ការផ្ដល់ឲ្យនូវគោរមងារនេះ គឺបានធ្វើឡើងក្នុងបំណងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍កម្ពុជា រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៤ និងទី៥ នៅឆ្នាំ២០១៥ ខាងមុខ ក្នុងការលើកកម្ពស់សុខភាពស្ត្រី និងកុមារ។ ពិធីនេះប្រារព្ធធ្វើនៅឯវិមានសន្តិភាពក្រុងភ្នំពេញ ក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ ដែលគេប្រារព្ធឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។
នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាថា នឹងកាត់បន្ថយអត្រាមរណភាពមាតាឲ្យនៅសល់ត្រឹម ២៥០នាក់ក្នុងចំណោមកំណើតរស់ចំនួន ១០ម៉ឺននាក់ ដោយប្រើធនធានជាតិ និងអន្តរជាតិ។
ទោះជាយ៉ាងណា នៅក្នុងពិធីនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវឲ្យអង្គការជាតិ និង អន្តរជាតិ ជួយឧបត្ថម្ភគាំទ្រទាំងប្រាជ្ញាស្មារតី ថវិកា និងបច្ចេកទេសដល់កម្ពុជា ផងដែរ។
លោកស្រី ណូប៊ូកូ ហូរិបេ (Nobuko Horibe) នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន យូអិនអេហ្វភីអេ (UNFPA) បានថ្លែងថា ជារៀងរាល់ឆ្នាំមានស្ត្រី និងកុមារជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ដែលមូលហេតុនៃការស្លាប់នោះអាចបង្ការបានដោយមិនបាច់ចំណាយថវិកាច្រើនផង៕