លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ពី​ព្រំដែន​និង​ការ​ដោះដូរ​ទឹក​ដី​ជាមួយ​វៀតណាម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​នេះ។
ដោយ សុខ សេរី
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នៅ​សភា​ជាតិ ស្ដីពី​ទីតាំង​ដោះដូរ​ភូមិ និង​ដី​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ខេត្ត​កំពង់ចាម ជាដើម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នៅ​សភា​ជាតិ ស្ដីពី​ទីតាំង​ដោះដូរ​ភូមិ និង​ដី​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ខេត្ត​កំពង់ចាម ជាដើម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​ឆ្លើយ​បំភ្លឺ​នេះ គឺ​លោក ហ៊ុន សែន បាន​ចំណាយ​រយៈពេល​៦ម៉ោង​នៅ​ក្នុង​សភា​ជាតិ ដោយ​មាន​ការ​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​របប​លោក​សេនា​ប្រមុខ លន់ នល់។

នៅ​មុន​លោក​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​ឆ្លើយ​បំភ្លឺ​នោះ ប្រធាន​សភា​ជាតិ​លោក ហេង សំរិន បាន​ប្រកាស​ព្រមាន​ថា វេទិកា​នេះ​មិន​មែន​ជា​វេទិកា​សួរ​ដេញដោល​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ផែនការ​ដោះដូរ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ជាមួយ​ប្រទេស​វៀតណាម ខាង​មុខ​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី ដូច​ការ​ចោទ​ប្រកាន់​របស់​គណបក្ស សម រង្ស៊ី កន្លង​មក​នោះ​ទេ។

រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​កំពុង​តែ​អនុវត្ត​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ កន្លង​ទៅ​នេះ ដែល​បាន​ផ្អែក​លើ​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ យោង​តាម​ផែនទី​ដែល​បាន​តម្កល់​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ កន្លង​មក។

ផ្ទៃ​ដី​សរុប​ដែល​កម្ពុជា​បាន​លយ​ចូល​ប្រទេស​វៀតណាម គឺ​មាន​ចំនួន ៩១៦​ហិកតារ ចំណែក​ឯ​ផ្ទៃ​ដី​សរុប​ដែល​វៀតណាម​លយ​ចូល​កម្ពុជា គឺ​មាន​ចំនួន ២.១៦០​ហិកតារ។ ដូច្នេះ​ហើយ កម្ពុជា និង​វៀតណាម ចាំ​បាច់​ត្រូវ​តែ​ដោះដូរ​ភូមិ ឬ​កាត់​ដី​មួយ​ចំនួន ដើម្បី​ទូទាត់​ឲ្យ​ស្មើ​គ្នា​នា​ពេល​ខាង​មុខ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ធ្ងន់ៗ និង​ម៉ឺងម៉ាត់​ថា ការ​ចោទ​ប្រកាន់​របស់​គណបក្ស សម រង្ស៊ី កន្លង​មក​ថា លោក​ជា​ជន​ក្បត់​ជាតិ និង​លក់​ទឹក​ដី​ឲ្យ​វៀតណាម នោះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដែល​ចាំ​បាច់​ឲ្យ​លោក​ចេញ​មុខ​មក​បកស្រាយ​ឲ្យ​បាន​ដឹង​ឭ​ជា​សាធារណៈ៖ «រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ធ្វើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១១ ស្ដីពី​ការ​កែ​សម្រួល​ខ្សែ​ព្រំដែន​គោក នៅ​តំបន់​ដែល​នៅ​សេសសល់​មួយ​ចំនួន។ ក្រុម​ជំនាញ​ចម្រុះ​នឹង​ត្រូវ​ចុះ​សិក្សា​លំអិត​មុន​នឹង​ការ​ដោះដូរ​គ្នា​ស្មើ​ទៅ​ស្មើ​មក ទៅ​តាម​លក្ខណៈ​ភូមិ​សាស្ត្រ និង​ស្ថានភាព​ដី ដោយ​យក​ខ្សែ​គូស​ចម្លង​ពី​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ របស់​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន មក​លើ​ផែន​ទី UTM ធ្វើ​ជា​គោល ស្រប​តាម​ការ​អនុញ្ញាតិ​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម។ គោលការណ៍​សំខាន់​នៅ​ទី​នេះ គឺ​ធានា​ឲ្យ​បាន​ដាច់​ខាត​ថា កម្ពុជា​នឹង​មិន​ខាត​បង់ ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ​មួយ​ម៉ែត្រ​ក្រឡា​ក៏​ដោយ។ វា​ជា​ការ​ដោះដូរ​ស្មើ​ទៅ​ស្មើ​មក ពោល​គឺ​មួយ​ហិកតារ​ទៅ គឺ​ត្រូវ​បាន​មួយ​ហិកតារ​មក​វិញ»

លោក​មិន​បាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ផែនការ​ដោះដូរ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នោះ និង​ការ​កាត់​ទូទាត់​ទឹក​ដី​ជាមួយ​ប្រទេស​វៀតណាម នោះ នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ។

