ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ

ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​ចុះ​ឆែកឆេរ​នៅ​តាម​ហាង​ម៉ាស្សា ផ្ទះ​សំណាក់​និង​សណ្ឋាគារ​មួយចំនួន នៅ​ខណ្ឌ​ដូនពេញ​និង​ខណ្ឌ​ឫស្សីកែវ ដោយ​ចាប់​បាន​ក្មេង​ស្រី​១៧​នាក់​ដែល​ជាប់​សង្ស័យ​ថា​បាន​ប្រកប​មុខរបរ​លក់​ខ្លួន​បម្រើ​កាមគុណ។

លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ មាន​ប្រសាសន៍​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ផ្សាយ​បន្ត​ថា ការ​ចុះ​បង្រ្កាប​បទល្មើស​ពេស្យាចារ​នោះ​គឺ​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​ផ្តើម​ពិធី​បុណ្យ​អុំ​ទូក​មួយ​ថ្ងៃ​ពីរ ដើម្បី​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍​ឆ្លង​ដល់​ក្រុម​កីឡាករ​ប្រណាំង​ទូក ដែល​អាច​នឹង​ចម្លង​បន្ត​នាំ​ទៅ​ដល់​ភរិយា​នៅ​ឯ​មូលដ្ឋាន។

អាជ្ញាធរ​ក្រុង​បាន​រំឭក​ដល់​ក្រុម​កីឡាករ​ប្រណាំង​ទូក​ថា លោក​អាច​ឈ្នះ​ការ​ប្រកួត​ប្រណាំង​ទូក ប៉ុន្តែ​លោក​មិន​អាច​ឈ្នះ​មេរោគ​អេដស៍​ទេ បើ​គ្មាន​កិច្ច​ការពារ​និង​ចៀសវាង៕