ហ៊ុនសែន​ព្រមាន​មន្រ្តី​យោធា​ឲ្យ​ឈប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់

ប្រមុខ​រដ្ឋាភិបាល​​​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ បាន​ព្រមាន​ដល់​មន្ត្រី​យោធា​ខ្មែរ​ឲ្យ​បញ្ឈប់​ការ​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​បង្រ្កាប​ចំពោះ​​ពួក​ឈ្មួញ​កាប់​ឈើ​លក់​ដូរ​ខុស​ច្បាប់។

លោក ហ៊ុន សែន បាន​ប្រសាសន៍​ថា នេះ​ជា​បទបញ្ជា​យ៉ាង​ហ្មឺងម៉ាត់​ឲ្យ​កងទ័ព​ទាំង​អស់​ជួយ​ការពារ​ព្រៃ​ឈើ មិន​ត្រឹម​តែ​តំបន់​ខេត្ត​ព្រះវិហារ​ទេ គឺ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ​ទាំង​អស់។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «អំពាវនាវ​ឲ្យ​កងទ័ព​ជួយ​បង្រ្កាប​ក្រុម​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ ដូច្នេះ​ទាំង​នាយ​ទាហាន ពល​ទាហាន​ទាំងអស់ ត្រូវ​ចូល​រួម​បង្រ្កាប​ពួក​ទុច្ចរិត រាប់​ទាំង​មេ​បញ្ជាការ​ខ្លួន​ឯង​ដែល​ធ្វើ​ខុស ផល​ប្រយោជន៍​បាន​ទៅ​លើ​មេបញ្ជាការ​ពុករលួយ​នោះ​ទេ មិនមែន​បាន​មក​លើ​កូន​ទាហាន​ទេ ហើយ​ប្រើប្រាស់​សម្ភារៈ​របស់​ព័ទ​ដើម្បី​កាប់។ អ៊ីចឹង​ទេ​ត្រូវ​មើល មេ​ខ្លោង​នៅ​ត្រង់​ណា​តំបន់​ត្រពាំង​ប្រាសាទ​ហ្នឹង? បើ​ចាំ​បាច់​ត្រូវ​ប្រើ​បច្ចេកទេស​ជាន់​ខ្ពស់ បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចាប់​ទំនាក់​ទំនង បំផ្លាញ​ចោល​មេ​បណ្ដាញ​របស់​វា​ដែល​​មក​តាំង​ពី​កំពង់ចាម កំពត តាកែវ មក​ធ្វើ​មេខ្លោង​រក​ស៊ី​កាប់​ឈើ​នៅ​នេះ»

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​ដោយសារ​តែ​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ពី​ក្រុម​ឈ្មួញ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ បណ្តាល​ឲ្យ​ថៃ​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​និង​បាញ់​ស្លាប់​ទៀត​ផង៕