ថ្លែងទៅកាន់មនុស្សជាច្រើននាក់ដែលចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី៩ ស្តីពីសុខភាពកម្ពុជានៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅក្រុងភ្នំពេញដោយមានភ្ញៀវបរទេសចូលរួមជាច្រើននាក់ផងនោះ លោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា ការដែលមានប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យនៅបរទេសនោះ មិនមែនជាសញ្ញាល្អចំពោះវិស័យសុខាភិបាលរបស់កម្ពុជានោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំសង្កេតឃើញថា ប្រជាជនមានការបាត់បង់ទំនុកចិត្ត លើការព្យាបាលរបស់គ្រូពេទ្យ វេជ្ជបណ្ឌិតកម្ពុជា ដោយសារការមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យមួយចំនួន។ ឧទាហរណ៍ដូចជា គ្រូពេទ្យចិញ្ចឹមជំងឺដើម្បីទទួលបានប្រាក់កម្រៃព្យាបាលឲ្យបានច្រើន ការទុកអ្នកជំងឺចោល ដោយមិនអើពើ ប្រសិនបើគ្មានប្រាក់ ការនិយមការវះកាត់ដោយមិនចាំបាច់ ដោយយកប្រាក់ ការគិតលុយជាធំពេក ក្នុងការព្យាបាលអ្នកជំងឺ។ល។ និង ។ល។ ការបាត់បង់ទំនុកចិត្ត លើគ្រូពេទ្យក្នុងស្រុក និងការដែលមានប្រជាពលរដ្ឋយើងកាន់តែច្រើនឡើងៗ ចេញទៅព្យាបាលជំងឺនៅបរទេស មិនមែនជាសញ្ញាល្អ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនោះទេ»។
លោកនាយករដ្ឋមន្រ្តីបានរិះគន់ផងដែរ ចំពោះការប្រកាន់និន្នាការនយោបាយរបស់គ្រូពេទ្យមួយចំនួនក្នុងការព្យាបាលអ្នកជំងឺផងដែរ ៖ «សេវាសុខាភិបាល វាជាផ្នែកមួយនៃវិស័យសេវាសាធារណៈដែរ អ៊ីចឹងទេ ត្រូវធ្វើយ៉ាងម៉េចដើម្បីធានាថា សេវាសាធារណៈសេវាសុខាភិបាល ត្រូវបានផ្ដល់ ហើយមិនមានការរើសអើងរវាងអ្នកមាន អ្នកក្រ ឬនិន្នាការនយោបាយទេ»។
លោក ចាន់ សូវ៉េត មន្រ្តីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សឈ្មោះ អាដហុក បានមានប្រសាសន៍ឲ្យដឹងថា អង្គការរបស់លោកធ្លាប់បានទទួលពាក្យបណ្តឹងជាច្រើនទាក់ទងជាមួយអាកប្បកិរិយាមិនសមរម្យរបស់គ្រូពេទ្យមួយចំនួនទៅលើអ្នកជំងឺផងដែរ។
លោក ចាន់ សូវ៉េត មានប្រសាសន៍ដូច្នេះថា ៖ «ទាក់ទងក្នុងរឿងបញ្ហាពេទ្យនេះ ខ្ញុំបានទទួលករណីជាច្រើនដែរ ទាក់ទងនឹងបញ្ហាបង្ករបួសស្នាមក្ដី ឬក៏រឿងឃាតកម្មអីក្ដី។ យើងទៅដល់មន្ទីរពេទ្យ ពេទ្យចាំបាច់ត្រូវការលុយជាមុន»។
តាមស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតមកទល់ឆ្នាំ២០០៧ កន្លងទៅ នៅប្រទេសកម្ពុជាមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន ៨កន្លែង មន្ទីរពេទ្យថ្នាក់ខែត្រចំនួន ២៤កន្លែង មន្ទីរពេទ្យបង្អែកតាមស្រុកមានចំនួន ៧៤កន្លែង មណ្ឌលសុខភាពមានចំនួន ៩៦៥កន្លែង ប៉ុស្តិ៍សុខភាពមានចំនួន ៩៧កន្លែង វេជ្ជបណ្ឌិតមានចំនួន ២.១៦២នាក់ និងគ្រូពេទ្យមានចំនួន ១.២៦៧នាក់៕
