លោក ហ៊ុន សែន ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​លោក ស៊ូប៊ែឌី

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​បាន​ចាត់​ទុក​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រចាំ​នៅ​កម្ពុជា ថា​ជា​របាយការណ៍​អត់​បាន​ការ​មិន​អាច​ទទួល​យក​បាន។
ដោយ ខែ សុណង និង ជី វិតា
2012-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥ ១៦សីហា១១
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។
RFA/Sok Serey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​តប​នឹង​របាយការណ៍​នោះ​ថា ជា​របាយការណ៍​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្ដែង​នៅ​សង្គម​កម្ពុជា ហើយ​លោក​បញ្ជាក់​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យភាព និង​ឯករាជ្យ ដូច្នេះ​កម្ពុជា​មិន​អាច​ទទួល​របាយការណ៍​របស់​មនុស្ស​ម្នាក់​បាន​ទេ។

លោក ហ៊ុន សែន៖ «អា​នេះ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ មនុស្ស​ម្នាក់​ហ្នឹង អា​ហ្នឹង​អង្គការ​សហប្រជាជាតិ​នឹង​គេ​ដែរ ហើយ​ដើរ​តឹកឡិកៗ មក​អ៊ីចឹង​ទៅ​ជួប​នេះ​ជួប​ណោះ ហើយ​ទៅ​ធ្វើ​របាយការណ៍ រួច​ហើយ​ឲ្យ​គេ​មក​ទទួល​យក។ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន ឥឡូវ​ឆ្នាំ​២០១៣ សួរ​ប្រជាពលរដ្ឋ​ទៅ​បើ​ប្រជាពលរដ្ឋ​លែង​ត្រូវ​ការ​គណបក្ស​ប្រជាជន​ហើយ​គេ​បោះឆ្នោត​ទម្លាក់​ហើយ។ បើ​បោះ​ឆ្នោត​ទម្លាក់​ហើយ​អ្នក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ អា​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ថា និយាយ​ឲ្យ​សិស្ស​ចេះ​ទេ ប៉ុន្តែ​ក៏​វា​មាន​ចំណែក​មួយ​ឲ្យ​អ្នក​ដទៃ​ចេះ​ដែរ កុំ​ល្ងង់​ពេក​តែ​ខ្ញុំ​សូម​ប្រាប់​សុំ​ប្រដៅ​សូម​ពន្យល់»

លោក​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី​០៤ ខែ​តុលា។ ការ​ប្រតិកម្ម​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​លោក សុរិយា ស៊ូប៊ែឌី បាន​យក​របាយការណ៍​របស់​លោក​ទៅ​បង្ហាញ​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដែល​បាន​លើក​បញ្ហា​ជា​ច្រើន​ចំណុច ពិសេស​លោក​សុំ​ឲ្យ​កែ​ទម្រង់​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ដើម្បី​ធានា​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស និង​បញ្ហា​រៀបចំ​ដី​សម្បទាន​សេដ្ឋកិច្ច និង​សម្បទាន​ផ្សេងៗ។

របាយការណ៍​ទាំង​ពីរ​នោះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​លោក​ចំនួន​ពីរ​លើក​នៅ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ និង​ខែ​ឧសភា ឆ្នាំ​២០១២។

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បារម្ភ​ពី​ឥទ្ធិពល​នៃ​របាយការណ៍​នេះ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ ថា​អាច​នឹង​មាន​ចំណាត់​ការ​ណា​មួយ​មក​លើ​កម្ពុជា​ទេ៖ «រួច​បាន​សរសេរ​ផ្ដេសផ្ដាស​ហ្នឹង អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ។ នែ! អង្គការ​សហប្រជាជាតិ​ណា អ៊ីចឹង​គ្រាន់​តែ​មើល​របៀប​បែបបទ​ដែល​យើង​សរសេរ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​មួយ និង​ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​មួយ។ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​គ្មាន​ចរិត​ចាប់​បង្ខំ​អនុវត្តន៍​ទេ កុំ​ថា​ឡើយ​មនុស្ស​ម្នាក់ គឺ​មាន​តែ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​តែ​ប៉ុណ្ណោះ​ដែរ​មាន​ចរិត​ចាប់​បង្ខំ​សម្រេច»

