នាយក​រដ្ឋមន្ត្រី​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី

លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​បាន​មាន​ប្រសាសន៍​ព្រមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ថា ការ​ដែល​តុលាការ​កម្ពុជា​កោះហៅ​លោក សម រង្ស៊ី មក​សាកសួរ​អំពី​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​គឺ​ជា​រឿង​ស្រាល​ទេ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​តុលាការ​នៅ​ស្រុក​គេ​វិញ គឺ​គេ​អាច​រំលាយ​គណបក្ស​ប្រឆាំង​បាន។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​១ ឲ្យ​ប្រើប្រាស់​និង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​បន្ត​នៅក្នុងស្រុកកៀនស្វាយ ខែត្រកណ្តាល នាព្រឹក​ថ្ងៃទី៥ មករា។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ព្រមាន​ថា ៖ «រួច​ដាក់​មក​ត្រូវ​គេ ដល់​គេ​ប្រើ​តុលាការ​ដោះស្រាយ​បញ្ហា ថា​ប្រើ​តុលាការ​គាប​សង្កត់! តុលាការ​ប្រទេស​ខ្លះ​មិន​មែន​គ្រាន់​តែ​ផ្ដន្ទា​ទោស​បុគ្គល​ទេ តុលាការ​ប្រទេស​ខ្លះ​រំលាយ​ដល់​បក្ស​នយោបាយ​ឯ​ណោះ គេ​ប្រើ​រំលាយ​បក្ស​នយោបាយ ឬ​ហាម​ឃាត់​សិទ្ធិ​អ្នក​នយោបាយ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ទៀត​ផង។ តុលាការ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណឹង​មាន​អី​ខ្លាំង!»

លោក យឹម សុវណ្ណ ជា​មន្រ្តី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង បាន​បំភ្លឺ​ថា តុលាការ​នៅ​ប្រទេស​គេ​មួយចំនួន​អាច​រំលាយ​គណបក្ស​ប្រឆាំង​បាន ប៉ុន្តែ​គឺ​តុលាការ​នោះ​ឯករាជ ហើយ​អាច​ចាប់​យក​មន្រ្តី​ពុក​រលួយ​មក​ផ្តន្ទា​ទោស​បាន​ដែល​ខុស​អំពី​តុលាការ​កម្ពុជា។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «តុលាការ​យើង​ដែល​មតិ​ជាតិ មតិ​អន្តរជាតិ មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច ដែល​ប្រើប្រាស់​សម្រាប់​តែ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង។ យើង​ខ្ញុំ​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​ឯកឧត្ដម សម រង្ស៊ី ជា​ប្រធាន គឺ​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ជាតិ ជា​ពិសេស​គឺ​ការ​ការពារ​នូវ​បូរណភាព​ទឹក​ដី ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ការពារ​ដី​ដែល​ប្រជាពលរដ្ឋ​បាត់បង់​ដោយសារ​បោះ​បង្គោល​ព្រំដែន។ នេះ​ជា​ទង្វើ​ស្នេហា​ជាតិ ហើយ​ជា​ទង្វើ​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ»

ជុំវិញ​បញ្ហា​ដែល​លោក សម រង្ស៊ី បាន​ចូលរួម​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ខែត្រ​ស្វាយរៀង កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​មន្រ្តី​ស្ថានទូត​បរទេស​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​មិន​ឲ្យ​លូក​ដៃ​ក្នុង​រឿង​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ៖ «សូម​អស់​លោក ឯកឧត្ដម ឯកអគ្គរដ្ឋទូត ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ សូម​ឲ្យ​មាន​ការ​ថ្លឹងថ្លែង​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​រឿង​នេះ ព្រោះ​រឿង​នេះ​មិន​មែន​រឿង​ធម្មតា! តម្លៃ​គតិយុត្តិ នីត្យានុកូលភាព​របស់​រដ្ឋ​វា​នៅ​ត្រង់​ណា? បាន​ជា​បុគ្គល​ម្នាក់ ២​នាក់ ឬ​មួយ​ក្រុម​តូច​ដែល​អាច​ទៅ​ធ្វើ​រឿង​នេះ​កើត»

លោក សម រង្ស៊ី មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ខែត្រ​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ទី​២៩ ដដែល​នោះ តុលាការ​ខែត្រ​ស្វាយរៀង​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន ឬ​នាំ​ខ្លួន​លោក សម រង្ស៊ី ផងដែរ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​រើសអើង​ពូជ​សាសន៍។

រហូត​មក​ទល់​នឹង​ពេល​នេះ ប្រជាពលរដ្ឋ​នៅ​ខែត្រ​ស្វាយរៀង​ចំនួន ២​នាក់​បាន​ត្រូវ​តុលាការ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​លោក សម រង្ស៊ី ដែរ កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ នៅ​ក្រោយ​ពេល​តុលាការ​បាន​សាកសួរ​ភ្លាមៗ ហើយ​តុលាការ​ខែត្រ​ស្វាយរៀង​ក៏​បង្គាប់​ឲ្យ​អ្នក​ភូមិ​ចំនួន ៣​នាក់​ផ្សេង​ទៀត​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ផងដែរ៕