នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទៅ​ទស្សនកិច្ច​នៅ​គុយវ៉េត​នៅ​ថ្ងៃ​១៣ មករា

លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា នៅ​ក្នុង​ពេល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយវ៉េត នៅ​ថ្ងៃ​១៣ មករា​ខាង​មុខ​នេះ នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ចំនួន ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ប្រទេស​ទាំង​ពីរ។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​នឹង​អម​ដំណើរ​សម្ដេច [ហ៊ុន សែន] ទៅ​គុយវ៉េត​នៅ​ថ្ងៃ​អង្គារ ទស្សនកិច្ច​ក្នុង​ឱកាស​នោះ នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​៣ ហើយ​អាច​៤ ហើយ​ក្នុង​ឯកសារ​៣​នោះ វា​មាន​ការ​ហោះហើរ​ត្រង់ ទេសចរណ៍ មួយ​ទៀត​ខ្ញុំ​មិន​ចាំ ហើយ​ទី​៤ គឺ MOU [អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា]​អំពី​ការ​កសាង​ធារាសាស្ត្រ​នៅ​ស្ទឹងសែន ធារាសាស្ត្រ​ផង និង​វារី​អគ្គិសនី​ផង ដែល​មាន​លុយ​ជាង ៣០០​លាន​ដុល្លារ»

តាម​ប្រភព​ព័ត៌មាន​ពី​មន្រ្តី​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្រ្តី​និង​ប្រតិភូ នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៦ មករា៕