មានប្រសាសន៍នៅឯអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទីមួយ នាថ្ងៃទី២៦ កញ្ញានេះ លោកនាយករដ្ឋមន្ត្រីបានបំភ្លឺក្នុងសុន្ទរកថា ដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរថា ច្បាប់ប្រឆាំងអំពើពុករលួយនឹងត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីការអនុម័ត បន្ទាប់ពីរដ្ឋសភាអនុម័តក្រមព្រហ្មទណ្ឌរួចរាល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «ច្បាប់ប្រឆាំងអំពើពុករលួយត្រូវអនុម័តនៅគណៈរដ្ឋមន្ត្រី រួចហើយបញ្ជូនទៅសភាតាមក្រោយ ពិភាក្សាច្បាប់ក្រមព្រហ្មទណ្ឌហើយស្រេច គឺពិភាក្សាច្បាប់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងសភាតែម្ដង»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ច្បាប់ប្រឆាំងអំពើពុករលួយតែមួយមិនអាចទប់ស្កាត់អំពើពុករលួយនោះបានឡើយ ហើយទាមទារឲ្យមានការអនុវត្តរាល់ច្បាប់ទាំងអស់ឲ្យមានប្រសិទ្ធភាព។
ប្រធានកម្មវិធីប្រឆាំងអំពើពុករលួយរបស់អង្គការ Pact កម្ពុជា លោក សេក បរិសុទ្ធ បានស្វាគមន៍ចំពោះការប្ដេជ្ញារបស់រដ្ឋាភិបាលថ្មី ក្នុងការអនុម័តប្រឆាំងអំពើពុករលួយនោះ។
ទោះជាយ៉ាងណា លោក សេក បរិសុទ្ធ បានទាមទារឲ្យមានការធានាពីឯករាជ្យរបស់ស្ថាប័នប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការនិងការការពារដល់អ្នកដែលរាយការណ៍ពីអំពើពុករលួយ។
លោក សេក បរិសុទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «បើនឹងអនុម័ត គប្បីមានការពិនិត្យឡើងវិញដើម្បីកែប្រែចំណុចមួយចំនួនទៅតាមអនុសាសន៍របស់សង្គមស៊ីវិលដែលបានលើកឡើងពីដើមមកដើម្បីឲ្យសេចក្ដីព្រាងច្បាប់នោះបានល្អ ហើយសមស្របទៅតាមបទដ្ឋានអន្តរជាតិ ជាពិសេសទាក់ទងបីចំណុចសំខាន់ គឺទាក់ទងនឹងឯករាជភាពនៃស្ថាប័នប្រឆាំងអំពើពុករលួយ ទីពីរទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ ហើយទីបីទាក់ទងនឹងការការពារដល់សាក្សី ឬអ្នកដែលរាយការណ៍ប្ដឹងផ្ដល់ពីរឿងពុករលួយ»។
គួរជម្រាបថា ច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានព្រាងតាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ហើយរហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលនៅតែទទួលរងការរិះគន់ថា មិនព្រមអនុម័តច្បាប់នេះដើម្បីលុបបំបាត់អំពើពុករលួយ។
កាលពីឆ្នាំ២០០៧ អង្គការឃ្លាំមើលអំពើពុករលួយមួយដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ឈ្មោះអង្គការ តម្លាភាពអន្តរជាតិ ឬ Transparency International បានចាត់ថ្នាក់ស្ថានភាពអំពើពុករលួយរបស់ប្រទេសកម្ពុជា ក្នុងលេខរៀងទី១៦២ ក្នុងចំណោម ១៨០ប្រទេស ហើយបើតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិនេះដដែល ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ កញ្ញា ២០០៨ថ្មីៗនេះ បានឲ្យដឹងថា ស្ថានភាពនៃអំពើពុករលួយនៅកម្ពុជា កាន់តែមានសភាពធ្ងន់ធ្ងរតទៅទៀត ដោយស្ថិតក្នុងលេខរៀងទី១៦៦ ក្នុងចំណោម ១៨០ប្រទេស។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកកាសែតក្នុងឱកាសដែលលោកត្រូវបានសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ កញ្ញានោះថា លោកមិនមានអ្វីភ្ញាក់ផ្អើលចំពោះរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិនោះឡើយ៕
