នៅគ្រាកំពុងធ្វើកិច្ចសម្ពោធវិហារអ៊ិស្លាមមួយកន្លែង នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រីខ្មែរ បានថ្លែងគាំទ្រចំពោះការលើកតម្កើងវប្បធម៌អ៊ិស្លាម ។
ខ្មែរអ៊ិស្លាមចូលរួមស្ដាប់មតិសំណេះសំណាលរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅឯស្ថានទូតសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០០៧ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងគាំទ្រឲ្យមានកម្មវិធីផ្សាយភាសាជាចាម នៅតាមស្ថានីយវិទ្យុក្នុងស្រុកមួយចំនួន ក៏ដូចជាប្រកាសឲ្យបង្កើតកន្លែង សម្រាប់សាសនិកអ៊ិស្លាមថ្វាយបង្គំ នៅតាមព្រលានយន្តហោះ និងទីសាធារណៈដទៃទៀតក្នុងប្រទេសកម្ពុជា ។
នៅក្នុងពិធីសម្ពោធវិហារអ៊ិស្លាមមួយកន្លែង នៅភាគខាងជើងទីក្រុងភ្នំពេញនាថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់សហគមន៍អ៊ិស្លាមនៅលើពិភពលោក រួមទាំងប្រទេសនៅតំបន់មជ្ឈិមបូព៌ាផង កុំឲ្យស្ទាក់ស្ទើរក្នុងការបន្តរឹតចំណងការទូត និងផ្តល់ជំនួយដល់ប្រជាជនខ្មែរនិងចាមនៅកម្ពុជា ។
លោកនាយករដ្ឋមន្ត្រីខ្មែរ បានមានប្រសាសន៍ថា ៖ «ហើយសូមឯកឧត្ដម អស់លោក កុំបារម្ភថា អត់ហ៊ានយកជំនួយពីមជ្ឈិមបូព៌ាទេ ទាំងអារ៉ាប៊ីសាអ៊ូឌីត ទាំងគុយវែត... ឬកាតា... ។ យកមកឲ្យតែបាន មកពីត្រង់ណាក៏ដោយ ខ្ញុំបើកទ្វារទទួលពីគ្រប់កន្លែងហ្នឹង កុំទៅបារម្ភ ។ ហើយនិស្សិត ឲ្យតែបើកអាហារូបករណ៍ បញ្ជូនហើយ បញ្ជូនទៅរៀន» ។
ថ្លែងទៅកាន់សាសនិកអ៊ិស្លាមប្រមាណ៥០០០នាក់ ក្នុងពិធីសម្ពោធព្រះវិហារអ៊ិស្លាមដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងប្រាប់ក្រសួងអប់រំឲ្យអនុញ្ញាតឡើងវិញ ដល់សិស្សានុសិស្សចាម នៅទូទាំងប្រទេសកម្ពុជាអាចស្លៀកសម្លៀកបំពាក់ប្រពៃណីជនជាតិរបស់ខ្លួន នៅក្នុងសាលារៀនទូទៅផងដែរ ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងរំឭកឡើងវិញអំពីទំនាក់ទំនងរវាងជនមូស្លឹមនឹងបញ្ហាភេវរកម្មផងដែរ ដោយលោកបានបន្តអំពាវនាវកុំឲ្យអ្នកសារព័ត៌មាន និងអ្នកនយោបាយ ភ្ជាប់ជនមូស្លឹមទាំងអស់ទៅនឹងក្រុមភេរវកម្មជាសកល ។
ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានការបើកទូលាយចំពោះជនមូស្លឹមនោះ លោកតំណាងរាស្ត្រ សុន ឆ័យ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ដូចគ្នាចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោមផងដែរ ។
លោក សុន ឆ័យ បានឲ្យដឹងថា ៖ «ខ្ញុំថារឿងហ្នឹងវាអត់មានអីប្លែកទេ ប្រទេសកម្ពុជាយើង យើងមិនដែលភ្ជាប់បងប្អូនអ៊ិស្លាមទៅនឹងភេរវកម្ម ។ អ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋជាភេរវកម្ម គឺកាត់សេចក្ដីទៅតាមការដែលគេបានប្រព្រឹត្តជាក់ស្ដែង ។ ខ្ញុំមានការងឿងឆ្ងល់ថា ហេតុអីបានជានាយករដ្ឋមន្ត្រីលើកបញ្ហានេះពេលបច្ចុប្បន្ន ។ ខ្ញុំថាគួរតែបារម្ភពាក់ព័ន្ធនឹងបងប្អូនខ្មែរក្រោមយើងដែលនៅកម្ពុជាក្រោម ដែលគេបង្ខំឲ្យគាត់ស្លៀកពាក់អាវផាយអីទៅរៀននៅសាលា» ។
សូមជម្រាបថា កាលពីឆ្នាំពាក់កណ្តាល២០០៣កន្លងទៅ អាជ្ញាធរខ្មែរបានសម្រេចបិទសាលារៀន អ៊ិស្លាមមួយកន្លែងឈ្មោះ អ៊ុមអ៊ាល់គូរ៉ា ស្ថិតនៅខាងជើងក្រុងភ្នំពេញ ដោយសារតែសាលារៀននោះ មានទំនាក់ទំនងនឹងបណ្តាញភេរវកម្ម Jemaah Islamiah នៅអាស៊ី ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ហោ ណាំហុង ដាក់ពាក្យបណ្ដឹងប្ដឹងប្រធានបក្សសមរង្ស៊ីទៅតុលាការបារាំង
សមាជិកបក្សហ៊្វុនស៊ិនប៉ិច១០០នាក់នៅកំពង់ឆ្នាំងចុះចូលជាមួយបក្សសិទ្ធិមនុស្ស
មេឃុំបក្សប្រជាជននៅពោធិ៍សាត់រងការចោទថាមិនឲ្យបក្សសមរង្ស៊ីប្រជុំ
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាធ្វើដំណើរទៅក្រុងប៉ៃលិន
ហ៊ុន សែន នឹងចុះចេញពីតំណែងដោយសន្តិវិធីបើបក្សប្រជាជនចាញ់
ឯកអគ្គរដ្ឋទូតស.រ.អា.ចង់ឃើញសម្ដេចក្រុមព្រះយាងត្រឡប់មកវិញ
សួន សេរីរដ្ឋា ឆ្លើយតបនឹងការចោទរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំង
ការប៉ុនប៉ងដកអភ័យឯកសិទ្ធិប្រធានបក្សប្រឆាំងត្រូវបានផ្អាក
ជនភៀសខ្លួនខ្មែរនៅថៃភ័យខ្លាចក្រោយការព្រមានរបស់នាយករដ្ឋមន្ត្រី
មន្ត្រីទូតអាមេរិកនិងសិទ្ធិមនុស្សបារម្ភអំពីការប៉ុនប៉ងដកអភ័យឯកសិទ្ធិសមរង្ស៊ី