​អាជ្ញាធរ​កំណត់​តំបន់​អភិរក្ស​ត្រី​ជិត​ផុត​ពូជ​នៅ​ទន្លេសាប

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រម​ទាំង​អាជ្ញាធរ​បឹង​ទន្លេ​សាប បាន​កំណត់​តំបន់​អភិរក្ស​ត្រី​ដែល​ជិត​ផុត​ពូជ ដូច​ជា​ត្រី​កេស នៅ​ឡូត៍​នេសាទ​លេខ​៤ និង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​ទៀត នៅ​បឹង​ទន្លេ​សាប ដើម្បី​រក្សា​ពូជ​ត្រី​នេះ​មិន​ឲ្យ​ផុត​ពូជ ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ និង​អនាធិបតេយ្យ។

0:00 / 0:00

តំបន់​អភិរក្ស​នោះ​មាន​នៅ​ខេត្ត​ចំនួន​៦ ដូចជា​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

លោក​នាយករដ្ឋមន្ត្រី​បាន​ដាក់​បទ​បញ្ជា​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​បឹង​ទន្លេសាប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កំណត់​តំបន់​អភិរក្ស​ត្រី​ដែល​ជិត​ផុត​ពូជ​នៅ​បឹង​ទន្លេសាប ឲ្យ​បាន​ម៉ត់ចត់។

ការ​កំណត់​តំបន់​ទាំង​នោះ គឺ​ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​សំខាន់​មួយ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដើម្បី​លុប​ឡូត៍​នេសាទ​ឯកជន​សរុប​ចំនួន ៣៧ កន្លែង នៅ​បឹង​ទន្លេសាប ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្រប​ច្បាប់។

រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​កំណត់​ទំហំ​នៃ​តំបន់​អភិរក្ស​នោះ​ថា មាន​ចំនួន​ប៉ុន្មាន​ពាន់​គីឡូម៉ែត្រ​ក្រឡា ឲ្យ​បាន​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តែ​បន្ត​សិក្សា​នៅ​ឡើយ។ រដ្ឋាភិបាល​ក៏​បាន​កំណត់​តំបន់​មួយ​ចំនួន​ទៀត​នៅ​បឹង​ទន្លេសាប ជា​តំបន់​នេសាទ​ត្រី​សាធារណៈ និង​លក្ខណៈ​គ្រួសារ។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១២ ថា លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប សហការ​គ្នា​ជួយ​ការពារ​ព្រៃ​លិច​ទឹក និង​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់៖ «ឥឡូវ​បាន​កែ​ទម្រង់​ហើយ វា​នៅ​សល់​ជំហាន​មួយ​ទៀត​ហ្នឹង​ថា តើ​វិធាន​ការ​គ្រប់គ្រង​យ៉ាង​ម៉េច? ...​បើ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ គឺ​ថា ពិត​ប្រាកដ​ណាស់ គឺ​ថា ទិន្នផល​ត្រី​នឹង​កើន ហើយ​ប្រជាកសិករ​នឹង​សម្បូរណ៍​សប្បាយ​ក្នុង​ការ​ធ្វើ​ប្រហុក​ផ្អក​ស្អី​ទាំង​អស់​នោះ។ អា​ហ្នឹង​អាស្រ័យ​ទៅ​លើ​ហ្នឹង ប៉ុន្តែ​បើ​យើង​គ្រប់គ្រង​មិន​បាន​ល្អ អា​ហ្នឹង​ខ្ញុំ​ពិបាក​ថា​ដែរ»

ទាក់ទង​នឹង​ការ​ប្រកាស​លុប​ឡូត៍​នេសាទ​សរុប​ចំនួន ៣៧​កន្លែង​ជា​បន្ត​បន្ទាប់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១២ ថា ការ​លុប​នេះ​គឺ​មិន​អាច​ថយ​ក្រោយ​វិញ​ទេ៖ «ជា​កាដូ​មួយ​ជូន​ចំពោះ​លោកយាយ អ៊ុំស្រី អ្នក​មីង បង​ស្រី ប្អូន​ស្រី ក្មួយ​ស្រី​ទាំង​ឡាយ ព្រោះ​ថា ជា​ថ្ងៃ​សិទ្ធិ​នារី​ផង​ដែរ ហើយ​បញ្ហា​ទាំង​អស់​នេះ​ក៏​ជា​បញ្ហា​ដែល​ទាក់ទង​ទៅ​ជាមួយ​នឹង​ជីវភាព​ជា​ធម្មតា​របស់​ប្រជាពលរដ្ឋ...ហើយ​ស្ត្រី​ជា​មេ​គ្រួសារ​តែងតែ​ទទួល​នូវ​ការ​លំបាក​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​ស្វែង​រក​អាហារ​សំរាប់​ក្រុម​គ្រួសារ»

ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ប្រចាំ​នៅ​បឹង​ទន្លេ​សាប និង​ទន្លេ​មេគង្គ លោក ឡុង សុចែត បាន​មាន​ប្រសាសន៍​ថា ប្រជា​នេសាទ​រីករាយ​ចំពោះ​ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ។

លោក​សន្យា​ថា នឹង​ជួយ​បំផុស​ប្រជា​នេសាទ​ឲ្យ​ចូល​រួម​ការពារ​ព្រៃ​លិច​ទឹក និង​មិន​ឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់៖ «បើ​ពី​មុន​មក​នោះ​គេ​ថា ទឹក​ត្រឹម​ណា ឡូត៍​ត្រឹម​ហ្នឹង...វា​ពិបាក​ចេញ​ទៅ​រក​ស៊ី​នេសាទ។ ឥឡូវ​បាន​រដ្ឋាភិបាល​កាត់​ឡូត៍​អត់​ឲ្យ​មាន​ធ្វើ​ឡូត៍​អ៊ីចឹង​ទៀត យើង​មាន​អាទិភាព​ច្រើន​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត»

អនុ​ក្រឹត្យ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១២ ថ្មីៗ​នេះ បាន​ចែង​ថា ឡូត៍​នេសាទ​ដែល​បាន​លុប​ទាំង​អស់​នោះ ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ធ្វើ​ជា​កន្លែង​អភិរក្ស​ជលផល ដូច​បាន​កំណត់​លើ​ផែនទី និង​និយាមកា​ភ្ជាប់​មក​ជាមួយ​នឹង​អនុក្រឹត្យ​នេះ។ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម និង​ឧស្សាហកម្ម​នៅ​ក្នុង​ដែន​នេសាទ​ទឹក​សាប​គ្រប់​ប្រភេទ។

ស្រប​ពេល​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ស្នើ​សុំ​ឲ្យ​តុលាការ និង​អាជ្ញាធរ​មួយ​ចំនួន​ដោះលែង​ប្រជាពលរដ្ឋ​ដែល​រង​ការ​ចាប់​ខ្លួន​ដាក់​គុក និង​រង​ការ​កាត់​ទោស​ក្រោម​បទ​នេសាទ​ខុស​ច្បាប់​កន្លង​មក​ឲ្យ​មាន​សេរីភាព​វិញ។ លោក​ក៏​សុំ​ឲ្យ​អាជ្ញាធរ​រដ្ឋបាល​ជលផល​ប្រគល់​ឧបករណ៍​នេសាទ​ដូច​ជា សន្ទូច ទូក និង​ម៉ាស៊ីន​កាណូត​ជាដើម ឲ្យ​អ្នក​ទាំង​នោះ​វិញ​លើក​លែង​តែ​ឧបករណ៍​នេសាទ​ខុស​ច្បាប់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។