លោក ហ៊ុន សែន៖ កម្ពុជា​ជោគជ័យ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ផ្សេង​ទៀត បាន​អះអាង​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ទាំង​នេះ។

ក្នុង​សន្ទរកថា​ថា​រយៈពេល​ជិត ៣០​នាទី លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​បាន​ជ្រើសរើស​ប្រធានបទ​សម្រាប់​ឆ្នាំ​២០១២ មាន​ខ្លឹមសារ​អាស៊ាន​សហគមន៍​តែមួយ និង​វាសនា​តែ​មួយ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ជា​មហា​គ្រួសារ​ជិតស្និទ្ធ​មួយ​ដែល​មាន​សុខដុមរមនា ទាំង​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌។

លោក ហ៊ុន សែន បន្ត​ថា តាម​រយៈ​នៃ​កិច្ច​ប្រជុំ​ទាំង​នោះ មេដឹកនាំ​អាស៊ាន បាន​សម្រេច​បញ្ហា​ជា​ច្រើន។

ទោះ​បី​ជា​មាន​ការ​អះអាង​របស់​លោក ហ៊ុន សែន ពី​ផល​វិជ្ជមាន​មួយ​ចំនួន​នៃ​កិច្ច​ប្រជុំ​នេះ​ក៏ដោយ ក៏​មាន​បញ្ហា​ចម្រូងចម្រាស​ជា​ច្រើន​ទៀត​បាន​កើត​ឡើង​ដែរ។ បញ្ហា​ចម្រូងចម្រាស​មាន​ដូចជា បញ្ហា​ជម្លោះ​សមុទ្រ​ចិន ខាង​ត្បូង ការ​អនុម័ត​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន និង​បញ្ហា​សិទ្ធិ​មនុស្ស​ទ្វេ​ភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។

ក្នុង​ឱកាស​បិទ​កិច្ច​ប្រជុំ​នោះ លោក ហ៊ុន សែន មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​សាកសួរ​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ឡើយ ដោយ​លោក​អះអាង​ថា លោក​មាន​បញ្ហា​សុខភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។