ការចោទប្រកាន់នេះបានកើតមានឡើងបន្ទាប់ពីដើមចោទគឺលោក លន់ បណ្តូ ដែលជាជនជាតិព្នងនិងជាមន្ត្រីនៃអង្គការ IDDC បានឲ្យដឹងបន្ថែមថា សមត្ថកិច្ចដែលមិនធ្លាប់និយាយរកគ្នាសោះនោះបែរជាឡើងទៅលើផ្ទះរបស់ខ្លួនកាលពីម៉ោង៦ល្ងាចថ្ងៃទី២៧ តុលា ហើយបាញ់ចំនួនពីរគ្រាប់ក្នុងគោលបំណងធ្វើឃាតភរិយាលោកទាំងយប់។
លោក លន់ បណ្ដូ បានឲ្យដឹងថា ៖ «ខ្ញុំចោទគេថាប៉ងសម្លាប់ប្រពន្ធខ្ញុំ រំលោភការរស់នៅ លំនៅឋាន។ ហេតុអីបានជាអត់ព្រមចាត់ការរឿងហ្នឹង?»។
ភរិយាលោក លន់ បណ្តូ បានបញ្ជាក់ពីហេតុការណ៍នោះថា ជនត្រូវចោទប្រកាន់ឈ្មោះ ធារ៉ា ជាប៉ូលិសយាមការពារព្រំដែន បានជិះម៉ូតូហួសផ្ទះខ្លួនហើយបត់មកវិញ ហើយឡើងទៅលើផ្ទះសួររកម្ចាស់ផ្ទះបណ្តើរដៃក៏ដោះកាំភ្លើងពីលើស្មាបណ្តើរ ធ្វើឲ្យអ្នកស្រីឃើញស្ថានភាពមិនស្រួលក៏រត់កាត់ព្រៃតែម្តងទៅ។
ភរិយាលោក លន់ បណ្តូ បានបញ្ជាក់ថា ៖ «ឈ្មោះ សេង ធារ៉ា ហៅថា ក្អូន ឈ្មោះហ្នឹងមកដល់ផ្ទះរបស់ខ្ញុំ ហើយឃើញគាត់ដោះកាំភ្លើងពីស្មា ហើយខ្ញុំឃើញមិនស្រួល ខ្ញុំចុះរត់បាន៣០ម៉ែត្រឮកាំភ្លើងមួយគ្រាប់ ទៅបាន១០០ម៉ែត្រផ្ទុះមួយគ្រាប់ទៀត»។
អធិការរងស្រុកអូររាំងគឺលោក សារឹម បានបញ្ជាក់ថា លោកកំពុងធ្វើការស៊ើបអង្កេតដើម្បីបញ្ជូនទៅថ្នាក់លើក្នុងការចាត់វិធានការ។
លោក សារឹម បានមានប្រសាសន៍ថា ៖ «ខ្ញុំអត់ទាន់ហ៊ានឃាត់ខ្លួនទេ ពីព្រោះអីមេខាងព្រំដែនគេយកទៅទុកនៅស្នាក់ការវរព្រំដែននៅដាក់ដាំ ឃាត់ខ្លួនទុកនៅទីនោះសិន។ បញ្ហារឿងផ្ទុះហ្នឹង វាអត់ទាន់ជាក់លាក់ឲ្យគ្រប់គ្រាន់។ សំណុំរឿងហ្នឹងខ្ញុំកសាងបញ្ជូនឡើងទៅស្នងការដ្ឋាន ប៉ុន្តែខ្ញុំអត់ទាន់មានសាក្សីគ្រប់គ្រាន់ ខ្ញុំអត់ទាន់បានបញ្ជូនទៅ។ គូវិវាទទាំងសងខាងពីដើមមកអត់មានពាក់ព័ន្ធអីជាមួយនឹងគ្នាផងហ្នឹង។ បើតាមចុងចោទ... ការសង្កេតនិងសន្និដ្ឋានមើល ខ្ញុំមិនជឿថាបាញ់លើផ្ទះ...»។
លោក ឆាយ ធី មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថា បើសិនជារកទៅឃើញមានដូចការចោទប្រកាន់ពិតមែននោះ សមត្ថកិច្ចត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់។
លោក ឆាយ ធី បានអះអាងថា ៖ «ជាការរំលោភ យើងជាសមត្ថកិច្ចហើយយើងប្រើកាំភ្លើងបាញ់បោះដោយអនាធិបតេយ្យ ស្ថាប័នមានសមត្ថកិច្ចធ្វើអន្តរាគមន៍កោះហៅជនល្មើសមកធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រោះការផ្ទុះអាវុធ មិនថាចំពោះផ្ទះអ្នកដទៃទេ សូម្បីផ្ទុះអាវុធនៅផ្ទះខ្លួនឯងបែបអនាធិបតេយ្យក៏ត្រូវតែឲ្យមានទោសក្នុងផ្លូវច្បាប់ដែរ»។
លោក លន់ បណ្តូ បានបញ្ជាក់បន្ថែមថា លោកបានដាក់ពាក្យបណ្តឹងចូលសមាគមសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី៥ វិច្ឆិកា បន្ទាប់ពីពុំមានឃើញជនប្រព្រឹត្តត្រូវគេចាប់ខ្លួនដើម្បីសាកសួរ ហើយភរិយាលោកអះអាងថា អ្នកស្រីនឹងទារសំណងជំងឺចិត្តចំនួន១ពាន់ដុល្លារដើម្បីសែនព្រេនតាមប្រពៃណីជនជាតិ៕
