នាយក​រដ្ឋមន្ត្រី​ខ្មែរ​និយាយ​អំពី​ជំនួប​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ឲ្យ​ដឹង​ថា លោក​ទំនង​ជា​នឹង​មិន​អាច​ទៅ​ចូលរួម​ក្នុង​ជំនួប​កំពូល​នៃ​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា ដែល​បាន​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រីថៃ លោក ABHISIT VEJJAJIVA ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​មាត់​សមុទ្រ​ហួហ៊ិន បាន​ទេ។

លោក​បាន​ឲ្យ​ហេតុផល​ដូច្នេះ​ថា ៖ «គ្រាន់​តែ​ប្រជុំ​ដើម្បី​ប្រជុំ​យើង​មិន​ចាំ​បាច់​ប្រជុំ​ទេ វា​ខាត​ពេល​វេលា ខ្ញុំ​មិន​អាច​ទៅ​កាន់​ប្រទេស​ថៃ រហូត​ដល់ ៣​ដង ក្នុង​មួយ​ឆ្នាំ​ទេ ព្រោះ​ខ្ញុំ​មាន​ការងារ​របស់​ខ្ញុំ​ដែរ ហើយ​ក៏​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត ក៏​មាន​ការ​គិតគូរ​ដូចគ្នា​ដែរ ហើយ​ប្រទេស​បូក​៣ គេ​កំពុងតែ​មាន​ការងារ​របស់​គេ​ផង​ដែរ ប៉ុន្តែ​មេដឹកនាំ​អាស៊ាន​ទៅ​កាន់​ប្រទេស​ថៃ តែ ២​ដង វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ព្រោះ​ប្រទេស​ថៃ ត្រូវ​ប្រជុំ ២​ដង ប៉ុន្តែ​បើ​ប្រជុំ​បែប​នេះ វា​នឹង​ឡើង ៣​ដង​ហើយ ហើយ​ខ្ញុំ​មិន​មាន​លទ្ធភាព​ទេ ហើយ​ប្រហែល​ជា​លទ្ធភាព​ទៅ​ហួហ៊ីន បើ​សិន​ជា​ប្រជុំ​បែប​នេះ លទ្ធភាព​ដែល​ខ្ញុំ​មិន​ទៅ​មាន​ច្រើន​ជាង​ទៅ អាហ្នឹង​ខ្ញុំ​អាច​បញ្ជាក់​មិន​ទាន់​ដាច់​ណាត់ ក៏​ប៉ុន្តែ​ព្រោះ​គ្រាន់​តែ​ប្រជុំ​តែ​១០ អត់​មាន​ដៃគូ ប្រហែល​ជា​គ្មាន​សារសំខាន់​ចាំបាច់​ដើម្បី​ធ្វើការ​ប្រជុំ​ទេ»

សូម​បញ្ជាក់​ថា ដោយសារ​តែ​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង ប្រទេស​ថៃ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​កាល​បរិច្ឆេទ​និង​ទីកន្លែង​ប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំ​ជា​ញឹកញយ៕