មានប្រសាសន៍នៅឯពិធីសម្ពោធបណ្ណាល័យនិងចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃច័ន្ទ ទី១២ ឧសភានេះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកបានសម្រេចអនុញ្ញាតឲ្យគ្រូបង្រៀនអាចចូលរួមប្រឡងដើម្បីឡើងក្របខ័ណ្ឌពីមធ្យមសិក្សាបឋមភូមិ មកមធ្យមសិក្សាទុតិយភូមិ រហូតដល់អាយុ ៦០ឆ្នាំ ដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ក្នុងការបំពេញការសិក្សារបស់ខ្លួនបន្ត ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «ពីមុនគាត់ក្របខ័ណ្ឌគ្រូមធ្យមសិក្សាបឋមភូមិ ប៉ុន្តែគាត់ខិតខំទៅរៀនបានបិរញ្ញា ដល់បានបរិញ្ញាគាត់សុំគេដំឡើងឲ្យគាត់ទៅជាក្របខ័ណ្ខគ្រូមធ្យមសិក្សាទុតិយភូមិ តែសុំអត់បានគេថាឲ្យទៅប្រលង ដល់ទៅប្រឡង គេកម្រិតអាយុសម្រាប់ការចូលប្រឡងត្រឹម ៤៥ឆ្នាំ ចុះបើគាត់ឥឡូវអាយុ ៥៥ឆ្នាំហើយ ឲ្យគាត់ទៅប្រឡងយ៉ាងម៉េច ? ប៉ុន្តែខ្ញុំស្នើឲ្យមានដំណោះស្រាយរួម គឺដំណោះស្រាយបើកការប្រឡងនេះរហូតដល់អាយុ ៦០ឆ្នាំតែម្ដងទៅ» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា លោកគ្រូអ្នកគ្រូដែលបានប្រឡងជាប់ មិនបាច់ចូលរួមវគ្គបំប៉នវិក្រឹតការឡើយ ដោយលើកហេតុផលថា លោកគ្រូអ្នកគ្រូទាំងអស់ ធ្វើការរាល់ថ្ងៃ ហើយមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្រៀន ។
គួរជម្រាបថា លក្ខខណ្ឌក្នុងការចូលរួមប្រឡងដើម្បីឡើងក្របខ័ណ្ឌពីគ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ មកក្របខ័ណ្ឌមធ្យមសិក្សាទុតិយភូមិ កំណត់អាយុបេក្ខជនត្រឹម ៤៥ឆ្នាំចុះ ។
នៅពេលដែលលោកនាយករដ្ឋមន្ត្រី បានពន្យារអាយុសម្រាប់បេក្ខជនប្រឡង ហើយជំរុញឲ្យគ្រូបង្រៀនបង្កើនចំណេះដឹងនេះដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ការពន្យារអាយុនេះ មិនមានចំណុចវិជ្ជមានទេ ហើយថា មានតែការដំឡើងប្រាក់បៀវត្សរ៍ឲ្យលោកគ្រូអ្នកគ្រូតែប៉ុណ្ណោះ ទើបជាការលើកទឹកចិត្តឲ្យគ្រូបង្រៀនបំពេញការសិក្សា ឬក៏ធ្វើការស្រាវជ្រាវបន្ថែមទៀត ។
លោក រ៉ុង ឈុន ថ្លែងថា ៖ «អត់មានអីល្អទេទោះបីគាត់រៀនទៅជីវភាពគាត់នៅតែក្រីក្រ តោកយ៉ាករស់មិនបានសមរម្យ ទោះបីយកសញ្ញាបត្រហ្នឹងមក ក៏វាអត់មានការលើកទឹកចិត្តអីដែរ សំខាន់គ្រូបង្រៀនបច្ចុប្បន្នចង់បាននោះ គឺចង់បានដំណោះស្រាយមួយ បៀវត្សរ៍សមរម្យហ្នឹងតែម្ដង» ។
នៅថ្ងៃច័ន្ទ ១២ ឧសភានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរថា គ្រូបង្រៀនបានបោះបង់ចោលការងារបង្រៀនឬក៏ទៅបង្រៀនមិនទៀងទាត់ដោយសារតែជួបវិបត្តិជីវភាពរស់នៅ ហើយទាមទារឲ្យរដ្ឋាភិបាលធ្វើការដំឡើងប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន ឲ្យសមាមាត្រនឹងតម្លៃទំនិញបច្ចុប្បន្ន ៕
