នគរបាល​ខណ្ឌ​ដង្កោ​រង​ការ​ចោទ​ថា​បាញ់​សម្លាប់​មនុស្ស​ច្រឡំ

2009-10-20

អាជ្ញាធរ​នគរបាល​មូលដ្ឋាន​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បាញ់​សម្លាប់​កម្មករ​សំណង់​ម្នាក់​ស្លាប់​ភ្លាមៗ កាល​ពី​ល្ងាច​ថៃ្ង​អាទិត្យ​ថ្មីៗ​នេះ ដោយ​ច្រទ្បំ​មនុស្ស​ដោយ​មិន​សាកសួរ​រក​ហេតុ​ផល​ជា​មុន​ទ្បើយ មុន​នឹង​បាញ់​ប្រហារ​មក​លើ​កម្មករ​នោះ។

លោក ប៊ុត វីរៈ អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ រស់​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ និង​ជា​បង​ប្រុស​របស់​លោក ប៊ុត សារឿន ជា​កម្មករ​រង​ការ​បាញ់​សម្លាប់​ដោយ​សមត្ថកិច្ច​នគរបាល​នោះ បាន​ថែ្លង​ថា មេ​ភូមិ​បាន​នាំ​សមត្ថកិច្ច​ចំនួន​៣​ឬ​៤​នាក់​មក​បាញ់​រះ​ចំ​ប្អូន​ប្រុស​របស់​លោក​ដោយ​គ្មាន​បាន​សាកសួរ​រក​ហេតុផល​អ្វី​ទាំង​អស់ កាល​ពី​ល្ងាច​ថៃ្ង​អាទិត្យ​ថ្មីៗ​នេះ។

លោក ប៊ុត វីរៈ បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ដែល​ស្លាប់​ហ្នឹង​គឺ​ប្អូន​ខ្ញុំ​បង្កើត ឈ្មោះ ប៊ុត សារឿន។ គាត់​ជា​កម្មករ​សំណង់​ដូច​ខ្ញុំ​ដែរ តែ​គាត់​មក​លេង​ខ្ញុំ ជួប​នឹង​ឧប្បត្តិហេតុ​ក្មេង​ឈ្លោះ​គ្នា​ទៅ មេ​ភូមិ​នាំ​សមត្ថកិច្ច​មួយ​ក្រុម ចំនួន​ប្រហែល​ជា​៤​នាក់ ទាំង​អស់​គ្នា​ប្រហែល​ជា​៥​នាក់​ទាំង​មេ​ភូមិ... មក​បាញ់​មនុស្ស​ច្រឡំ ត្រូវ​ប្អូន​ខ្ញុំ... អត់​ត្រូវ​ខ្ញុំ​ទេ ត្រូវ​ប្អូន​ខ្ញុំ​ស្លាប់។ បាញ់​រះ​ហើយ ក៏​ខ្ញុំ​អត់​ដឹង​ថា​ត្រូវ​ប្អូន​ខ្ញុំ​ដែរ គេ​វ៉ៃ​ខ្ញុំ ខ្ញុំ​សួរ​ថា​ហេតុ​អី​បាន​ជា​លោក​មក​អត់​មាន​ហេតុ​ផល មក​ដល់​បាញ់ ហើយ​បញ្ជា​ឲ្យ​ពួក​ខ្ញុំ​អង្គុយ អង្គុយ​ក៏​វ៉ៃ ឈរ​ក៏​វ៉ៃ»

សាក្សី​ម្នាក់​ឈ្មោះ សំរឹទ្ធ ត្រង់ អាយុ​៤៦​ឆ្នាំ ដែល​បាន​ដឹង​និង​ឃើញ​ហេតុការណ៍​ឃាតកម្ម​នោះ​និង​ជា​សាច់​ញាតិ​ជន​រងគ្រោះ​ផងដែរ បាន​ថែ្លង​ថា លោក​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ។

លោក សំរឹទ្ធ ត្រង់ បាន​បញ្ជាក់​ថា ៖ «ពួក​វា​ហ្នឹង​មាន​បញ្ហា​ជាមួយ​ក្មេងៗ ហើយ​វា​មក​បាញ់​ប្អូន​ខ្ញុំ ដាក់​ម៉ូតូ​មិន​ទាន់​បាន​ស្រួល​ផង​គេ​បាញ់​សម្លាប់​ប្អូន​ខ្ញុំ​តែម្ដង»

សុខ សេរី ៖ គ្នា​អត់​ដឹង​រឿង​អី​សោះ? សំរឹទ្ធ ត្រង់ ៖ បាទ។ សុខ សេរី ៖ ដាក់​ម៉ូតូ​ទើប​មក​ពី​ណា? សំរឹទ្ធ ត្រង់ ៖ មក​ពី​ផ្ទះ​នៅ​ព្រែក​ទា។ សំណូមពរ​ឲ្យ​រក​យុត្តិធម៌​ឲ្យ​អ្នក​រង​គ្រោះ។

លោក គៀត ចាន់ដារិទ្ធ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​របស់​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទ្បើយ​ទេ​ជុំវិញ​រឿង​ខាង​លើ​នេះ។

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា លីកាដូ ដែល​បាន​ដឹង​រឿង​ឃាតកម្ម​នេះ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ត្រូវតែ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ៖ «អង្គការ​លីកាដូ​យើង​នឹង​គ្រោង​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​លោក​ជ្រាប​និង​ចាត់​វិធានការ​លើ​ករណី​នេះ»

ការ​បាញ់​សម្លាប់​កម្មករ​ម្នាក់​ឈ្មោះ ប៊ុត សារឿន ជា​កម្មករ​សំណង់​ខាង​លើ​នេះ​គឺ​ក្រោយ​ពេល​ពី​មាន​ក្រុម​កម្មករ​ចំនួន​៣​ឬ​៤​នាក់​បាន​ឈ្មោះ​ប្រកែក​គ្នា​ជុំវិញ​ការ​ចែក​លុយ​គ្នា​មិន​ស្មើ កាល​ពី​ល្ងាច​ថៃ្ង​អាទិត្យ​វេលា​ម៉ោង​៤​ឬ​ម៉ោង​៥ ចុង​សប្តាហ៍​ថ្មីៗ​នេះ ហើយ​ក្រោយ​មក​នៅ​វេលា​ម៉ោង​៨​យប់ មេ​ភូមិ​បាន​នាំ​នគរបាល​មូលដ្ឋាន​ចំនួន​៣​នាក់ និង​ជន​ស៊ីវិល​ចំនួន​២​នាក់​រាប់​ទៀត​ទាំង​មេ​ភូមិ​ផងដែរ បាន​មក​បាញ់​រះ​ចំ​កម្មករ​ឈ្មោះ ប៊ុត សារឿន ដែល​មក​ឈរ​និយាយ​លេង​ជាមួយ​នឹង​បង​ប្រុស​របស់​គាត់​នៅ​ខាង​មុខ​ផ្ទះ​ដោយ​មិន​បាន​ដឹង​រឿង​អ្វី​ទ្បើយ។

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​នៅ​ឡើយ​ទេ​ទៅ​លើ​មន្ត្រី​នគបាល​រូប​នេះ។ ដោយឡែក​មន្ត្រី​សិទ្ធិ​មនុស្ស​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​នៅ​ជុំវិញ​រឿង​ឃាតកម្ម​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