នាយករដ្ឋមន្ត្រី​ឲ្យ​មេទ័ព​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សុខភាព​កងទ័ព

លោក ហ៊ុន សែន ថ្ងៃ​សុក្រ ទី​១៩ ខែ​សីហា បាន​រំឭក​មេទ័ព​ខ្មែរ​នៅ​តាម​ព្រំដែន​ក្បែរ​តំបន់​ជម្លោះ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សុខភាព​កងទ័ព​នៅ​រដូវ​ភ្លៀង​ធ្លាក់។

លោក ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន ដែល​មាន​សម្ពន្ធភាព​នឹង​កងទ័ព​ឲ្យ​បន្ត​ជួយ​ឧបត្ថម្ភ​យោធា​នៅ​សមរ​ភូមិ​មុខ​បន្ថែម​ទៀត។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​កងទ័ព​កម្ពុជា បន្ត​ធ្វើការ​កែ​សម្រួល​ទ័ព​នៅ​ក្បែរ​តំបន់​ជម្លោះ​ព្រំដែន។

មន្ត្រី​យោធា​ឲ្យ​ដឹង​ថា កងទ័ព​នៅ​ក្បែរ​ប្រាសាទ​តាមាន់ និង​តាក្របី​មួយ​ចំនួន​ត្រូវ​បាន​កែ​សម្រួល និង​កាត់​បន្ថយ​ចំនួន។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​កងទ័ព​កម្ពុជា ត្រូវ​បាន​កែ​សម្រួល​ក្រោយ​ពេល​ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា និង​ថៃ បាន​ថយ​ចុះ ហើយ​ប្រទេស​ថៃ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​មក។

រដ្ឋាភិបាល​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ឲ្យ​មាន​វត្តមាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី នៅ​តំបន់​គ្មាន​យោធា​តំបន់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ៕