លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះនៅក្នុងសន្និសីទកាសែតមួយនៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២២ កក្ដដា ក្នុងពេលដែលអ្នកកាសែតសួរថា តើរដ្ឋាភិបាលកម្ពុជា បានជ្រៀតជ្រែកដំណើរការតុលាការខ្មែរក្រហមដូចដែលសារពត័ត៌មានជាតិ និងអន្តរជាតិមួយចំនួនបានរាយការណ៍កន្លងមកថា រឿងនេះពិត ឬយ៉ាងណា?
លោកថ្លែងដូច្នេះ ៖ «ខ្ញុំធ្លាប់បាននិយាយទាក់ទិននឹងការកាត់ក្ដី យ៉ាងណាក៏ដោយត្រូវធានាឲ្យបាននូវសន្តិភាព ការបង្រួបបង្រួមជាតិ។ ខ្ញុំក៏ធ្លាប់និយាយដែរថា សុខចិត្តឲ្យសាលាក្ដីបរាជ័យ តែមិនសុខចិត្តឲ្យប្រទេសកើតសង្គ្រាមស្លាប់មនុស្សទេ។ ប៉ុន្តែនៅក្នុងដំណើរការជាក់ស្ដែង នរណាអ្នកជ្រៀតជ្រែក? គឺអ្នកនិយាយ កំពុងតែនិយាយរាល់ថ្ងៃនេះ។ ថាគេជ្រៀតជ្រែក ចុះខ្លួនឯងនិយាយហ្នុងមិនជ្រៀតជ្រែកទេអី?»។
កន្លងមកគេឃើញមានសេចក្ដីរាយការណ៍តាមសារព័ត៌មាននានាថា រដ្ឋាភិបាលកម្ពុជា មិនមានបំណងបន្តរឿងកាត់ទោសមេដឹកនាំខ្មែរក្រហមករណី០០៣ និង ០០៤ ទេ បន្ទាប់ពីតុលការខ្មែរក្រហមបានកាត់ទោស ឌុច អតីតមេគុកទួលស្លែងក្នុងរបប ប៉ុល ពត និងតុលាការខ្មែរក្រហមកំពុងដំណើរការកាត់ទោសសំណុំរឿងក្ដី០០២ ដែលមានមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដូចជា នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ រួចទៅ ព្រោះខ្លាចក្រុមអតីតខ្មែរក្រហមរត់ចូលព្រៃប្រឆាំងតវ៉ា ដែលអាចនាំឲ្យផ្ទុះសង្គ្រាមបង្ហូរឈាមជាថ្មីម្ដងទៀត៕