នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី២០ ខែសីហា បានព្រមាននឹងដកមន្ត្រីរដ្ឋាភិបាល កងទ័ព និងនគរបាលណា ដែលបានអន្តរាគមន៍ឲ្យមានការផ្លាស់ប្តូរ ឬតែងតាំងតំណែងមិនប្រក្រតីក្នុងស្ថាប័នរដ្ឋទាំងនោះ។ ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានមន្ត្រីរដ្ឋាភិបាលបាននិងកំពុងអន្តរាគមន៍ ដើម្បីទទួលបានតំណែងជំនួសពីមន្ត្រីរដ្ឋាភិបាល កងទ័ព និងនគរបាលណាដែលបានចូលនិវត្តន៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២១ ខែសីហាថា វិធានការរបស់លោក ហ៊ុន សែន ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងលើកទឹកចិត្តដល់មន្រ្តីសកម្មដែលបានបំពេញការងារមានប្រសិទ្ធភាព។
លោក ផៃ ស៊ីផានបន្ថែមថា លោកហ៊ុន សែន នឹងបណ្ដេញចេញភ្លាម ទាំងមន្ត្រី អន្តរាគមន៍ ឲ្យបុគ្គល ចូលធ្វើការងារក្នុងស្ថាប័នរដ្ឋ កងទ័ព និង នគរបាល និងមន្រ្តីដែលទទួលបានតំណែង មកពីការអន្តរាគមន៍ទាំងនោះ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃសៅរ៍នេះដែរថា ប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈពិតប្រាកដដើម្បីបំបាត់ការអន្តរាគមន៍តែងតាំងតំណែងនោះ លោក ហ៊ុន សែន ត្រូវតែឈប់ចុះហត្ថលេខាតែងតាំងមន្ត្រីទាំងនោះបន្តទៀត។ លោកស្រីបន្ថែមថា លោក ហ៊ុន សែន មានបញ្ជីរដ្ឋាភិបាលក្នុងដៃរបស់លោក ដូច្នោះលោកអាចបង្រួញបញ្ជីនេះនៅពេលណាក៏បានដែរ។
លោកស្រី មូរ សុខហួរ បន្ថែមថា បច្ចុប្បន្ននេះរដ្ឋាភិបាលបានតែងតាំងមន្ត្រីរដ្ឋាភិបាល និងដំឡើងឋានៈមន្ត្រីយោធាច្រើនហួសហេតុពេក ដែលបណ្ដាលឲ្យប៉ះពាល់ដល់ថវិកាជាតិ។ ការកាត់ចំណាយពីមន្ត្រីទាំងនោះអាចយកថវិកាជាតិមកប្រើប្រាស់លើវិស័យសំខាន់ រួមមានវិស័យកសិកម្ម អប់រំ និងសុខាភិបាល។
ការព្រមានដកមន្ត្រីពុករលួយរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយពេលដែលលោក ហ៊ុន សែន បានប្រកាសផ្អាកការតែងតាំង និងរើសបុគ្គលិករដ្ឋគ្រប់ក្រសួងបន្ថែមទៀត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១០ ដោយសារការចំណាយបុគ្គលិកមានចំនួនលើសពីការកំណត់កាលពីឆ្នាំ២០០៩។
កាលពីខែឧសភា ការធ្វើជំរឿនរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានរកឃើញមន្ត្រីរាជការខ្មោច ឬមន្ត្រីរាជការមានតែឈ្មោះប្រហែល ២ពាន់នាក់ក្នុងក្រសួងចំនួន ២០។ មន្ត្រីរាជការខ្មោច ឬមន្ត្រីរាជការមានតែឈ្មោះ បានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ថវិកាប្រមាណ ២លានដុល្លារក្នុងមួយឆ្នាំៗ៕