ទាក់​ទង​នឹង​ការ​ឆ្លើយ​បំភ្លឺ​យ៉ាង​វែង និង​ពិស្ដារ​នេះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក​មិន​ធានា​ថា​ចម្លើយ​នេះ​ត្រូវ​បាន​ពេញ​ចិត្ត ឬ​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​លោក​មិន​មាន​ឱកាស​សាកសួរ​ដេញដោល​ចំណុច​សង្ស័យ​មួយ​ចំនួន ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «បញ្ហា​បាត់​បង់​ភូមិ​នេះ មិន​មែន​ជា​រឿង​លេង​សើច​ទេ ហើយ​មិន​មែន​ជា​រឿង​ប្រឌិត​នោះ​ដែរ។ ថ្ងៃ​នេះ​យើង​សូម​កោត​សរសើរ​នាយក​រដ្ឋមន្ត្រី ដែល​បាន​បង្ហាញ​អំពី​ទីតាំង​ដែល​បាត់​បង់​មែន។ ដី​មួយ​ចំនួន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មិន​ទាន់​បាន​ផ្តល់​ពី​វៀតណាម​មក​វិញ​នៅ​ឡើយ​ទេ ដោយ​មាន​ការ​ដោះដូរ​ជា​នយោបាយ​ដោះដូរ​ហ្នឹង។ ដូច្នេះ​វា​អត់​មាន​ជា​រឿង​អី​ជា​ការ​ប្រឌិត ចោទ​ប្រកាន់​ខុស​ទេ»

របាយការណ៍​ជា​ផ្លូវការ​អាន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ដី​ដែល​កម្ពុជា​លយ​ចូល​ប្រទេស​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម​លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ​នោះ គឺ​មាន​នៅ​ខេត្ត​កំពង់ចាម កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​៨២៥​ហិកតារ។

នៅ​ខេត្ត​ស្វាយរៀង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​២៨៩​ហិកតារ និង​វៀតណាម​លយ​ចូល​កម្ពុជា ចំនួន​១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​៥៤​ហិកតារ និង​វៀតណាម​លយ​ចូល​កម្ពុជា ចំនួន​ជាង​៣០​ហិកតារ។

នៅ​ខេត្ត​តាកែវ កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង​១៥៩​ហិកតារ និង​វៀតណាម​លយ​ចូល​កម្ពុជា ចំនួន​ជាង​១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង​២៩​ហិកតារ និង​វៀតណាម​លយ​ចូល​កម្ពុជា ចំនួន​៥៣​ហិកតារ។

ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី​ខាង​មុខ​នេះ មាន​ដូច​ជា​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ ជាដើម។ ចំណែក​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​តែ​ស្ថិត​ក្នុង​ការ​ចរចា​គ្នា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (48)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនខ្មែរកំសត់

ពី ក្រុងសួងខេត្តកំពង់ចាម

អរគុណជាខ្លាំងចំពោះភាពក្លាហានរបស់ប្រមុខរាជរដ្ឋាភិបាលដែលហ៊ានទៅបំភ្លឺនៅសភាជាតិប៉ុន្តែសោកស្តាយជាខ្លាំងដែលរដ្ឋាភិបាលយកវេទិការនិងកិត្តិយសរបស់ជាតិទៅវាយប្រហារអ្នកផ្សេងដើម្បីប្រយោជន៍នយោបាយបក្សខ្លួនទៅវិញ។

Aug 14, 2012 10:57 PM

Hun Si

ពី LONG BEACH

Hun Sen shouldn't point his finger to any one because he is priminister and also sing a treaty with Vietnam.DO YOU REMEMBER WHEN THREATEN TO OWERTHROW THE KING NORODOM SIHANUK IF HE DON'T GIVE A GREEN LIGHT OR APROVAL FOR YOU? what a jerk leader Hun Sen is!

Aug 11, 2012 03:09 AM

NICO

ពី PARIS FRANCE

WE HAVE TO VERIFY IF THE MAPS HUN SEN SAID ARE THE REAL ORIGINALS, NOT A FAKE RECTFIED BY YOUNN.

Aug 10, 2012 07:54 AM

KON KHMER ANGKOR

ពី Siem Riep

THE KAMPUCHEA KRAOM LAND HAD TAKEN BY VIETNAM AFTER 2ND WORLD WARE(1945) .SO WE CAN CLAIM BACK by USING THE INTERNATIONAL LAW.BUT MR.PRIMINISTER COULD NOT DO BY THIS WAY.

Aug 10, 2012 07:19 AM

កូនទេវតា ទំនើង

ពី ក្រុងក្រីក្រ

សូមសួរប្រិយមិត្តអ្នកគាំទ្រ វិទ្យុអាស៊ីសេរី ទាំងអស់ថា តើអ្នកយល់នូវប្រសាសន៏ របស់ប្រមុខរាជរដ្ឋាភិបាលយើងទេ? ចំណែកខ្ញុំ !!! អត់យល់!... សូមជួយពន្យល់ខ្ញុំផង។

Aug 10, 2012 06:01 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល