រឿង​ពុករលួយ​ក្នុង​ការចេញ​ប័ណ្ណ​ឆ្លង​ដែន​នៅ​ច្រក​ប៉ោយប៉ែត​ត្រូវ​បាន​ទម្លាយ

2008-05-26

អំពើ​ចោទប្រកាន់​ពុករលួយ​ក្នុង​ការចេញ​ប័ណ្ណ​ឆ្លងដែន (Border Pass) ដោយ​ការយក​កម្រៃ​ច្រើន​លើស​ពី​អត្រា​កំណត់​របស់​រដ្ឋ​ពី​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​ចូលទៅ​ប្រកប​របរ​រកស៊ី​ក្នុង​ទឹកដី​ថៃ ដោយ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ នៅច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​បាន​គេ​ទម្លាយ ។

អ្នកស្រី អោម ណឹម គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលករ​ខ្មែរ​រាប់រយ​នាក់​ដែល​មក​រក​ការងារ​ធ្វើ​នៅស្រុក​អារញ្ញ ខេត្ត​ស្រះកែវ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គាត់​ត្រូវ​បាន​ប៉ូលិស​ខ្មែរ ផ្នែក​អន្តោប្រវេសន៍​យក​ប្រាក់​ចំនួន ៨៥០​បាត ក្នុង​ការចេញ​ប័ណ្ណ​ឆ្លងដែន​ពណ៌​ស​មួយនេះ ។

ពលករ​ខ្មែរ​ឯទៀត ដែល​បាន​ចូល​ទៅ​ធ្វើការ​នៅ​ស្រុក​អារញ្ញ កាប៊ីនបូរី ខេត្ត​ស្រះកែវ និង​នៅស្រុក​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្ត​ប្រាជីនបូរី ដោយ​ប្រើ​ប័ណ្ណ​ឆ្លងដែន​ពណ៌​ស​ប្រភេទ​នេះ បាន​និយាយ​ថា ពួកគេ​បាន​ចំណាយ​ប្រាក់​ក្នុង​ម្នាក់​ៗ​ពី ៨០០ ទៅ ១៥០០​បាត ឬពី ៨​ម៉ឺន ទៅ ១៥​ម៉ឺន​រៀល​សម្រាប់​ជា​ថ្នូរ​នឹង​ការទទួល​យក​ប័ណ្ណ​មួយ​នេះ ៖ «ប័ណ្ណ​អស់ ១៥​ម៉ឺន​លុយ​ខ្មែរ ។ អស់ ១៤៥០​បាត ធ្វើ​ភ្លាម​យក​ភ្លាម ឲ្យ​លុយ​គេ​ទៅ គេ​នាំ​យើង​ទៅ​ថត ដល់​ពេល​នេះ​គេ​ចេញ​ប័ណ្ណ​មក គេ​ចែក​លុយ​គ្នា ។ ប៉ូលិស​គេ​ធ្វើ ។ បើ​យើង​ថា ប្រញាប់​អ៊ីចឹង គេ​ទារ ១២០០ ឬ​ក៏​១៥០០​អី ។ កន្លែង​ខ្មែរ​ប៉ូលិស​អ្នក​យក​លុយ ធ្វើ​ភ្លាម​យក​ភ្លាម»

ប័ណ្ណ​ឆ្លងដែន​ពណ៌​ស ដែល​អាច​ប្រើ​បាន​រយៈពេល​២​ឆ្នាំ និង​តម្រូវ​ឲ្យ​ពលករ​ម្នាក់​ចេញ​ពី​ទឹកដី​ថៃ បាន​បោះត្រា​ចូល​និង​ចេញ​ពី​ទឹកដី​ខ្មែរ​ក្នុង​រយៈពេល​៧​ថ្ងៃ​ម្តង​នេះ ចេញ​ដោយ​សមត្ថកិច្ច​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​តាម​អនុក្រឹត្យ​កំណត់​ឲ្យ​បង់​ប្រាក់​ពី ២០.០០០ ទៅ ៣០.០០០​រៀល​ក្នុង​ប័ណ្ណ​នីមួយ​ៗ ហើយ​មិន​តម្រូវ​ឲ្យ​ពលករ​បង់ប្រាក់​ក្នុង​ការចេញ​ចូល​មក​ទទួល​សេវា​បោះត្រា​ពី​សមត្ថកិច្ច​ប៉ូលិស​ច្រកទ្វារ​ប្រចាំ​សប្តាហ៍​នោះ​ទេ ។

ប័ណ្ណនេះ ចុះហត្ថលេខា​ដោយ​អនុសេនីយ៍​ឯក សៅ ប៊ុនរិទ្ធ មន្រ្តី​អន្តោប្រវេសន៍​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។

វិទ្យុ អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សៅ ប៊ុនរិទ្ធ បាន​ទេ ប៉ុន្តែ​មន្ត្រី​ទទួល​ខុសត្រូវ​ផ្នែក​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លោក ឯម ថុន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​សុំ​ឲ្យ​សួរ​ទៅ​ថ្នាក់​លើ ។

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ដែល​ទទួល​ខុសត្រូវ​កិច្ចការ​ច្រកទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត លោក សុខ សារ៉េត បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពិនិត្យ​មើល​រឿង​នោះ និង​ថា ការអនុវត្ត​ទាំងឡាយ​ណា ដែល​ផ្ទុយ​ពី​ការកំណត់​ដោយ​ច្បាប់ ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ គឺជា​ការរំលោភ​ច្បាប់ ៖ «កាលណា​គេ​រក​អ្វី​ដែល​គ្មាន​ច្បាប់​ចែង​នោះ គឺ​បុគ្គល​គេ​យក​ទេ កុំ​បន្ទោស​មក​រដ្ឋ​យើង ប៉ុន្តែ​យើង​ស្រាវជ្រាវ​ទៀត បុគ្គល​ណា​យក មូលហេតុ​អី​គេ​យក ដែល​លោក​លើក​ឡើង​មិញ​ហ្នឹង»

រហូត​មកទល់​ពេលនេះ លំដាប់​លេខ​រៀង​អ្នក​កាន់ប័ណ្ណ​ឆ្លងដែន​ពណ៌​ស​ដែល​ចេញ​ដោយ​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ប៉ោយប៉ែត ត្រូវ​បាន​គេ​មើល​ឃើញ​ឡើង​ដល់​ជាង ៥​ម៉ឺន​នាក់ ហើយ ។

ប្រធាន​គម្រោង​ប្រឆាំង​អំពើ​ពុករលួយ​របស់​អង្គការ ផែក ឃែមបូឌា លោក សេក បរិសុទ្ធ ចាត់ទុក​សកម្មភាព​យក​កម្រៃ​ពី​ពលករ​ក្នុង​ការចេញ​ប័ណ្ណ​ឆ្លងដែន​ហួសពី​អត្រា​កំណត់​ដោយ​រដ្ឋ គឺ​ជា​អំពើ​ពុករលួយ ដែល​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ពន្ធ​គប្បី​ប្រញាប់​ប្រញាល់​បោស​សំអាត ប្រសិនបើ​ការអះអាង​របស់​ពលរដ្ឋ​ទាំងនោះ​ជា​ការពិត ។

តាមរបាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​បរទេស​ឯករាជ្យ​ដ៏ល្បី​ឈ្មោះ​មួយ ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (USAID) កាលពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា​បាត់​លុយ​ទៅ​លើ​អំពើ​ពុករលួយ​ពី​ចន្លោះ ៣០០ ទៅ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ ៕

អត្ថបទ​ដែល​ទាក់ទង

កង​វិស្វកម្ម​នៅ​ស្រុក​បាធាយ​ចោទ​ថា មេ​របស់​ខ្លួន​កិបកេង​ប្រាក់​ឧបត្ថម្ភ

ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​បាត់ដំបង​រង​ការចោទ​ប្រកាន់​ថា​ពុក​រលួយ

សង្គម​ស៊ីវិល​និងបក្ស​នយោបាយ​គ្រោង​ប្រជុំ​ពី​បញ្ហា​ពុករលួយ

សង្គមស៊ីវិល​និង​ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ

ការក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​និង​អំពើ​ពុករលួយ​នៅ​ច្រក​ប៉ោយប៉ែត

ហ៊ុន សែន ព្រមានពី​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​ជន​ពុករលួយ

បេក្ខជន​ដាក់ពាក្យ​សុំធ្វើការ​ជា​អ្នក​រៀបចំ​បោះឆ្នោត​ចោទ​ថា មាន​ការទារ​ប្រាក់

ប៉េអឹម​ស្រុក​ដូនកែវ​ខេត្ត​តាកែវ​ជំរិត​ទារ​ប្រាក់​អ្នក​លក់​ឱសថ​បុរាណ

ពលរដ្ឋ​ខ្មែរ​ត្អូញ​ត្អែរ​អំពី​ការទារ​ប្រាក់​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត