ប៉ូលិស​ប៉ុស្តិ៍​នៅ​អន្លង់វែង​រង​ការ​ចោទ​ថា​អនុវត្ត​ច្បាប់​មិន​សមរម្យ

តំណាង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ដែល​កំពុង​បោះ​ទីតាំង​តម្បាញ​នៅ​ភូមិ​ទួលគ្រួស ឃុំ​ថ្លាត ស្រុក​អន្លង់វែង បាន​ចោទ​ប្រកាន់​ក្រុម​ប៉ូលិស​ប៉ុស្តិ៍​ប្រចាំ​ឃុំ​នោះ​ថា បាន​អនុវត្ត​ច្បាប់​មិន​សម​រម្យ​ទៅ​លើ​កម្ម​ករ​របស់​គេ​៧​នាក់​ដែល​ទៅ​ស្នាក់​នៅ​ធ្វើ​ការ​នៅ​ទី​នោះ ដោយ​ដក​ហូត​យក​អត្តសញ្ញាណ​ប័ណ្ណ​ទៅ​រក្សា​ទុក​នៅ​កន្លែង​ប៉ូលិស​និង​ទារ​ឲ្យ​បង់​លុយ​ផង។

លោក អ៊ូច សៀករ៉ាន់ តំណាង​ក្រុមហ៊ុន​មួយ​ដែល​ជា​ដៃគូ​របស់​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កុម្ភៈ ថា ប៉ូលិស​ប៉ុស្តិ៍​ថ្លាត​បាន​ចូល​មក​ក្នុង​សហគមន៍​និង​បាន​ហៅ​កម្មករ ៧​នាក់​មក​សាកសួរ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ រួច​ហើយ​ដក​ហូត​យក​អត្តសញ្ញាណ​ប័ណ្ណ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ប៉ូលិស។

លោក​បាន​ចោទ​ប្រកាន់​ថា ទង្វើ​របស់​ប៉ូលិស​នោះ​គឺ​ទារ​យក​ប្រាក់​ពី​ម្ចាស់​អត្តសញ្ញាណ​ប័ណ្ណ ៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ៖ «ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ហ្នឹង​ចូល​មក​ធ្វើ​កំណត់ហេតុ​មក​ស្នាក់នៅ ធ្វើ​ជាង​ធ្វើ​អ្វី​នៅ​សហគមន៍​អ៊ីចឹង។ យក​អត្តសញ្ញណប័ណ្ណ កត់​លេខ​កត់​អី រួច​គាត់​អត់​ឲ្យ​វិញ គាត់​ថា ចាំ​ទៅ​ផ្ទះ​វិញ​ចាំ​យក​អត្តសញ្ញាណ​ប័ណ្ណ តែ​ឲ្យ​បង់​លុយ​ម្នាក់ ៥​ម៉ឺន​រៀល»

ក៏​ប៉ុន្តែ​ប្រធាន​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ឃុំ​ថ្លាត លោក អុល រុន បាន​បដិសេធ​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ប៉ូលិស​របស់​លោក​បាន​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ទៅ​វិញ​នោះ។

លោក អុល រុន បាន​ទទួល​ស្គាល់​ថា ប៉ូលិស​របស់​លោក​ពិត​ជា​បាន​អនុវត្ត​ការ​ដក​ហូត​អត្តសញ្ញាណ​ប័ណ្ណ ឬ​ឯកសារ​ផ្សេង​ៗ​របស់​អ្នក​ដែល​មក​ស្នាក់នៅ​មែន ទៅ​តាម​ការ​ណែនាំ​មួយ​ដែល​ចេញ​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ ដើម្បី​ឲ្យ​ដឹង​ស្ថិតិ​អ្នក​ចេញ​ចូល​ច្បាស់លាស់​ប៉ុណ្ណោះ មិន​បាន​ទារ​លុយ​ទេ។

លោក អុល រុន បាន​បញ្ជាក់​ថា ៖ «ជន​ណា​ម្នាក់​មក​ពី​ខេត្ត​ផ្សេងៗ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​ថា យើង​ចុះ​បញ្ជី​ស្នាក់នៅ​ក៨។ បើ​មាន​ឯកសារ​តម្កល់​ជាប់​នឹង​ខ្លួន សៀវភៅ​គ្រួសារ ឬ​អត្តសញ្ញាណ​ប័ណ្ណ​អី សុំ​គាត់​មក​តម្កល់​ទុក ហើ​យយើង​ចេញ​លិខិត​បង្កាន់​ដៃ​មួយ ក៩ ឲ្យ​ទៅ​គាត់ គាត់​វិល​ត្រឡប់​ទៅ​វិញ យក​បង្កាន់​ដៃ​ក៩​នោះ​មក​ដូរ​យក​កំណត់​ហេតុ​តម្កល់​ទុក»

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា គេ​ទើប​តែ​សាកល្បង​អនុវត្ត​បែប​នេះ​ជា​លើក​ដំបូង។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា បាន​ច្រាន​ចោល​ទង្វើ​របស់​ប៉ូលិស​បែប​នោះ​ថា មិន​ត្រឹមត្រូវទេ។ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាន​ធានា​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ ហើយ​អ្នក​ដំណើរ​ដែល​ទៅ​ស្នាក់នៅ​កន្លែង​ណា​មួយ​គឺ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ជា​ការ​គួរសម។

លោក ខៀវ សុភ័គ បាន​អះអាង​ថា ៖ «អត់​មាន​ត្រូវ​ជូន​ដំណឹង​ដូច​ជា ៣​មិន ១​រាយការណ៍ អី​ទៀត​ទេ​ឥឡូវ​នេះ ពីព្រោះ​ស្រុក​យើង​គឺ​ការ​ធ្វើ​ដំណើរ ការ​រស់​នៅ​អី គឺ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ហើយ។ អ្វី​ដែល​យើង​សុំ​ឲ្យ​អ្នក​ចំណូល​ថ្មី​ហ្នឹង​ជម្រាប​ភូមិ​ឃុំ​គេ​ដឹង​ឮ អា​ហ្នឹង​ជា​រឿង​ធម្មតា​ទេ មិនមែន​តែ​ប្រទេស​ខ្មែរ​យើង​ទេ តែ​រហូត​ដល់​ថា ឲ្យ​ដក​ប៉ាស្ព័រ ឲ្យ​ដក​លិខិត​ធ្វើ​ដំណើរ​អី​អត់​មាន​ណែនាំ​អ៊ីចឹង​ទេ»

មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​អាច​ធ្វើ​ការ​សាកសួរ​សុំ​ឈ្មោះ​តិចតួច​ដើម្បី​​សន្តិសុខ ក៏​ប៉ុន្តែ​មិន​មាន​បញ្ជា​ណា​ឲ្យ​ដក​ហូត​ឯកសារ​អ្នក​ដំណើរ​ទេ៕