តាក់ទុននៅកម្ពុជា។
លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «ពាក់ព័ន្ធនឹងទេសចរណ៍ហ្នឹងគឺភាគច្រើននៅក្នុងកណ្ដាប់ដៃបរទេស។ ឧទាហរណ៍ ការប្រើប្រាស់យន្តហោះ ខ្មែរយើងមិនមានយន្តហោះដើម្បីដឹកភ្ញៀវទេ គឺយន្តហោះបរទេសជាអ្នកនាំមក ហើយភាគច្រើនគឺគេស្នាក់នៅអូតែលបរទេស ជាពិសេសតំបន់អង្គរនេះ ច្រើនមានអូតែលកូរ៉េ ថៃ អូតែលរបស់បារាំង ឬក៏អូតែលរបស់យៀកណាមជាដើម ហើយបើយើងចូលមើលប្រាសាទអង្គរ គឺក្រុមហ៊ុនឯកជន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ ក្រុមហ៊ុនសាខារបស់សូគីម៉ិច ដែលជាអ្នកប្រមូលលុយពីប្រាសាទអង្គរហ្នឹង»។
ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះក្រុងត្រាប្រគល់សិទ្ធិឲ្យក្រុមហ៊ុន សុខាអូតែល ជាអ្នកប្រមូលប្រាក់ចំណូលដែលបានមកពីភ្ញៀវទេសចរណ៍បរទេសទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត។ តាមការស្រាវជ្រាវ អ្នកតំណាងរាស្ត្រ សុន ឆ័យ បានអះអាងថា ក្រុមហ៊ុន សុខាអូតែល ប្រមូលបានបា្រក់ពីការទិញសំបុត្រប្រមាណ ៧០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ហើយក្រុមហ៊ុននេះបានប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជាតែប្រមាណ ២៥លានដុល្លារប៉ុណ្ណោះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «តាមតួលេខដែលយើងសិក្សា អាចប្រមូលលុយពីប្រាសាទហ្នឹងប្រហែលជា ៧០លាន(ដុល្លារ) ប៉ុន្តែក្នុងតួលេខដែលក្រុមហ៊ុននេះទើបតែបង់ឲ្យរដ្ឋហ្នឹងឡើងបានប្រហែលជា ២៥លានទេ ចុងក្រោយនេះ។ ដូច្នេះយើងឃើញថា មានការបំបាត់ជាច្រើន»។
អ្នកតំណាងរាស្ត្រ សុន ឆ័យ បានបន្តទៀតថា គេមិនដឹងទេថា តើប្រាក់ដែលប្រមូលបានពីការលក់សំបុត្រប្រមាណ ៤៥លានដុល្លារក្នុងមួយឆ្នាំទៀតនោះ អាចធ្លាក់ទៅក្នុងការឃុបឃិតប្រព្រឹត្តអំពើពុករលួយរវាងមន្ត្រីរដ្ឋាភិបាលដែលទទួលខុសត្រូវជាមួយក្រុមហ៊ុន សុខាអូតែលនោះឬទេ។
លោក សុន ឆ័យ បានអះអាងថា ៖ «អាហ្នឹងគេយក ដោយសារតែទី១ គឺរបៀបនៃការកត់ត្រានូវចំនួនសំបុត្រដែលគេលក់ឲ្យទេសចរហ្នឹងគឺគ្មានការត្រួតពិនិត្យ ហើយទី២ កិច្ចសន្យារវាងក្រុមហ៊ុនជាមួយរដ្ឋាភិបាលហ្នឹង គឺផ្ដល់សិទ្ធិឲ្យគេយកចំណេញច្រើន ម៉្លោះហើយគេអាចបន្លំ។ ទី២ គឺថា កិច្ចសន្យាយើងអត់មានធានាអំពីផលឲ្យមករដ្ឋហ្នឹងឲ្យបានត្រឹមត្រូវ។ អាជ្ញាធរអប្សរានេះគឺត្រូវបានចំណែកមន្ត្រីដែលទទួលខុសត្រូវទេ ហើយអាជ្ញាធរអប្សរានេះជាអាជ្ញាធរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯកឧត្ដម សុខ អាន តែម្ដង។ យើងយល់ថា វាប្រហែលជាអាចត្រូវរ៉ូវដោយប្រភេទណាមួយ ហើយយើងទាមទារឲ្យមានការស៊ើបអង្កេត»។
លោក សុន ឆ័យ បានបន្ថែមថា ដើម្បីឲ្យមានតម្លាភាពអំពីចំនួនប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត និងការចាត់ចែងថវិកានេះ លោកបានសើ្នសុំឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការមួយស៊ើបអង្កេតបញ្ហានេះ ប៉ុន្តែសំណើរបស់លោកពុំបានទទួលស្វាគមន៍ឡើយ៕
