នាយក​រដ្ឋមន្ត្រី​អំពាវនាវ​​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​បរិយាកាស​បោះ​ឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស ឲ្យ​ជួយ​សម្រួល​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ និង​អំពាវ​នាវ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។

0:00 / 0:00

សេចក្ដី​អំពាវ​នេះ​ត្រូវ​បាន​តំណាង​បក្ស​នយោបាយ​នានា​សាទរ ក៏​ប៉ុន្តែ​តំណាង​បក្ស​នយោបាយ​ទាំង​នោះ បាន​អំពាវនាវ​តប​វិញ​ថា សុំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ទាំង​ស៊ីវិល ទាំង​នគរបាល​យោធា ជា​ពិសេស គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​តួនាទី​អព្យាក្រឹត្យ​នោះ សុំ​ធ្វើ​ការ​កុំ​លំអៀង​ទៅ​បក្ស​ប្រជាជន ដែល​ជា​បក្ស​កំពុង​កាន់​អំណាច។

ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​មិថុនា ពោល​គឺ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ខាង​មុខ​នេះ។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ នៅ​ទូទាំង​ប្រទេស​សុំ​ឲ្យ​ជួយ​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​ជូន​គណបក្ស​នយោបាយ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​មាន​សុវត្ថិភាព៖ «គឺ​ថា បង្ក​លក្ខណៈ​សម្បត្តិ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​គេ​បាន​ឃោសនា​ធ្វើ​ដំណើរ​សព្វ​បែប​យ៉ាង ​ក្នុង​បរិយាកាស​អព្យាក្រឹត សេរី ដើម្បី​ធានា​ការ​បោះ​ឆ្នោត​មួយ​ដែល​ត្រឹម​ត្រូវ យុត្តិធម៌​ដែល​អាច​ទទួល​យក​បាន»

សេចក្ដី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ក្នុង​ពិធី​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុង​ព្រះសីហនុ។ ក្នុង​ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវ​នាវ​ឲ្យ​បក្ស​ទាំង​អស់​ទទួល​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ដែរ៖ «ហើយ​ក៏​អំពាវនាវ​ដល់​បណ្ដា​បក្ស​នានា​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត។ ព្រោះ​ខ្លួន​ឯង​គ្មាន​នរណា​មួយ​ប្រកាស​ថា ខ្លួន​អន់​ទេ​ពេល​នេះ​ខ្លាំង​ទាំង​អស់ ហើយ​បើ​ខ្លាំង​ហើយ​ហ៊ាន​បោះ​ត្រូវ​ហ៊ាន​ទទួល។ កុំ​ចាញ់​ចោទ​ចេះ​ចុះ»

របាយការណ៍​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ដឹង​ថា មាន​គណបក្ស​នយោបាយ ១០​ចូល​រួម​បោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ។

ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​អំពាវនាវ​នេះ តំណាង​គណបក្ស​ជា​ច្រើន​បាន​បាន​អបអរ។ ក៏​ប៉ុន្តែ​អ្នកស្រី កែ សុវណ្ណរតន៍ អគ្គលេខាបក្ស​ សម រង្ស៊ី បាន​រិះគន់​តប​វិញ​ថា សេចក្ដី​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​មិន​មាន​ប្រសិទ្ធភាព​ទេ។ ជាង​នេះ​ទៅ​ទៀត​អ្នកស្រី​បាន​រិះគន់​ថា គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ (គ.ជ.ប.) ធ្វើ​ការ​លំអៀង​ទៅ​បក្ស​ប្រជាជន៖ «ខ្ញុំ​គាំទ្រ​អ្វី​ដែល​ជា​ការ​អំពាវនាវ។ ប៉ុន្តែ​ខ្ញុំ​បារម្ភ​សេចក្ដី​អំពាវនាវ​ហ្នឹង​អត់​មាន​ប្រសិទ្ធភាព។ កន្លង​មក​រាល់​ពាក្យ​បណ្ដឹង​ដែល​គណបក្ស សម រង្ស៊ី បាន​ប្ដឹង​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស​គឺ​រួច​ទោស​ទាំង​អស់»

អ្នកស្រី​ក៏​បាន​ចោទ​ដែរ​ថា មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ខ្ពស់ ចាប់​តាំង​ពី​ថ្នាក់​អនុ​រដ្ឋលេខាធិការ ដល់​រដ្ឋមន្ត្រី បាន​យក​តួនាទី និង​សម្ភារៈ និង​ម៉ោង​ធ្វើការ​រដ្ឋ​ទៅ​បម្រើ​បក្ស​ប្រជាជន ​ខុស​លក្ខន្តិកៈ​ការងារ​មន្ត្រី​រាជការ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​បោះ​ដោយ​ឆ្នោត​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា សេចក្ដី​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី អាច​ដាស់​ស្មារតី​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ឲ្យ​ដឹង​អំពី​តួនាទី​របស់​ខ្លួន​បាន​ខ្លះ​ដែរ ខណៈ​ដែល​មាន​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​បាន​យក​តួនាទី​ខ្លួន​បម្រើ​បក្ស​ប្រជាជន ដែល​ខុស​នឹង​ច្បាប់​បោះ​ឆ្នោត។

លោក គល់ បញ្ញា៖ «ត្រឹមត្រូវ​ហើយ​។ ប៉ុន្តែ​ត្រង់​បញ្ហា​ការ​អនុវត្ត​មាន​បញ្ហា​ខ្លាំង។ សព្វថ្ងៃ​យើង​រក​ឃើញ​មន្ត្រី​រាជការ នគរបាល កង​ខេមរភូមិន្ទ គឺ​ថា ទៅ​ជា​ប្រព័ន្ធ​ហើយ​ដែល​បាន​ធ្វើ​ការងារ​ឲ្យ​បក្ស​កាន់​អំណាច វា​ខុស​ច្បាប់ ប៉ះពាល់​ដល់​បរិយាកាស​បោះឆ្នោត​ហ្នឹង​ទៀត»

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​នេះ​ដែរ។ ប៉ុន្តែ​លោក​បាន​រំលឹក​ថា ស្ថានភាព​សន្តិសុខ​នយោបាយ និង​បោះ​ឆ្នោត​លើក​នេះ​បាន​ប្រសើរ​ជាង​ការ​បោះ​ឆ្នោត​លើក​មុន​ៗ ជាពិសេស​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រៀប​ចំ​ដោយ​អ៊ុនតាក់ (Untac) មាន​ការ​បាញ់​ប្រហារ​សកម្មជន​គណបក្ស​នយោបាយ​​យ៉ាង​សាហាវ​ព្រៃផ្សៃ​ជាង​សព្វ​ថ្ងៃ​ឆ្ងាយ​ណាស់។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា គ.ជ.ប. មិន​ឯករាជ្យ និង​ពាក្យ​ចោទ​ថា មន្ត្រី​រដ្ឋាភិបាល​លំអៀង​ទៅ​បក្ស​ប្រជាជន ត្រូវ​បាន គ.ជ.ប. និង​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ជា​បន្តបន្ទាប់។

ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​រំលឹក​ថា តាម​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា រយៈពេល​ជាង ២០​ឆ្នាំ​ចុង​ក្រោយ​នេះ បក្ស​ដែល​ចាញ់​ឆ្នោត​ច្រើន​តវ៉ា ក្រោយ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត។ ជា​អាទិ នៅ​ឆ្នាំ​១៩៩៣ ការ​បោះ​ឆ្នោត​ដំបូង​ដែល​រៀបចំ​ដោយ​អ៊ុនតាក់ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ឈ្នះ​ឆ្នោត ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​បាន​តវ៉ា​លទ្ធផល​​ដោយ​ចោទ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត ហើយ​អ៊ុនតាក់ លំអៀង​ទៅ​បក្ស​ហ៊្វុនស៊ិនប៉ិច។ បន្ទាប់​មក​លោក ហ៊ុន សែន បាន​តវ៉ា​សុំ​បំបែក​តំបន់​អបគមន៍ បណ្ដា​ខេត្ត​ប៉ែក​ខាង​កើត​ជាប់​ប្រទេស​វៀតណាម។ តែ​​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ដែល​កាល​នោះ​ព្រះអង្គ​ជា​ព្រះមហាក្សត្រ បាន​សម្រុះសម្រួល​រំលែក​អំណាច ដោយ​បង្កើត​ឲ្យ​មាន​អ្នក​ដឹក​នាំ​ប្រទេស​មាន​នាយក​រដ្ឋមន្ត្រី​ពីរ។

នៅ​ឆ្នាំ​២០០៣ ឆ្នាំ​២០០៨ ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ ត្រូវ​គណបក្ស​ប្រជាជន​បាន​ឈ្នះ​ឆ្នោត​វិញ។ ក៏​ប៉ុន្តែ​គណបក្ស​ចាញ់​ឆ្នោត​​បាន​តវ៉ា​ដោយ​លើក​ហេតុផល​ប្រហាក់ប្រហែល​គ្នា និង​ចោទ​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​លំអៀង​ទៅ​បក្ស​ប្រជាជន រួច​ក៏​មាន​ក្រុម​មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្ដុំ​នៅ​ទីក្រុង​ភ្នំពេញ ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ជាប់​ឆ្នោត​មិន​អាច​ដំណើរការ​បាន​រាប់​ខែ។

ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​កត់​សម្គាល់​ថា ការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​របស់​បក្ស​នយោបាយ​ដែល​ចាញ់​ឆ្នោត ​ស្ទើរ​ក្លាយ​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ នៅ​ស្រុក​ខ្មែរ មិន​ថា បក្ស​ណា ឬ​បក្ស​ណា​នោះ​ទេ។ ខុស​ពី​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន​ដែល​បក្ស​នយោបាយ​ប្រកួត​ប្រជែង​ស្រុះស្រួល​ធ្វើការ​ជាមួយគ្នា។

ដោយ​ឡែក​ចំពោះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២​នេះ ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​រំពឹង​ទុក​ថា នឹង​មាន​បញ្ហា​ខ្លះ​ដែរ តែ​នឹង​មិន​អាច​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ការងារ​ប្រចាំ​ថ្ងៃ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។