ថ្លែងក្នុងទិវាមច្ឆាជាតិលើកទី១០ នាខេត្តកំពង់ចាម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១២ លោក ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋស្រុះស្រួលគ្នារឿងព្រំដីនៅភូមិផងរបងជាមួយគ្នា កាត់បន្ថយទំនាស់ ឲ្យមន្ត្រីសុរិយោដី និងក្រុមនិស្សិតវាស់វែងដីឲ្យបានលឿន ដើម្បីឲ្យឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិបណ្ដោះអាសន្ន។
លោក ហ៊ុន សែន បន្តថា នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លីបណ្ដោះអាសន្នជូនប្រជាពលរដ្ឋផ្ទាល់ដៃ បើសិនការវាស់វែងត្រូវបានចប់សព្វគ្រប់៖ «បើកាលណាប្រជាពលរដ្ឋស្រុះស្រួលគ្នា ពិសេសគឺព្រំប្រទល់ដី គឺងាយឲ្យរដ្ឋាភិបាល ឬឲ្យអាជ្ញាធរពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិឲ្យឆាប់ទាន់ពេល ប៉ុន្តែករណីនៅបឹង៥ របស់ខេត្តបាត់ដំបង បានសួរបញ្ជាក់តាមក្មួយដីមួយកន្លែងប្រកាសកម្មសិទ្ធិដល់ទៅបីនាក់ បើអ៊ីចឹងដោះស្រាយអត់បានទេ។ យើងច្បាស់ជាផ្ទេរកម្លាំងទៅធ្វើកន្លែងផ្សេង ព្រោះដីបីហិកតារ អ្នកនេះក៏ម្ចាស់ អ្នកនោះក៏ម្ចាស់ តើឲ្យទៅអ្នកណា? បើយ៉ាងដូច្នោះ គឺសូមអភ័យទោស ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីលើគ្នាឯងដោះស្រាយមិនចេញ រឿងនេះមានតែក្ដីក្ដាំតាមផ្លូវតុលាការទេ ឯភារកិច្ចរបស់រដ្ឋទៅចុះដោះពេលនេះ គឺដោះដីលើតែដីបញ្ហារដ្ឋតែប៉ុណ្ណោះ គឺដីរដ្ឋដែលរួមមានព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ចក៏ជាដីរដ្ឋដែរ ហើយនិងដីរដ្ឋដែលកាន់កាប់ដោយខុសច្បាប់»។
អ្នកវិភាគឯករាជ្យខាងជំនាញដីធ្លី និងសិទ្ធិលំនៅឋាន លោក អ៊ួច ឡេង រិះគន់ថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសារនយោបាយទាក់ទាញរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោកបន្តថា វាមិនមែនជាចេតនាពិតប្រាកដដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទេ៖ «មិនមានលទ្ធផលអីជាដុំកំភួនទេ ព្រោះគាត់ធ្វើមុនយុទ្ធនាការបោះឆ្នោត ដើម្បីការបោះឆ្នោតសម្រាប់អាណត្តិក្រោយតែប៉ុណ្ណឹង ព្រោះគាត់ដឹងដែរថា វិធីធ្វើឲ្យហាក់ដូចជាមានចលនាមួយដើម្បីស្វែងរកការគាំទ្រ ស្វែងរកប្រជាប្រិយពីប្រជាពលរដ្ឋតែប៉ុណ្ណឹងឯង»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ សំដែងការព្រួយបារម្ភដែរថា ការចុះវាស់វែងដីធ្លីយ៉ាងប្រញាប់ប្រញាល់របស់រដ្ឋាភិបាលដោយគ្មានយន្តការច្បាស់លាស់ អាចជាបញ្ហាមួយកើតមានឡើងដល់ប្រជាពលរដ្ឋ។
លោក អ៊ូ វីរៈ៖ «ក្នុងរឿងការដោះស្រាយដីរដ្ឋនេះ ខ្ញុំមើលទៅការដែលបង្ខំខ្លាំងពេកវាអាចធ្វើឲ្យយើងមិនបានច្បាស់លាស់ ហើយជាពិសេសដាក់គំនាបទៅឲ្យអាជ្ញាធរខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ទៅឲ្យពួកគាត់ដោះស្រាយ។ តែជួនកាលយើងអត់រកដំណោះស្រាយតាមនីតិវិធីគ្រប់ជ្រុងជ្រោយ អាហ្នឹងក៏ជាបញ្ហាមួយដែរ ចំពោះខ្ញុំមានការព្រួយបារម្ភខ្លះដែរ»។
ជម្លោះដីធ្លីបានរីករាលដាលស្ទើរពេញផ្ទៃប្រទេស ហើយបញ្ហានេះក្លាយជាកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាល។ ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឲ្យមានក្រុមនិស្សិតស្ម័គ្រចិត្ត ដើម្បីវាស់វែងដីធ្លីមានជម្លោះជូនប្រជាពលរដ្ឋ។ ក្រុមនិស្សិតជិត ១.០០០នាក់ ត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅតាមគោលដៅចំនួន ៧ខេត្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរខេត្តដែលជាគោលដៅនៃការវាស់វែងដីទាំងនោះ ជួយមើលការខុសត្រូវចំពោះកង្វះខាតមួយចំនួន ដូចជាម៉ាស៊ីនភ្លើង និងសម្ភារៈមួយចំនួនដល់ក្រុមការងារចុះវាស់វែងដីធ្លីទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។