ក្រុម​ជំនាញ​បើក​ការ​ស៊ើប​អង្កេត​ការ​ធ្លាក់​យន្តហោះ​របស់​មេ​ប៉ូលិស ហុក ឡងឌី

មន្រ្តី​ជាន់​ខ្ពស់​ប៉ូលិស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា​ថា ក្រុម​អ្នក​បច្ចេកទេស​វិភាគ​និង​កោសល្យ​វិច័យ​របស់​ប៉ូលិស​បាន​ចាប់​ផ្តើម​ចុះ​ទៅ​សិក្សា​ស្វែងរក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ប្រភេទ​ឧទ្ធម្ភាគចក្រ​ខ្នាត​តូច ដែល​បណ្តាល​ឲ្យ​ស្លាប់​លោក​អគ្គស្នងការ​ប៉ូលិស​ជាតិ​ផ្កាយ​មាស​៤ ហុក ឡងឌី និង​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣​យោធា សុខ សាអែម នៅ​កន្លែង​កើត​ហេតុ​ហើយ។
ដោយ កែវ និមល
2008.11.10
ហុក​ឡងឌី អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍​ឯក ហុក ឡងឌី។
AFP File

លោក សុខ ផល អគ្គស្នងការ​រង​ប៉ូលិស​ជាតិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា​ថា នៅ​ក្នុង​ឧប្បតិ្តហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​យប់​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​មក​នេះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​លោក​អគ្គស្នងការ​ប៉ូលិស​ជាតិ​ផ្កាយ​មាស​៤ ហុក ឡងឌី លោក​ឧត្តមសេនីយ៍​យោធា​ផ្កាយ​៣ អគ្គមេបញ្ជាការ​រង​យោធា សុខ សាអែម និង​អ្នក​បើក​យន្តហោះ​ចំនួន​២​នាក់។ ហើយ​កន្លែង​ធ្លាក់​យន្តហោះ​នោះ​គឺ​នៅ​ភូមិ​ចក ស្រុក​រំដួល ខែត្រ​ស្វាយរៀង។

លោក សុខ ផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «វា​ជា​ឧប្បត្តិហេតុ​មួយ​នៅ​ក្នុង​បេសកកម្ម​របស់​គាត់ ចៃដន្យ​គាត់​[ហុក ឡងឌី]​ត្រូវ​ទៅ​បំពេញ​បេសកកម្ម​នៅ​ខេត្ត​ស្វាយរៀង។ ឥឡូវ​នេះ ក្រុម​កោសល្យវិច័យ​មួយ​គេ​ទៅ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ គឺ​អ្នក​បច្ចេកទេស​ខាង​កប៉ាល់​ហោះ។ អ៊ីចឹង យើង​ចាំ​ស្ដាប់​លទ្ធផល​របស់​គេ​ហ្នឹង​សិន»

តាម​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣​ប៉ូលិស សុខ ផល បាន​ឲ្យ​ដឹង​ដែរ​ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បាន ក្រោយ​ពេល​យន្តហោះ​ឆេះ​និង​ធ្លាក់​មក សាកសព​លោក ហុក ឡងឌី បាន​ខ្ទាត​ចេញ​ពី​យន្តហោះ​ប្រមាណ​៥​ម៉ែត្រ ពី​កន្លែង​កើត​ហេតុ ប៉ុន្តែ​សាកសព​នៅ​មាន​សភាព​ទាំង​មូល និង​បច្ចុប្បន្ន​នេះ​កំពុង​តម្កល់​ទុក​នៅ​គេហដ្ឋាន​នៅ​ក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​តាម​គម្រោង សព​នេះ​នឹង​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​បាវិត ខែត្រ​ស្វាយរៀង។

លោក​ឧត្តមសេនីយ៍ សុខ ផល បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​លោក ហុក ឡងឌី បាន​ទទួល​មរណភាព មាន​ការ​តែងតាំង​លោក​អគ្គស្នងការ​រង នេត្រ សាវឿន ជា​អគ្គស្នងការ​ស្តីទី​ប៉ូលិស​ជាតិ​ជា​បណ្តោះ​អាសន្ន ៖ «ឯកឧត្តម នេត្រ សាវឿន ជា​អគ្គស្នងការ​ស្ដីទី បច្ចុប្បន្ន»

ចំណែក​មន្រ្តី​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខែត្រ​ស្វាយរៀង លោកស្រី កើត ផល្លី ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​បាន​សាកសួរ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «ពេល​កប៉ាល់​ហោះ ហោះ​ពី​លិច​មក​ហ្នឹង វា​ទាប គឺ​ទាប​តាំង​ពី​ដូន​ស ទៅ ទាប​ទៅ​ៗ ក៏​ទៅ​ធ្លាក់​នៅ​ម្ដុំ​ត្រង់​ហ្នុង គេ​ហៅ​ថា ភូមិ​ព្រៃចៀវ ឃុំ​កំពង់ចក ស្រុក​រំដួល ហើយ​បើ​តាម​ខ្ញុំ​សួរ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​កន្លែង​ហ្នុង កប៉ាល់​ហោះ​ធ្លាក់​ហ្នុង មើល​ទៅ​មិន​មាន​ការឆេះ​ពី​លើ​មក​ទេ គឺ​វា​ធ្លាក់​ចុះ​មក​ដល់​ក្រោម​ហើយ ...ធ្លាក់​មក​ក្នុង​ទឹក​ស្រែ ក្បែរ​ត្រពាំង ពេល​ហើយ វា​បុក​ធ្លាក់​ទៅ វា​ផ្ទុះ ឆេះ​អស់​នៅ​សល់​តែ​កម្ទេច​តែ​ម្ដង។ សាក​សព​អត់​មាន​នៅ​មូល​មួយ​កន្លែង​ទេ គឺ​ខ្ទាត»

លោក ហុក ឡងឌី ជា​មន្រ្តី​ប៉ូលិស​ជាតិ​ជាន់​ខ្ពស់​និង​ជា​សមាជិក​គណៈអចិន្រ្តៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ធ្លាប់​កាន់​តំណែង​ជាន់​ខ្ពស់​ជា​ច្រើន ដូច​ជា អភិបាល​ខែត្រ​ស្វាយរៀង អភិបាល​ក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ជា​ដន្លង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៀត​ផង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 19, 2010 10:09 AM

A3H26C5