គម្រោងនេះនឹងតភ្ជាប់តំបន់ឦសានទៅកាន់តំបន់នានាក្នុងប្រទេស និងតភ្ជាប់ទៅប្រទេសជិតខាង មានប្រទេស ឡាវ វៀតណាម និងប្រទេសថៃ ជាដើម។
ផ្លូវសំរាប់ធ្វើដំណើរ និងដឹកជញ្ជូនសំខាន់ប្រវែងសរុបជាង ៣០០គីឡូម៉ែត្រ នឹងគ្រោងសាងសង់នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ នៅខេត្តប៉ែកឦសានប្រទេស មានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧៨ ពីអូរពងមាន់ មកកាន់ក្រុងបានលុង ខេត្តរតនគិរី ចំងាយ ១២១គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១២ ថា រាជរដ្ឋាភិបាលបានឯកភាពរួចហើយ ស្ដីពីគម្រោងសាងសង់ផ្លូវជាតិពីរខ្សែថ្មីបន្ថែមទៀត ដើម្បីភ្ជាប់តំបន់សេដ្ឋកិច្ចភាគឦសានទៅកាន់តំបន់មុំបី ឬតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម។
លោកបន្តថា គម្រោងសាងសង់នេះឋិតក្នុងការសិក្សានៅឡើយ ក៏ប៉ុន្តែរាជរដ្ឋាភិបាលគ្រោងស្វែងរកថវិកាកម្ចីពីរដ្ឋាភិបាលប្រទេសចិន ក្នុងការសាងសង់ផ្លូវជាតិនេះ៖ «ខ្ញុំសូមប្រកាសពីផែនការសំរាប់ខេត្តរតនគិរីយើង អំពីការតភ្ជាប់។ ខ្ញុំព្រះករុណាខ្ញុំ បានផ្ដល់ការឯកភាពទៅលើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ យើងត្រូវរកថវិកា ហើយថវិកាហ្នឹងសុំពីចិនទៀតហើយ ប៉ុន្តែមិនមែនឥឡូវទេ សំរាប់ការរៀបចំផែនការនៅឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ធ្មេចបើកៗដល់ទៀតហើយ»។
ផ្លូវជាតិដែលគ្រោងសាងសង់ គឺផ្លូវជាតិលេខ ៣៧៨ មានចម្ងាយ ១៤១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ចំណុចច្រកទ្វារអន្តរជាតិដុងក្រឡ មកស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងភ្ជាប់មកកាន់ស្រុកវ៉ឺនសៃ ស្រុកអូរជុំ និងក្រុងបានលុង ខេត្តរតនគិរី។ ចំណែកផ្លូវជាតិមួយខ្សែទៀតចំងាយ ១៨៩គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ ៧៨ ចំណុចស្រុកបរកែវ ទៅស្រុកអណ្តូងមាស ឆ្លងកាត់ទន្លេសេសាន ស្រុកតាវែង និងភ្ជាប់ទៅតំបន់កន្ទុយនាគ មុំបីនៃប្រទេសវៀតណាម កម្ពុជា និងឡាវ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានសាងសង់កំណាត់ផ្លូវជាតិលេខ ៧៨ រួចរាល់ហើយ ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ចរាចរណ៍ពីក្រុងភ្នំពេញ មកកាន់ខេត្តរតនគិរី ដែលជាតំបន់មានសក្ដានុពលផ្នែកសេដ្ឋកិច្ចសម្បូរណ៍ដីមានជីជាតិ បម្រើឲ្យវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានដំណាំកៅស៊ូ ដំឡូងជាដើម។
លោកបន្តថា ខេត្តរតនគិរី គឺជាខេត្តកំពុងអភិវឌ្ឍន៍ ហើយថ្ងៃអនាគតខេត្តនេះ រួមនឹងខេត្តដទៃទៀតនៅភាគឦសាន នឹងក្លាយទៅជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់សំរាប់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិក្នុងតំបន់។
លោក ត្រាំ អ៊ីវតឹក៖ «ផ្លូវជាតិលេខ ៧៨ គឺជាអនុរបៀងទី២ នៃរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់ទន្លេមេគង្គ ជី.អឹម.អេស (GMS) ដែលរួមជាមួយផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ៩ ពីស្ទឹងត្រែង ដល់ព្រះវិហារ និងបន្តតាមផ្លូវលេខ ២១០ និងផ្លូវ ប៊ី.អូ.ធី (BOT) ពីព្រះវិហារ ទៅសៀមរាប និងផ្លូវជាតិលេខ ៦ និងលេខ ៥ ពីសៀមរាប ដល់ប៉ោយប៉ែត ព្រំប្រទល់ថៃ តភ្ជាប់បាងកក សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី អូរយ៉ាដាវ ព្រំដែនវៀតណាម និងតភ្ជាប់ទៅខេត្តយ៉ាឡាយ និងភាគកណ្ដាលវៀតណាម»។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះគេអាចធ្វើដំណើរពីខេត្តរតនគិរី ភ្ជាប់ទៅរាជធានីភ្នំពេញ ទៅខេត្តស្ទឹងត្រែង និងបន្តទៅព្រំប្រទល់ប្រទេសឡាវ តាមរយៈផ្លូវជាតិលេខ៧។ ប្រជាពលរដ្ឋខេត្តរតនគិរី ក៏អាចធ្វើដំណើរឆ្លងទៅខេត្តព្រះវិហារ សៀមរាប បន្ទាយមានជ័យ រហូតដល់ប៉ោយប៉ែត ព្រំប្រទល់កម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ ៩ ដែលកំពុងសាងសង់បានងាយស្រួល និងឆាប់រហ័ស និងបន្តតាមផ្លូវជាតិលេខ៧ ពីព្រំដែនឡាវ មកខេត្តស្ទឹងត្រែង រតនគិរី អូរយ៉ាដាវ តភ្ជាប់ទៅខេត្តយ៉ាឡាយ និងភាគកណ្ដាលវៀតណាម។ ចំណែកកំណាត់ផ្លូវជាតិលេខ ៧៦ ក៏កំពុងសាងសង់តភ្ជាប់ពីខេត្តរតនគិរី ទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គ្រោងនឹងរួចរាល់នៅឆ្នាំ២០១៤ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។