លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ការបំបាត់ប្រពៃណីទំនៀមទម្លាប់ណាមួយ ហើយលើកតម្កើងណាមួយដោយខ្វះការពិចារណាត្រឹមត្រូវ នឹងអាចធ្វើឲ្យសង្គមខ្មែរបែកបាក់គ្នា។
ឯកសារប្រវត្តិសាស្ត្របង្ហាញថា ប្រទេសកម្ពុជា គឺជាប្រទេសមានវ័យចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែកប្រពៃណី ទំនៀមទម្លាប់ និងជំនឿ ក៏មានវ័យចំណាស់ជាងគេដែរប្រៀបធៀបប្រទេសមួយចំនួននៅជិតខាង ដែលទើបកកើតឡើងក្រោយ ដូចជាប្រទេសថៃ វៀតណាម។
បញ្ហានេះបានឲ្យអ្នកស្នេហាជាតិ និងស្នេហាប្រពៃណីខ្មែរមួយចំនួនចង់ឲ្យខ្មែរមានក្បួនខ្នាតប្រពៃណី ជាតិរបស់ជាតិខ្មែរជាគំរូមួយឲ្យបានច្បាស់លាស់ ចៀសវាងមានការគោរពប្រពៃណីខុសៗគ្នាតាមតំបន់ផ្សេងៗគ្នាដូចសព្វថ្ងៃ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាននៅក្នុងពិធីវគ្គបណ្ដុះបណ្ដាលអាចារ្យនៅថ្ងៃទី១៥ ខែឧសភា នៅភ្នំពេញថា ការកែប្រែប្រពៃណីទំនៀមទម្លាប់សព្វថ្ងៃឲ្យក្លាយទៅជាគំរូតែមួយមិន អាចធ្វើទៅបានភ្លាមៗទេ ហើយត្រូវចំណាយពេលវេលាយូរ និងពិចារណាឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ គឺអាចនាំឲ្យសង្គមខ្មែរបែកបាក់គ្នាដោយសាររឿងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «យើងច្បាស់ថា នឹងធ្វើឲ្យសង្គមយើងកាន់តែបែកបាក់ ដោយសារការប្រកាន់យកនូវរបៀបមួយដែលខ្វះការគោរពចំពោះទំនៀមទម្លាប់ និងបែបបទនៅតំបន់ដទៃ នោះមិនខុសពីការរុញឲ្យខ្លោចរោចឲ្យឆៅទេ។ ឧទាហរណ៍ បើគ្រាន់តែកូនកំលោះទទួលផ្កាស្លា កូនក្រមុំមិនត្រូវមានវត្តមាន កូនកំលោះហែមក មិនទាន់បានអីផង បង្កើតរឿងឃោសនាពាក្យចចាមអារ៉ាមរួចស្រេចទៅហើយថានឹងមានការផាក ពិន័យចំពោះអ្នកណាដែលមិនគោរពតាមការរៀបចំរបស់ក្រសួងធម្មការ និងសាសនា បើអ៊ីចឹងរឿងនេះមិនទៅជារឿងដែលរុញឲ្យខ្លោចរោចឲ្យឆៅទេអី? វានឹងក្លាយទៅជាការបែកបាក់ថ្មីមួយទៀត»។
សព្វថ្ងៃនេះ ខ្មែរមួយចំនួនហាក់ដូចជាចម្លងវប្បធម៌បរទេសខ្លះពីប្រទេសជិតខាងមក ប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃទៅវិញ។ ឧទាហរណ៍ ការស្រាវជ្រាវមួយរបស់ក្រសួងវប្បធម៌កម្ពុជា ថ្មីៗនេះថា ក្នុងពិធីខ្លះក្នុងពិធីរៀបការខ្មែរសព្វថ្ងៃនេះ បានចម្លងពីប្រទេសថៃ ដូចជា កូនក្រមុំលាងជើងកូនកំលោះ ជាដើម។ ក៏ប៉ុន្តែលោកអាចារ្យមួយចំនួន មិនបានដឹងក៏ចេះតែប្រតិបត្តិតៗគ្នាមកទល់សព្វថ្ងៃ។
វិទ្យុអាស៊ីសេរី បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានពិធីរៀបអាពាហ៍ពិពាហ៍ខ្លះដូចនៅខេត្តកំពត តាកែវ កំពង់ស្ពឺ បានកាត់របៀបរបបខ្លះចោល ដូចជាពិធីកូនក្រមុំលាងជើងកូនកំលោះ កាត់ចោលពិធី កូនក្រមុំចេញទៅទទួលផ្កាស្លាពីកូនកំលោះនៅមុខផ្ទះ ហើយពិធីរៀបការខ្លះ មិនមានកាត់នំទេ ហើយយកពិធីលាងផ្លែឈើជំនួសវិញ ដោយយល់ថា ពិធីទាំងនោះមិនមែនជារបៀបរបបប្រពៃណីខ្មែរ។ ម្យ៉ាងទៀតនោះ ដោយសារពួកគាត់បានឮពាក្យចចាមអារ៉ាមថា អាជ្ញាធរមូលដ្ឋាននឹងផាកពិន័យគាត់ បើគាត់មិនកាត់ពិធីនោះចោលទេ។
