បុរសឈ្មោះ ឈុំ ឈាង ប្រជាពលរដ្ឋនៅឃុំច្រណូក ដែលបានដឹកទំនិញមួយចំនួនដូចជាឥដ្ឋ ក្បឿង អង្ករ អំពៅ ចេក ជាដើម ពីខេត្តកំពង់ធំមកសំចតលក់នៅកំពង់ដរ ភូមិកំពង់បឹង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃ២៩ វិច្ឆិកា ថា ប៉ូលិសប៉ុស្តិ៍នៅកំពង់ដរ បានហៅគាត់ឡើងទៅប៉ុស្តិ៍ដោយប្រាប់គាត់ថា បើចង់លក់ទំនិញនៅទីនេះត្រូវបង់៤០% នៃតម្លៃដែលគាត់លក់បាន ទើបគាត់អាចសំចតលក់នៅទីនេះបាន។
លោក ឈុំ ឈាង មានប្រសាសន៍ដូច្នេះថា ៖ «ចំណេញមិនចំណេញ គេយកដឹងតែពីយើងតែម្ដង យក ៤០%។ ឧទាហរណ៍ថា ១០០រៀល គេយក ៤០រៀល គេទុកឲ្យខ្ញុំ ៦០រៀលទេ ចំណេញចេញអីគេអត់ដឹងទេ គេដឹងតែយកលុយតែម្ដង។ ខ្ញុំកាត់ពីស្រុកចំណូក មកខេត្តកំពង់ឆ្នាំង មកទិញជាអង្ករ ជាអំពៅ ទិញជាឥដ្ឋដើរលក់ដូរតាមភូមិតាមស្រុកដើរសំពីងសំពោង ហើយយកពន្ធអី។ ឥឡូវវាខុសច្បាប់ដែរឬអត់? បើខុសច្បាប់ បងឯងប្រាប់ខ្ញុំមក»។
មិនអាចទាក់ទងសុំការបំភ្លឺពីប៉ូលិសប៉ុស្តិ៍ប្រចាំការនៅកំពង់ដរ កំពង់បឹង បានទេ នៅល្ងាចថ្ងៃ៣០ វិច្ឆិកានេះ ប៉ុន្តែជំទប់ទី១ ឃុំកំពង់ហៅ លោក យឹម ធឿន មានប្រសាសន៍ថា ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំ ពុំមានឈរប្រចាំការនៅកំពង់ដរ កំពង់បឹងទេ។
លោកបន្តថា ប៉ូលិសស្រុកជាអ្នកទទួលខុសត្រូវនៅទីនោះ ៖ «នៅកំពង់ដរនោះ មានខាងស្រុកទេ អត់មានប៉ុស្តិ៍ខ្ញុំទេ»។
អធិការប៉ូលិសស្រុកកំពង់លែង លោក មាស សុធីម បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋលោកមានប្រសាសន៍ថា ៖ «ខ្ញុំអត់ក្ដាប់បានផង ហើយពួកប៉ូលិសខ្ញុំមិនដែលធ្វើអ៊ីចឹងនោះទេ... បើមាន មានខាងប៉េអឹមអីអ៊ីចឹង...ខ្ញុំអត់ដឹងទេ ប៉ុន្តែខាងប៉ូលិសខ្ញុំអត់ដឹងទេ»។
ចំណែកអភិបាលស្រុកកំពង់លែង លោក ម៉ាន់ អេលី មានប្រសាសន៍ថា លោកពុំទាន់បានដឹងរឿងនេះទេ ហើយលោកអំពាវឲ្យប្រជាពលរដ្ឋរាយការណ៍មកដើម្បីលោកមានវិធានការ។
លោក ម៉ាន់ អេលី មានប្រសាសន៍ថា ៖ «ដូចជាអត់មានសមត្ថកិច្ចប៉ូលិសឯណាឈរជើងដើម្បីស្ទាក់យកស្អីពីប្រជាពលរដ្ឋអី អត់មានទេ»។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសមរង្ស៊ីមណ្ឌលខេត្តកំពង់ឆ្នាំង លោក ឃី វ៉ាន់ដេត មានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់គួរត្រួតពិនិត្យនិងជួយបំបាត់បញ្ហានេះប្រយោជន៍ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការប្រកបរបររកស៊ី ទើបជីវភាពពួកគាត់បានប្រសើរស្របតាមគោលនយោបាយបំបាត់ភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕
