ពលរដ្ឋ​ខ្មែរ​ត្អូញ​ត្អែរ​អំពី​ការទារ​ប្រាក់​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត

កាលពី​ពេល​ថ្មី​ៗ​នេះ កម្មករ​ស៊ី​ឈ្នួល​អូស​រទេះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ត្អូញត្អែរ​ដោយ​ធុញទ្រាន់​ចំពោះ​នគរបាល​ព្រំដែន ដែល​បាន​គាបសង្កត់​ទារ​ប្រាក់​ពី​ពួកគេ ដោយ​គ្មាន​ការអាណិត​អាសូរ ។

នៅច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដដែល ក្រុម​កម្មករ​ខ្មែរ​ដែល​រកស៊ី​ស៊ីឈ្នូល​គេ នៅ​ក្នុង​ទឹកដី​ថៃ ក៏​បាន​ថ្ងូរ​អំពី​ការលំបាក ដែល​អាជ្ញាធរ​ខ្មែរ​បាន​ទាមទារ​ឲ្យ​ពូកគេ​បង់ប្រាក់​ច្រើន ។

ក្រុម​អ្នកប្រើ​ប័ណ្ណ​ឆ្លងដែន​ពណ៌​ស ឬ Border Pass ចូល​ទៅ​រកស៊ី​ក្នុង​ទឹក​ដី​ថៃ បាន​ត្អូញត្អែរ​និង​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត បញ្ឈប់​ការទារ​ប្រាក់​ចំនូន ៧០​បាត​ក្នុង​ម្នាក់​ៗ​សម្រាប់​ការបោះត្រា​ចេញ​ចូល​រយៈពេល​៧​ថ្ងៃម្តង​នោះ​ចោល ។

លោក គង់ សាន មកពី​ខេត្ត​កំពង់ឆ្នាំង កំពុង​ប្រកប​របរ​ជា​កម្មករ​សំណង់​នៅខេត្ត​ប្រាជីនបូរី ប្រទេស​ថៃ បាន​រៀបរាប់​អំពី​ការទារ​ប្រាក់ ដោយ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​ដូច្នេះ ៖ «កន្លែង​ធ្វើ​សៀវភៅ​ហ្នឹង បាន​ដាក់​ហើយ​គេថា ចាំ​យក​អត់​ទាន់​ឲ្យ​ចេញ​ទេ វ៉ៃ​ពី​កន្លែង​ហ្នឹង​ហើយ មិន​បាច់​ចាំ​វ៉ៃ​នៅ​កន្លែង​នោះ​ទេ មិន​បាច់​ចាំ​ទៅ​វ៉ៃ កន្លែង​៧០​ហ្នឹងទេ ប៉ុន្តែ​កន្លែង​ហ្នឹង​បង់ ១២០ ចាំ​លើក​ទី​២​មក​វិញ​បាន​វ៉ៃ​កន្លែង​៧០ ។ អាហ្នឹង​បើ​យើង​វិភាគ​ទៅ​វា​ចែក​គ្នា​រក​ស៊ី​អ៊ីចឹង យើង​ធ្វើ​អី​មិន​កើត ។ ខាង​ថៃ​អត់​មាន​ទេ ៧០​ហ្នឹង​យក​តែ​ខាង​ខ្មែរ​ទេ»

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​និង​ប្អូនស្រី​របស់​នាង ដែល​បាន​ចូលមក​រកស៊ី​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​រៀបរាប់​ថា ពួក​នាង​រកបាន​ប្រាក់​បន្តិច​បន្តួច​សម្រាប់​ចិញ្ចឹម​តែ​ប៉ូលិស​ខ្មែរ ក្រៅតែ​ពី​ការចំណាយ​លើ​សោហ៊ុយ​ហូប​ចុក ការធ្វើ​ដំណើរ និង​ការស្នាក់នៅ ។ ពួកគេ​ស៊ី​ឈ្នួល​លក់​គុយទាវ និង​បក​ខ្ទឹម ដោយ​បាន​កម្រៃ​ក្នុង​មួយ​ថ្ងៃ ១០០​បាត ឬ​ជាង​មួយ​ម៉ឺន​រៀល លុយ​ខ្មែរ និង​ថា ក្នុង​មួយ​សប្តាហ៍ ពួកគេ​ត្រូវ​មក​វាយ​ត្រា​លើ​ប័ណ្ណ​ចូល​ដី​ខ្មែរ និង​ត្រឡប់​ចេញ​ទៅ​ដីថៃ​វិញ​តាម​ការតម្រូវ​របស់​សមត្ថកិច្ច​ខ្មែរ​និង​ថៃ ប៉ុន្តែ​ថា ខាង​ភាគី​តម្រួត​និង​ប៉ូលិស​ថៃ មិន​បាន​យក​លុយ​ពី​ពួកគេ​ទេ ៖ «... ប្រាក់​ខែ​មាន​បន្តិចបន្តួច នៅ​ថ្លៃ​ផ្ទះ បើ​ជិះ​កង់​ទៅ​ក៏​នៅ​ថ្លៃ កង់​១០​បាត [ថ្លៃ​បង់​ប័ណ្ណ​ឆ្លង​ដែន] ៧០​បាត អស់​ច្រើន​ណាស់ ។ និយាយរួម​ទៅ មួយ​អាទិត្យ​អស់ ១០០​បាត​ជាង ច្រើន​ណាស់​រាប់​មិន​អស់​ទេ ទាំង​គេ​ទាំង​ខ្ញុំ មនុស្ស​មិន​ដឹង​មក​ពីណា​ពី​ណី ។ តូច​ចិត្ត​តែ​ប៉ុណ្ណេះ​ទេ ខំ​រក​ស៊ី​ប្រទេស​គេ ប្រទេស​គេ​មិន​យក​លុយ ខ្មែរ​គ្នាឯង​យក​លុយ»