ទាក់ទងទៅនឹងរឿងមន្ទិលសង្ស័យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បើសិនជាអាជ្ញាធរ ឬក្រសួងណាមួយចេញបទបញ្ជាហាមដូច្នេះគឺជារឿងរំលោភសិទ្ធិមនុស្សហើយ៖ «យើងក៏ត្រូវទទួលស្គាល់បញ្ហាមួយទៀត ដូចជាពិធីកាត់នំអាហ្នឹង! មិនមែនជាពិធីរបស់ខ្មែរឯណា។ ប៉ុន្តែអាចារ្យក៏មិនអាចទៅបញ្ជាកូនក្រមុំកូនកំលោះកើតដែរ អាហ្នឹង! របស់គ្រួសារគេ។ រួចបើសិនជាក្រសួងធម្មការនិងសាសនា ឬក្រសួងវប្បធម៌ចេញបទបញ្ជា ឬរដ្ឋាភិបាលចេញអនុក្រឹត្យហាមឃាត់ការកាត់នំ ក្នុងពេលអាពាហ៍ពិពាហ៍អ៊ីចឹង រឿងហ្នឹងវាទៅជារឿងអី មិនបំបិទសិទ្ធគេទៀតហើយ»។
ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍គំរូខ្មែរជាគំរូជាតិមួយ លោក ញៀន ភឿន មន្ត្រីស្រាវជ្រាវវប្បធម៌ខ្មែរនៅក្រសួងវប្បធម៌មានប្រសាសន៍ថា ក្រសួងសាសនា និងវប្បធម៌បានសហការគ្នាផលិតខ្សែវីដេអូមួយមានទម្រង់អាពាហ៍ពិពាហ៍ តាមទំនៀមទម្លាប់ខ្មែរ ដោយយកគំរូអាពាហ៍ពិពាហ៍ រវាងឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៦០។
លោកបន្តថា ទម្រង់នេះបានដកស្រង់ខ្លឹមសារពីឯកសាររបស់អ្នកនិពន្ធខ្មែរមួយចំនួន ក្នុងជំនាន់នោះ គឺឯកសារ លោក ឧកញ៉ា ញ៉ឹក នៅ ឯកសារឧកញ៉ា ចាប ពិន និងឯកសារ របស់អ្នកស្រី ត្រឹង ងារ ដោយបានស្រង់ឯកសារ៖ «បណ្ដាឯកសារ ទាំងអស់នេះឃើញថាកូនស្រី មិនមានឃើញចេញលាងជើងទេ។ មានតែ ក្មេងប្រុសម្នាក់ដែលជាប្អូន ជាក្មួយជាសាច់ញាតិខាងស្រីកាន់ទឹកឲ្យកូនកំលោះលាងជើងនឹងមាន»។
លោកបញ្ជាក់ថា ប្រពៃណីកូនក្រមុំ លាងជើងឲ្យកូនកំលោះ បានជ្រៀតចូលក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរនៅពេលប្រទេសកម្ពុជា រួចផុតចេញ ពីអាណានិគមនិយមបារាំង ដែលទំនងបានចម្លងពីប្រពៃណីជនជាតិថៃ។
ទាក់ទងទៅនឹង ការរៀបចំកែសម្រួលទំនៀមទម្លាប់ប្រពៃណីខ្មែរខ្លះនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថា គេមិនគួរលុបបំបាត់ប្រពៃណីទំនៀមទម្លាប់មួយ ហើយលើកតម្កើងវប្បធម៌ប្រពៃណីមួយទៀត នៅពេលដែលវប្បធម៌ប្រពៃណីនោះត្រូវបានប្រជាពលរដ្ឋបានមានជំនឿ និងគោរពទៅហើយនោះ។
លោក ញៀន ភឿន៖ «សូត្រធម៌ចម្រើនដូចថា សូត្រពេលចូលឆ្នាំ សូត្រចម្រើនរាសីស្អីៗសូត្រមិនត្រូវគ្នាផង។ ហើយចុះយើងបង្ខំឲ្យនាំគ្នាត្រូវគ្នា។ ធ្វើភ្លាមមិនកើតមិនអាចខ្លាចក្លាយទៅជាព្រះរាជបញ្ញត្តិ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ហើយចាប់បង្ខំថាត្រូវតែធ្វើតាមដោយចៀសវាងមិនបាននោះទេ។ ដល់សម័យនេះហើយមានជនជាតិកម្ពុជាភាគច្រើនពេលឪពុកម្ដាយស្លាប់ ជីដូនជីតាស្លាប់យំស្រែក។ ក៏ប៉ុន្តែកុំភ្លេចថា នៅតំបន់មួយចំនួនពេលមុនយកសាកសពទៅកប់ត្រូវរាំវង់សិន។ ហើយយើងក៏ត្រូវទទួលស្គាល់ទៀតថា នៅក្នុងប្រទេសរបស់យើងគ្រាន់តែនៅ ក្នុងព្រះពុទ្ធសាសនា ចែកចេញជានិកាយពីរ មហានិកាយ និងធម្មយុត្ត សូម្បីតែ សូត្រធម៌ក៏មិនត្រូវគ្នាផង។ រឿងវាអ៊ីចឹង! បើយើងមិនទទួលស្គាល់បញ្ហាអស់ទាំងហ្នឹងទេ ហើយរំលាយម្ខាងៗ លើកទឹកចិត្តម្ខាងនោះ មេដឹកនាំនឹងក្លាយទៅជាបញ្ហាទៀតហើយ»។
ក្នុងពេលរៀបចំពង្រឹងរបៀបរបបវប្បធម៌ប្រពៃណីខ្មែរនេះ រដ្ឋាភិបាលបានបើកវគ្គបណ្ដុះបណ្ដាលអាចារ្យចំនួន ៣ពាន់នាក់ បង្រៀនអំពីមុខវិជ្ជាវប្បធម៌អរិយធម៌ និងពិធីបុណ្យនានា ដែលមាន ២០មុខវិជ្ជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
