មន្ត្រី​សិទ្ធិ​មនុស្ស​ចោទ​ថា នគរបាល​ស្រុក​អូរជ្រៅ​ព្យាយាម​បិទ​បាំង​ករណី​ឃាតកម្ម

មន្ត្រី​សិទ្ធិ​មនុស្ស បាន​ថ្លែង​ចោទ​ប្រកាន់​ថា នគរបាល​ស្រុក​អូរជ្រៅ បាន​ព្យាយាម​បិទ​បាំង​ករណី​ឃាតកម្ម តាមរយៈ​ការសម្រប​សម្រួល​ឲ្យ​លុយ ២​ម៉ឺន​បាត មិន​ឲ្យ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​បដិសេធ។

0:00 / 0:00

លោក ស៊ុម ចាន់គា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៏​ថា លោក ជិត លីឡាយ អាយុ ៤០​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល ហៅ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ សម្រុះ​សម្រួល​ឲ្យ​លុយ ២​ម៉ឺន​បាត ជំនួស​ជីវិត​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​សម្លាប់។

លោក ស៊ុម ចាន់គា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ខាង​សមាគម​អាដហុក កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​ការកើត​ឡើង​ហ្នឹង ក្រោយ​ពី​ការ​ស្បត់ចូ​លកាន់​តំណែង​ជា​មន្រ្តី​ប៉ូលិស​យុត្តិធម៌ ហើយ​ក៏​នៅ​តែ​ធ្វើ​របៀប​អ៊ីចឹង​ទៀត ដែល​ពាក់ព័ន្ធ​ទៅ​លើ​ការ​ដែល​ខ្លួន​ជា​មន្រ្តី​យុត្តិធម៌ រក​យុត្តិធម៌​ជូន​ជនរងគ្រោះ»

លោក ជិត លីឡាយ រស់​នៅ​ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែ​តុលា កូន​ប្រុស អាយុ ១២​ឆ្នាំ បាន​សុំ​ទៅ​បទ​ជើង​ក្រៅ​ផ្ទះ ហើយ​បាន​បាត់​ខ្លួន រហូត​ដល់​ម៉ោង ២​រសៀល ទើប​រក​ឃើញ​សព​កូន​ដែល​គេ​យក​ប្លុង​ចោល​ក្នុង​វត្ត​ប៉ាលិលេយ្យ។

លោក​បាន​បន្ត​ថា កូន​ប្រុស​លោក​ត្រូវ​បាន​ស្លាប់ ដោយ​ការ​កាច់​បំបាក់​ក ប្រព្រឹត្ត​ដោយ​ជន​សង្ស័យ ឈ្មោះ ផល ជា​មេការ​នៅ​ផ្ទះ​របស់​ឈ្មោះ លឹម ឃាង ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន ឃុំ​ប៉ោយប៉ែត ប៉ុន្តែ​ខាង​ភាគី​ម្ចាស់​ផ្ទះ​អះអាង​ថា ស្លាប់​ដោយសារ​ការឆក់​នឹង​ខ្សែ​ភ្លើង​នៅ​ពេល​ជន​រងគ្រោះ មាន​បំណង​ចូល​ទៅ​លួច​អីវ៉ាន់​នៅ​ទីនោះ។

លោក លី ឡាយ បាន​បន្ត​ថា ក្រោយ​ពី​បូជា​សព​កូន​រួច លោក​ត្រូវ​បាន​នគរបាល​ហៅ​ឲ្យ​ទៅ​យក​លុយ ២​ម៉ឺន​បាត នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ដោយ​មាន​កិច្ចសន្យា​មិន​ឲ្យប្តឹង​ផ្តល់​និង​ថត​រូប​កាន់​លុយ​ទុក​ជា​ភស្តុតាង។

លោក លី ឡាយ មាន​ប្រសាសន៍​ថា ៖ «ប៉ូលិស​គេ​ហៅ​គេ​ថា ខ្មោច​ហ្នឹង​ស្លាប់​ហើយ គេ​សួរ​ថា យើង​យក​លុយ​ប៉ុន្មាន គេ​ឲ្យ​ខ្ញុំ​អាន​ក្រដាស ៦​សន្លឹក​ហើយ ឲ្យ​លុយ ២​ម៉ឺន​បាត​ហើយ​ថត។ ថត​ដាក់​លុយ​ឲ្យ​កាន់ អក្សរ​កិច្ចសន្យា​គេ​ថា មិន​អាច​តវ៉ា​ទៀត​បាន​ទេ»

លោក អ៊ឹង សុងយូ អធិការ​នគរបាល​ស្រុក​អូរជ្រៅ បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​ពី​ករណី​នេះ​ទេ ប៉ុន្តែ​បញ្ជាក់​ថា៖ «បាទ! អ្វី​ដែល​មាន​បណ្តឹង​ប៉ូលិស​ត្រូវ​តែ​ធ្វើ ត្រូវ​តែ​អនុវត្ត។ ចាំ​មើល​ខ្ញុំ​ទៅ​ពី​ភ្នំពេញ ពីព្រោះ​ខ្ញុំ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ សុន សាវុធ»

លោក សុន សាវុធ អធិការ​នគរបាល​ស្រុក​អូរជ្រៅ បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​នេះ ប៉ុន្តែ​ថា លុយ​២​ម៉ឺន​នោះ​គឺ​ម្ចាស់​ផ្ទះ​ឲ្យ​ទៅ​ឪពុក​ជន​រង​គ្រោះ​ដើម្បី​ធ្វើ​បុណ្យ​សព។

លោក សុន សាវុធ មាន​ប្រសាសន៍​ថា ៖ «រឿង​ហ្នឹង មិនមែន​ប៉ូលិស​អ្នក​សម្រប​​សម្រួល​ទេ ធម្មតា​ទេ កាលណា​គាត់​សុំ​គេ កាលណា​គេ​ប្រគល់​ឲ្យ​អាហ្នឹង​គេ​នេះ​ហើយ ប៉ុន្តែ​កិច្ច​សន្យា​យ៉ាង​ម៉េចៗ អាហ្នឹង​ដូច​អត់​មាន​ទេ»

លោក​បន្ត​ថា ប៉ូលិស​កំពុង​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​ជនល្មើស ដែល​កំពុង​គេច​ខ្លួន។ទោះបី​យ៉ាង​នេះ​ក្តី មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​នគរបាល​អនុវត្ត​​​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​មិន​អនុញ្ញាត​ឲ្យ​ជន​ល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ៕