លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ស្នងការនគរបាលក្រុងភ្នំពេញដែលបានចាត់ការបញ្ជាឲ្យមានការចាប់ប្រមូលក្រុមកេ្មងអនាថានិងក្មេងហិតកាវនៅមុនថៃ្ងបុណ្យអុំទូកឈានមកដល់នោះ បានមានប្រសាសន៍បំភ្លឺប្រាប់វិទ្យុអាស៊ីសេរីថា វិធានការនោះគឺជាការថែរក្សាសណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋមិនមែនជាការរំលោភសិទ្ធិមនុស្សដូចការចោទប្រកាន់នោះទេ។
លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមបញ្ជាក់ថាអ៊ីចេះ ក្មេងអនាថា ក្រុងមានវិធានការប្រមូលក្មេងអនាថានេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម យើងមិនចង់ឲ្យមានអនាធិបតេយ្យ ជាពិសេសនៅជិតពេលបុណ្យអុំទូកនេះដែលជាបុណ្យជាតិមួយធំក្នុងការចូលរួមថ្នាក់ដឹកនាំជាតិ អន្តរជាតិ។ គឺយើងបានប្រមូលទៅឲ្យមន្ទីរសង្គមកិច្ច សង្គមកិច្ចគេនឹងយកទៅដាក់មជ្ឈមណ្ឌល គេបណ្ដុះបណ្ដាលវិជ្ជាជីវៈ គេជួយធ្វើស្អីៗ គឺជារឿងសង្គមកិច្ច សមត្ថកិច្ចខ្ញុំគ្រាន់តែប្រមូលក្មេងនោះដែរទេ។ ក៏ប៉ុន្តែបើសិនជាក្មេងអនាថានោះ គាត់ប្រព្រឹត្តបទល្មើស ដូចជាលួច ដូចជាឆក់ជនជាតិបរទេសក៏ដោយ ខ្មែរក៏ដោយ អ្វីដែលសកម្មភាពខុសច្បាប់ យើងចាំបាច់ត្រូវឃាត់ខ្លួនក្មេងនោះបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យ។ ហើយបើក្មេងហ្នឹងជាអនីតិជនក្រោម១៣ឆ្នាំ តុលាការគេសម្រេចយ៉ាងម៉េច អាហ្នឹងលើតុលាការ»។
លោកមិនបានបញ្ជាក់ឲ្យដឹងអំពីចំនួនកេ្មងអនាថានិងក្មេងហិតកាវប៉ុន្មាននាក់ទេដែលត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅមជ្ឈមណ្ឌលក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ចនៅមុនថៃ្ងបុណ្យអុំទូកនោះទេ។
លោក អ៊ំ សំអាត ប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានរឿងនេះបានមានប្រសាសន៍ថា ៖ «កន្លងមកយើងឃើញថា កាលណាបញ្ជូនទៅមន្ទីរសង្គមកិច្ចពីមុនមក គេច្រើនតែយកទៅដាក់នៅមណ្ឌលព្រៃស្ពឺ ការដាក់ហ្នឹងវាទៅជារឿងបង្ខាំងមនុស្សឬការឃុំមនុស្សទៅវិញ។ ហើយកន្លងមកយើងឃើញថ្មីៗមុននេះ ឃើញថាសាលាខណ្ឌដូនពេញមានប្រមូល៤៤នាក់ប្រគល់ទៅឲ្យសង្គមកិច្ចដែរ ក៏ប៉ុន្តែខាងមន្ទីរសង្គមកិច្ចគាត់លែងទទួល ដោយសារតែពីមុនមកខាងអង្គការលីកាដូធ្លាប់ធ្វើអន្តរាគមន៍ទាក់ទងនឹងមណ្ឌលព្រៃស្ពឺ ហើយនិងមណ្ឌលកោះគពីរឿងការឃុំមនុស្សនេះ»។
លោកបានឲ្យដឹងថា មជ្ឈមណ្ឌលឃុំឃាំងមនុស្សខុសចំនួនពីរកន្លែងនោះ គឺមណ្ឌលព្រៃស្ពឺស្ថិតនៅក្នុងសង្កាត់ចោមចៅ ជាយទីក្រុងភ្នំពេញ និងមួយកន្លែងទៀតគឺមណ្ឌលកោះគ នៅលើកោះមួយនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។
ប្រភពពីក្រុមសកម្មជនការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានមន្ទីរឃុំឃាំងស្របច្បាប់ចំនួនប្រមាណ២០កន្លែងរាប់ទាំងគុកព្រៃសនិងពន្ធនាគារ PJ របស់នគរបាលយុត្តិធម៌រាជធានីភ្នំពេញផង៕
