តំណាងប្រជាពលរដ្ឋចំនួន៧០គ្រួសារនៅភូមិ៤ លោក ប៉ុល តួរីស និយាយថា ពួកគាត់មិនបានលះបង់ការទាមទារនោះទេ ហើយបាននាំគ្នាសម្ងំស្ងៀមនៅក្នុងផ្ទះវិញ រង់ចាំការប្តូរស្លាប់ បើសិនជាមានការឈូសឆាយ។
លោក ប៉ុល តួរីស បានបញ្ជាក់ថា ៖ «មកឈូសផ្ទះខ្ញុំ ខ្ញុំសុខចិត្តស្លាប់នៅក្នុងផ្ទះ ព្រោះមិនអាចចុះញ៉មបានទេ។ លំនៅឋានរបស់ពួកខ្ញុំគឺជាជីវិតរបស់ពួកខ្ញុំ»។
មកដល់ពេលនេះ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះដែលអាជ្ញាធរត្រូវចុះរើកម្ទេចផ្ទះអ្នកស្រុក ក្រោយពីការប្រកាសកាលពីដើមសប្តាហ៍មុន ដោយទុករយៈពេលមួយសប្តាហ៍ចុងក្រោយទៀតសម្រាប់ការរុះរើ។
មន្ត្រីអ្នកការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត អត្ថាធិប្បាយថា អាជ្ញាធរបានធ្វើព្រងើយចំពោះការទាមទាររបស់ប្រជាពលរដ្ឋដែលនាំឲ្យក្រុមអ្នកឃ្លាំមើលជាច្រើននាក់ខកចិត្ត។
រយៈពេលពីរថ្ងៃមកនេះ វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលនិងអភិបាលរងនៃខណ្ឌដូនពេញ ប៉ុន្តែនៅតែមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានឡើយ។
ជាមួយគ្នានេះដែរ មន្ត្រីក្រុមប្រឹក្សាខណ្ឌដូនពេញនៃគណបក្សសមរង្ស៊ី លោក ហេង សំណាង ដែលបានចូលរួមប្រជុំកាលពីពេលថ្មីៗនេះ បានបង្ហើបថា គ្មានការយកចិត្តទុកដាក់និងដោះស្រាយចំពោះការទាមទារនោះទេ។
លោក ហេង សំណាង បានមានប្រសាសន៍ថា ៖ «ម្សិលមិញខ្ញុំនិយាយដែររឿងហ្នឹង តែខ្ញុំមិនហ៊ាននេះខ្លាំងទេ គ្រាន់តែនិយាយពីបញ្ហាការអភិវឌ្ឍផន់រាជរដ្ឋាភិបាលហ្នឹងណា៎ គេអត់ឆ្លើយ...»។
នៅថ្ងៃដដែលនេះដែរ ក្រុមការងារពិសេសនៃសិទ្ធិលំនៅឋានបានធ្វើសន្និសីទកាសែតជាសាធារណៈថា ក្រុមអ្នកភូមិ៤រស់នៅតំបន់បឹងកក់ព្រមទទួលយកនូវគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងរបស់រដ្ឋាភិបាល ដែលផ្តល់ឲ្យកាលពីឆ្នាំ២០០៧ ក៏ប៉ុន្តែពួកគាត់មិនព្រមចាកចេញពីតំបន់បឹងកក់នោះ ដោយរង់ចាំរយៈពេល៤ឆ្នាំក្រោយទើបត្រឡប់មកវិញនោះទេ ពីព្រោះអ្នកភូមិខ្លាចរដ្ឋអំណាចបំភ្លេចករណីនេះចោល។
គួរជម្រាបជូនថា ការចាប់ផ្តើមអនុវត្តគម្រោងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាគូ ក្រោយពីការអនុញ្ញាតឲ្យមានការវិនិយោគនាឆ្នាំ២០០៧មក មានប្រជាពលរដ្ឋនៅបឹងកក់ចំនួនពីរភូមិបានរងនូវការប៉ះពាល់។ ក្រុមសិទ្ធិមនុស្សអះអាងបន្ថែមទៀតថា នៅមានប្រជាពលរដ្ឋយ៉ាងហោចណាស់៤ភូមិទៀតដែលនឹងត្រូវប្រឈមមុខចំពោះការបណ្តេញចេញនេះ៕
