លោក ប៊ុត វីរៈ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ រស់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ និងជាបងប្រុសរបស់លោក ប៊ុត សារឿន ជាកម្មកររងការបាញ់សម្លាប់ដោយសមត្ថកិច្ចនគរបាលនោះ បានថែ្លងថា មេភូមិបាននាំសមត្ថកិច្ចចំនួន៣ឬ៤នាក់មកបាញ់រះចំប្អូនប្រុសរបស់លោកដោយគ្មានបានសាកសួររកហេតុផលអ្វីទាំងអស់ កាលពីល្ងាចថៃ្ងអាទិត្យថ្មីៗនេះ។
លោក ប៊ុត វីរៈ បានឲ្យដឹងថា ៖ «អ្នកដែលស្លាប់ហ្នឹងគឺប្អូនខ្ញុំបង្កើត ឈ្មោះ ប៊ុត សារឿន។ គាត់ជាកម្មករសំណង់ដូចខ្ញុំដែរ តែគាត់មកលេងខ្ញុំ ជួបនឹងឧប្បត្តិហេតុក្មេងឈ្លោះគ្នាទៅ មេភូមិនាំសមត្ថកិច្ចមួយក្រុម ចំនួនប្រហែលជា៤នាក់ ទាំងអស់គ្នាប្រហែលជា៥នាក់ទាំងមេភូមិ... មកបាញ់មនុស្សច្រឡំ ត្រូវប្អូនខ្ញុំ... អត់ត្រូវខ្ញុំទេ ត្រូវប្អូនខ្ញុំស្លាប់។ បាញ់រះហើយ ក៏ខ្ញុំអត់ដឹងថាត្រូវប្អូនខ្ញុំដែរ គេវ៉ៃខ្ញុំ ខ្ញុំសួរថាហេតុអីបានជាលោកមកអត់មានហេតុផល មកដល់បាញ់ ហើយបញ្ជាឲ្យពួកខ្ញុំអង្គុយ អង្គុយក៏វ៉ៃ ឈរក៏វ៉ៃ»។
សាក្សីម្នាក់ឈ្មោះ សំរឹទ្ធ ត្រង់ អាយុ៤៦ឆ្នាំ ដែលបានដឹងនិងឃើញហេតុការណ៍ឃាតកម្មនោះនិងជាសាច់ញាតិជនរងគ្រោះផងដែរ បានថែ្លងថា លោកទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះ។
លោក សំរឹទ្ធ ត្រង់ បានបញ្ជាក់ថា ៖ «ពួកវាហ្នឹងមានបញ្ហាជាមួយក្មេងៗ ហើយវាមកបាញ់ប្អូនខ្ញុំ ដាក់ម៉ូតូមិនទាន់បានស្រួលផងគេបាញ់សម្លាប់ប្អូនខ្ញុំតែម្ដង»។
សុខ សេរី ៖ គ្នាអត់ដឹងរឿងអីសោះ? សំរឹទ្ធ ត្រង់ ៖ បាទ។ សុខ សេរី ៖ ដាក់ម៉ូតូទើបមកពីណា? សំរឹទ្ធ ត្រង់ ៖ មកពីផ្ទះនៅព្រែកទា។ សំណូមពរឲ្យរកយុត្តិធម៌ឲ្យអ្នករងគ្រោះ។
លោក គៀត ចាន់ដារិទ្ធ ជាមន្រ្តីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជារបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៅទ្បើយទេជុំវិញរឿងខាងលើនេះ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅកាត់ថា លីកាដូ ដែលបានដឹងរឿងឃាតកម្មនេះ បានមានប្រសាសន៍ថា សមត្ថកិច្ចត្រូវតែរកយុត្តិធម៌ដល់ជនរងគ្រោះ។
លោក អំ សំអាត បានមានប្រសាសន៍ថា ៖ «អង្គការលីកាដូយើងនឹងគ្រោងដាក់លិខិតអន្តរាគមន៍ទៅខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ ដើម្បីឲ្យលោកជ្រាបនិងចាត់វិធានការលើករណីនេះ»។
ការបាញ់សម្លាប់កម្មករម្នាក់ឈ្មោះ ប៊ុត សារឿន ជាកម្មករសំណង់ខាងលើនេះគឺក្រោយពេលពីមានក្រុមកម្មករចំនួន៣ឬ៤នាក់បានឈ្មោះប្រកែកគ្នាជុំវិញការចែកលុយគ្នាមិនស្មើ កាលពីល្ងាចថៃ្ងអាទិត្យវេលាម៉ោង៤ឬម៉ោង៥ ចុងសប្តាហ៍ថ្មីៗនេះ ហើយក្រោយមកនៅវេលាម៉ោង៨យប់ មេភូមិបាននាំនគរបាលមូលដ្ឋានចំនួន៣នាក់ និងជនស៊ីវិលចំនួន២នាក់រាប់ទៀតទាំងមេភូមិផងដែរ បានមកបាញ់រះចំកម្មករឈ្មោះ ប៊ុត សារឿន ដែលមកឈរនិយាយលេងជាមួយនឹងបងប្រុសរបស់គាត់នៅខាងមុខផ្ទះដោយមិនបានដឹងរឿងអ្វីទ្បើយ។
មកដល់ពេលនេះ គេនៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេទៅលើមន្ត្រីនគបាលរូបនេះ។ ដោយឡែកមន្ត្រីសិទ្ធិមនុស្សកំពុងរៀបចំពាក្យបណ្តឹងនៅជុំវិញរឿងឃាតកម្មនេះ៕
