ថ្លែងយ៉ាងដូច្នេះនៅឯសណ្ឋាគារភ្នំពេញ ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១០ ដើម្បីពិចារណាលើសមិទ្ធផលនិងអនាគតរបស់ប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យបញ្ឈប់ការជ្រើសរើសបុគ្គលិកមន្ត្រីរាជការខ្មែរពីពេលនេះតទៅ ដោយរើសចូលតែក្រុមគ្រូពេទ្យនិងគ្រូបង្រៀនប៉ុណ្ណោះ នៅក្នុងផែនការសន្សំសំចៃថវិការបស់រដ្ឋ។
លោក ហ៊ុន សែន បានថ្លែងថា ៖ «អនុញ្ញាតឲ្យរើសតែគ្រូនិងពេទ្យតែប៉ុណ្ណឹង ឯស្ថាប័ននានា បើថាមាន១០០នាក់ ចូលនិវត្តន៍៣០នាក់ ទុក៧០នាក់ធ្វើការ មិនឲ្យរើសថ្មីទេ ព្រោះចំណាយរបស់យើងកន្លងទៅមានលើសពីកម្រិតនៃក្របខ័ណ្ឌម៉ាក្រូហើយ»។
លោកនាយករដ្ឋមន្ត្រីដែលទទួលស្គាល់អំពីការចំណាយដ៏ច្រើនលើសលប់នោះ ទៅលើមន្ត្រីរាជការខ្មែរ ទាំងពីផ្នែកសាំងឡាន ទូរស័ព្ទនិងប្រាក់បេសកកម្ម បានរិះគន់បន្ថែមទៀត ដោយហាមប្រាមឈប់ឲ្យមានមន្ត្រីរាជការខ្មែរទាំងហ្វូងៗធ្វើដំណើរទៅប្រជុំនៅបរទេសទៀតហើយ។ លោកថា មន្ត្រីទាំងនោះបានដេកចាយលើថវិការបស់រដ្ឋដែលមិនមែនជាតម្រូវការចាំបាច់ទាល់តែសោះ ហើយពីពេលនេះតទៅលោកដាក់វិធានការឲ្យតំណាងអង្គទូតខ្មែរប្រចាំប្រទេសនីមួយៗចូលប្រជុំជំនួសនៅពេលដែលមានកិច្ចប្រជុំនៅក្រៅប្រទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ការកាត់បន្ថយការចំណាយនោះមិនប៉ះពាល់ទៅដល់ចរន្តការងាររបស់រដ្ឋាភិបាលឡើយ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ ៖ «មិនជារាំងស្ទះអ្វីទេ ពីព្រោះយើងនៅប្រើអស់ពីសមត្ថភាពដែលយើងមាន លទ្ធភាពដែលយើងមាន»។
ផ្អែកតាមការចំណាយនៅក្នុងក្របខ័ណ្ឌរដ្ឋ គេបានអះអាងថា ការចំណាយបច្ចុប្បន្នឡើងដល់៤៤% នៃការចំណាយចរន្តស្មើនឹង៤,៤% នៃផលទុនក្នុងស្រុកសរុប (GDP) ដែលត្រូវគេចាត់ទុកថា ហួសកម្រិតកំណត់ទៅហើយ។
អ្នកនាំពាក្យគណបក្សប្រឆាំងសមរង្ស៊ី លោក យឹម សុវណ្ណ រិះគន់ថា គណបក្សប្រឆាំងធ្លាប់បានលើកឡើងអំពីការចំណាយប៉ោងឡើងទៅលើមន្ត្រីរាជការជាយូរឆ្នាំមកហើយ ប៉ុន្តែរដ្ឋាភិបាលគ្មានឆន្ទៈបំបាត់វាឡើយ។ លោករំពឹងបន្ថែមថា គេនឹងអនុវត្តបញ្ជារបស់លោកនាយករដ្ឋមន្ត្រីលើកនេះ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា ៖ «បំប៉ោងវិក្កយបត្រ។ វិក្កយបត្រតែមួយទេដាក់ដល់ពីរ ដាក់រហូតដល់តម្លៃ៣ដងនៃតម្លៃពិត ហើយស៊ុមគ្រលុំជាមួយនឹងអ្នកផ្ដល់សេវា អ្នកលក់ទំនិញនេះ គឺថា ធ្វើឲ្យបាត់បង់នូវថវិកាជាតិ ហើយគ្មានការត្រួតពិនិត្យនូវអ្វីទាំងអស់នេះ។ នេះគ្រាន់តែជាបញ្ហាខ្លះៗប៉ុណ្ណឹងទេ ហើយរឿងនេះមិនមែនជារឿងថ្មីទេ ជារឿងចាស់ ដូច្នេះបើបានជាលើកឡើងហើយវាជាការល្អហើយ។ ដូច្នេះសូមឲ្យពាក្យសម្ដីហ្នឹងក្លាយទៅជាការពិត សូមឲ្យពាក្យសម្ដីហ្នឹងក្លាយទៅជាវិធានការជាក់ស្ដែង ដើម្បីធ្វើម៉េចទប់ស្កាត់សន្សំសំចៃថវិកាជាតិ ពីព្រោះថវិកាទាំងអស់ហ្នឹងជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋ»។
មន្ត្រីគណបក្សប្រឆាំងបានលើកឡើងថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលខ្មែរតែងតែជ្រើសរើសបុគ្គលិកមន្ត្រីរាជការជាច្រើនរយនាក់ ប៉ុន្តែការជ្រើសរើសនោះមិនត្រូវបានគេលាតត្រដាងជាសាធារណៈឡើយ។ មន្ត្រីដដែលចោទថា មានការបំប៉ោងតួលេខមន្ត្រីក្នុងនោះ ហើយលោកបានទទូចឲ្យដាក់ទោសអ្នកទាំងឡាយណាដែលលួចបន្លំប្រាក់របស់រដ្ឋក្នុងរឿងបំប៉ោងការចំណាយថវិការដ្ឋនេះ៕