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី​ដូច្នេះ គឺ​ជា​ការ​ល្អ​មួយ​ជា​ដំណើរ​នៃ​ការ​ជជែក​គ្នា​ទៅ​រក​ដំណោះស្រាយ​មួយ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ដក​ស្រង់​សំដី​លោក សុរិយា ស៊ូប៊ែឌី ថា កម្ពុជា​បាន​រីក​ចំរើន​ច្រើន​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​លោក​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ខ្លះ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច។ ការ​ផ្ដល់​ដី​សម្បទាន​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព និង​ផ្អែក​តាម​ច្បាប់។ លោក​ថា ច្បាប់​នៅ​លើ​ក្រដាស​ផ្សេង ប៉ុន្តែ​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់។

លោក ហ៊ុន សែន៖ លោក សុរិយា ស៊ូប៊ែឌី គួរ​ទៅ​ជួយ​ប្រទេស​របស់​ខ្លួន​ប្រសើរ​ជាង

ក្រៅ​តែ​ពី​ចោទ​លោក សុរិយា ស៊ូប៊ែឌី ថា សរសេរ​របាយការណ៍​ខ្វះ​ការ​ពិត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្តុះ​បង្អាប់​ប្រទេស​របស់​លោក ស៊ូប៊ែឌី ថា កំពុង​ជួប​វិបត្តិ​នយោបាយ ដែល​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​កម្ពុជា ទេ។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទៀត​ថា លោក ស៊ូប៊ែឌី គួរ​តែ​ទៅ​ជួយ​ប្រទេស​នេប៉ាល ខ្លួន​ឯង​វិញ​ប្រសើរ​ជាង។

នេះ​ជា​លើក​ទីមួយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ដោយ​ចំហ​ប្រឆាំង​នឹង​លោក សុរិយា ស៊ូប៊ែឌី ចាប់​តាំង​ពី​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រូប​នេះ ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាល​ពី​ខែ​មិនា ឆ្នាំ​២០០៩ មក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ទៅ​លើ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក យ៉ាស ក្ហាយ (Yash Ghai) ផង​ដែរ។ លោក ហ៊ុន សែន បាន​ហៅ​លោក យ៉ាស ក្ហាយ ដែល​កើត​នៅ​ប្រទេស​ខេនយ៉ា (Kenya) ថា ជា​ប្រភេទ​អ្នក​ទេសចរ​រយៈពេល​យូរ បន្ទាប់​ពី​លោក យ៉ាស ក្ហាយ បាន​សរសេរ​របាយការណ៍​លាត​ត្រដាង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ស្នើ​អោយ​មាន​ធ្វើ​កំណែ​ទម្រង់ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក យ៉ាស ក្ហាយ បាន​បំពេញ​បេសកកម្ម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៨ ហើយ​ចូល​ជំនួស​ដោយ​លោក សុរិយា ស៊ូប៊ែឌី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើហ៊ុនសែនចង់ដឹងទឹកចិត្តប្រជាជនបែបណា តើហ៊ុនសែនហ៊ានបើកឲ្យបោះឆ្នោតដោយសេរី យុត្តិធ៌ម ស្មើភាពគ្នា និងគ្មានការគម្រាម ឬសម្លាប់ទេ????

Oct 06, 2012 07:16 AM

អ្នក​អាន​អនាមិក

លោក ហ៊ុន សែន ​ធ្វើខុសហើយមិនទទួស កំហុសទៀត​

Oct 05, 2012 04:54 AM

John

ពី London

Nothing changes there for this jungle man, arrogant and ignorant as usual. The outside world should stop wasting their money helping this type of government. Over 30 years this man has ruled Cambodia with the help of foreign aid has made him who he is today, a disrespectful and untouchable thug.

Oct 05, 2012 04:46 AM

អ្នក​អាន​អនាមិក

សម្តេចគួរប្រកាសថា រិះគន់មិនបាន មិនទទួលយក ចង់ឪណាក៏ដោយ
នេះនែ មានតែអ្នកអង្គុយពីក្រោយទាំងនេះទេទើបជានិច្ចកាលងក់ក្បាល
ទទួលយកដោយមិនបាច់ចង់ដឹងប្រធានបទផង។ តើលោក សុរិយា ស៊ូប៊ែឌី
រិះគន់ដើម្បីបុគ្គលលោកផ្ទាល់ ឬនរណាម្នាក់ក្រៅពីរាស្ត្រខ្មែរ?

Oct 05, 2012 04:18 AM

អ្នក​អាន​អនាមិក

He is so strong in Cambodia, but when he is in the international forum, he is too weak. Very bad Prime Minister in the World!

Oct 05, 2012 02:27 AM

មើល​មតិ​ទាំង​អស់.