នាយករដ្ឋមន្ត្រី​​ប្រកាស​មិន​លូក​ដៃ​ចូល​ក្នុ​​​ង​បញ្ហា​​ជនជាតិ​ថៃ​៧​នាក់

ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​កម្ពុជា ក្នុង​រឿង​ក្ដី​ជនជាតិ​ថៃ ៧​នាក់ ដែល​កំពុង​ជាប់​ចោទ​ពី​បទ​បាន​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឲ្យ​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មករា លោក​នាយករដ្ឋមន្ត្រី​បាន​សុំ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង កុំ​ឲ្យ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​ថៃ ជាប់​ទោស​នេះ រួម​ទាំង​ថ្នាក់​ដឹកនាំ​ភាគី​រដ្ឋាភិបាល​ថៃ​ផង។

លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ៖ «ហើយ​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា ថាក់ស៊ីន ឬ​បក្ស​ភឿ​ថៃ ចង់​ធ្វើ​អន្តរាគមន៍។ សុំ​ប្រាប់​ទៅ​ថា អត់​បាន​ទេ! មក​ពី​ជ្រុង​ណា​ក៏​អត់​បាន​ដែរ មក​ពី​អង្គការ​សហប្រជាជាតិ​ក៏​អត់​បាន​ដែរ ហើយ​សាលក្រម​ចូល​ស្ថាពរ​ហើយ ត្រូវ ២ ភាគ ៣ ជាប់​គុក​សិន បាន​ពិនិត្យ​លើកលែង​ទោស​យ៉ាង​ណា​នោះ?»

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី​៨ ខែ​មករា​ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស ហើយ​ដែល​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ជួយ​ធ្វើ​អន្តរាគមន៍​ដោះលែង​ជន​ជាតិ​ថៃ​ទាំង ៧​នាក់ ដែល​ជាប់​ឃុំ​នៅ​គុក​ព្រៃស ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​រួច​ទោស​វិញ។

ជនជាតិ​ថៃ ៧​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​តំណាងរាស្ត្រ​ថៃ ម្នាក់​ផង​ដែរ​នោះ ត្រូវ​បាន​កង​ការពារ​ព្រំដែន​កម្ពុជា ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ បន្ទាប់​ពី​បាន​ឆ្លង​ចូល​ក្នុង​ដែនដី​ខ្មែរ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ថា នៅ​យប់​ថ្ងៃ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ទាំង ៧​នាក់​នោះ ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​មាន​លេខ​ហៅ​ចូល​ពី​ក្រៅ​ប្រទេស ១០​លើក តែ​លោក​ខកខាន​មិន​បាន​ទទួល ដោយសារ​តែ​លោក​មិន​បាន​ដឹង ព្រោះ​ទូរស័ព្ទ​មិន​ដាក់​សំឡេង​រោទ៍ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​អ្នក​ដែល​ហៅ​ចូល​នោះ​ទេ។ លោក​ក៏​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​ជនជាតិ​ថៃ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន​លេខ​ទូរស័ព្ទ​ដៃ​របស់​លោក​ជាប់​នឹង​ខ្លួន?

យ៉ាង​ណា​ក្ដី លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លេខ​ទូរស័ព្ទ​ដៃ​របស់​លោក​បាន​ផ្តល់​ឲ្យ​មន្ត្រី​ថៃ​ម្នាក់ ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ កាល​ពី​ឆ្នាំ​ទៅ​មិញ ដើម្បី​សន្ទនា​គ្នា​ពី​រឿង​សង់​ផ្លូវ​ក្បែរ​ព្រំដែន​ខ្មែរ-​ថៃ ៖ «ដូច​បង្កប់​យ៉ាង​ម៉េច ផ្គត់ផ្គង់​អី​យ៉ាង​ម៉េច សរសេរ​ដោយ​ពិរុទ្ធជន​ម្នាក់​នៅ​មន្ទីរ​ព្រៃ​ស ហើយ​សរសេរ​ផ្ញើ​ចេញ​ក្រៅ​លេខ​ទូរស័ព្ទ​ខ្ញុំ​សុទ្ធ។ ងាប់​តែម្ដង! អ៊ីចឹង​មាន​ន័យ​ថា ការ​ចូល​មក​នេះ​មាន​ការ​រៀបចំ​ដោយ​ច្បាស់ ឲ្យ​ទាំង​លេខ​របស់ ហ៊ុន សែន មក​ជាមួយ ហើយ​លេខ​ទូរស័ព្ទ​ហ្នឹង​ត្រូវ​បាន​ប្ដូរ​គ្នា​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ទាក់​ទង​អា​រឿង​ផ្លូវ​លេខ​៦៨ អ៊ីចឹង! រឿង​នេះ​អត់​ធម្មតា​ប៉ុន្មាន»

ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ដូច្នេះ ជនជាតិ​ថៃ​មួយ​ក្រុម ដែល​គេ​ហៅ​ថា បណ្ដាញ​អ្នក​ស្នេហា​ជាតិ​ថៃ កំពុង​ស្វះស្វែង​រក​វិធី​ច្បាប់​ដើម្បី​សុំ​ដោះលែង​ជន​ជាប់​ចោទ​ថៃ ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោក ខារួន សៃង៉ាំ (Karoon, Sai-ngam) អតី​ព្រឹទ្ធ​សភា​ថៃ និង​បច្ចុប្បន្ន​ជា​អ្នក​ច្បាប់​ថៃ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ខ្មែរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា​ថា ការ​ប្រឹងប្រែង​របស់​ក្រុម​លោក​នៅ​ថ្ងៃ​ដំបូង​នេះ មិន​បាន​លទ្ធផល​អ្វី​ទេ។

លោក ខារួន សៃង៉ាំ បញ្ជាក់​ជា​ភាសា​ខ្មែរ​ថា ៖ «ឥឡូវ​នេះ​ឡើង​តុលាការ​ហើយ។ ពួក​ខ្ញុំ​មក​នេះ​អាច​ជួយ​អ្វី​បាន​ខ្លះ ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​បង​ប្អូន​បាន​ហក់​(ទៅ)​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព»

តុលាការ​កម្ពុជា បាន​បញ្ចប់​ការ​សាកសួរ​ជន​ជាប់​ចោទ​ទាំង ៧​នាក់ ហើយ​បាន​ចោទ​ថា ពួកគេ​បាន​បំពាន​ចូល​ដែន​ដី​កម្ពុជា ខុស​ច្បាប់ និង​បាន​ចូល​មូលដ្ឋាន​យោធា​ខ្មែរ​ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ពួកគេ​ត្រូវ​ជាប់​គុក​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ប្រាក់​ចាប់​ពី ២​លាន​រៀល ដល់ ៤​លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ឆ្គង​របស់​ពួកគេ​ដូច​ការ​ចោទ​ប្រកាន់​ពិត​មែន។

លោក កែ សាខន អនុ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ជនជាតិ​ថៃ ៧​នាក់​នោះ បាន​សារភាព​ថា ពួកគេ​បាន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​មែន។ លោក​បន្ត​ថា តុលាការ​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​សវនាការ​ជន​ជាតិ​ថៃ​ទាំង ៧​នាក់​នោះ​នៅ​ឡើយ​ទេ ហើយ​ចៅក្រម​កំពុង​ដំណើរការ​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម​ទៀត៕