ពួកគេ​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​បញ្ឈប់ ឬ បន្ធូរ​បន្ថយ​ការតម្រូវ​ឲ្យ​បង់ប្រាក់​នេះ មក​នៅ​ត្រឹម ១០​បាត ក្នុង​ម្នាក់​ៗ​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ម្តង ៖ «ខ្ញុំ​សំណូមពរ​ថា .....កុំ​ឲ្យ​គេ​យក​ដល់​ថ្នាក់​ហ្នឹង​ពេក ឲ្យ​គេ​យក​តិច​តួច ឬ​ត្រឹម ១០​បាត ឬ​មួយ ៤០-៥០​អីអ៊ីចឹង»

ភ្លាម​ៗ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ប៉ិច សារ៉ន ប្រធាន​ផ្នែក​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អំពី​ការកំណត់​តម្លៃ​បង់ប្រាក់​ក្នុង​ការបោះ​ត្រា​លើ​ប័ណ្ណ​ឆ្លង​ដែន​នោះ​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​អតីត​ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ គឺ​លោក ប៊ុន ហោ បាន​មាន​ប្រសាសន៍​ថា តាម​ធម្មតា ការបោះ​ត្រា​ចេញ​ចូល​នេះ ពុំ​តម្រូវ​ឲ្យ​ពលរដ្ឋ​អ្នកប្រើ​ប័ណ្ណ​បង់ប្រាក់​នោះ​ទេ ។

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក សុខ សារ៉េត បាន​មាន​ប្រសាសន៍​ ថា អាជ្ញាធរ​ខេត្ត​នៅ​ពុំទាន់​បាន​ដឹង​អំពី​ការតម្រូវ​ឲ្យ​ពលរដ្ឋ​អ្នកប្រើ​ប័ណ្ណ​ឆ្លងដែន​បង់ប្រាក់​ដូច​ការលើក​ឡើង​នេះ នៅ​ឡើយ​ទេ ។

លោក​សន្យា​ថា នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​និង​រក​វិធី​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​ខេត្ត នា​ពេល​ខាងមុខ​នេះ ។

លោក​បាន​ថ្កោលទោស​សកម្មភាព​ទាំងឡាយ​ណា ដែល​អនុវត្ត​ផ្ទុយ​ពី​ការកំណត់​ដោយ​ច្បាប់ ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ។

តាមលំដាប់​លេខ​រៀង​នៃ​ការចេញ​ប័ណ្ណ​ឆ្លងដែន​រហូត​មកទល់​ដំណាច់​ខែ​មេសា ឆ្នាំ​២០០៨​នេះ គេ​ឃើញ​មាន​អ្នក​កាន់​ប័ណ្ណ​ប្រភេទ​នេះ ដល់​លេខ​រៀង​លំដាប់​ទី​៥​ម៉ឺន​ហើយ ។

ប័ណ្ណ​ឆ្លងដែន​ពណ៌​ស ឬ Border Pass ដែល​ផ្តល់​ដោយ​សមត្ថកិច្ច​ប៉ូលិស​ព្រំដែន​ខ្មែរ​នោះ អាច​ប្រើ​បាន​រយៈពេល ២​ឆ្នាំ ហើយ​អ្នកកាន់​ប័ណ្ណ​នេះ​ត្រូវ​ចេញ​ពី​ប្រទេស​ថៃ​ទៅ​បោះត្រា​ចេញ​និង​ចូល នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តរជាតិ​ប៉ោយប៉ែត​ជា​រៀង​រាល់ ១​សប្តាហ៍​ម្តង ៕