ស្នងការប៉ូលិសក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ មានប្រសាសន៍បន្ថែមទៀតថា ករណីប្លន់យកប្រាក់ពីជនជាតិចិនទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃអង្គារនោះ គឺមានចំណុចសង្ស័យច្រើនដែលត្រូវការស្រាជ្រាវ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានឲ្យដឹងថា ៖ «ឥឡូវហ្នឹងយើងមិនទាន់ច្បាស់ ដែលខ្ញុំមើលរឿងហ្នឹងមិនដឹងជាករណីហ្នឹងវារៀបចំយ៉ាងម៉េច។ ឥឡូវខ្ញុំសុំពេលស្រាវជ្រាវបន្តិច ក៏ប៉ុន្តែរូបភាពធ្វើហ្នឹងហាក់ដូចជាវាស្របគ្នាពេក»។
យោងតាមសមត្ថកិច្ចប៉ូលិសបានឲ្យដឹងនៅថ្ងៃអង្គារ ទី៧ តុលានេះ ជនល្មើសពីរនាក់ប្រដាប់ដោយអាវុធបានបើកការប្លន់ក្នុងរយៈពេល៥នាទីលើជនជាតិចិនមួយរូបនៅក្នុងបរិវេណធនាគារអេស៊ីលីដាដែលមានទីតាំងក្បែរក្រសួងព័ត៌មានក្នុងទីក្រុងភ្នំពេញ នៅគ្រាដែលជនរងគ្រោះឈប់រថយន្តចូលក្នុងបរិវេណធនាគារក្នុងបំណងយកប្រាក់ទៅផ្ញើឬធ្វើការទំនាក់ទងជាមួយមន្ត្រីធនាគារនោះ។
ប្រភពដដែលបានគូសបញ្ជាក់ទៀតថា ក្រុមសន្តិសុខធនាគារមិនអាចធ្វើការអន្តរាគន៍នោះឡើយក្រៅតែពីការបាញ់កាំភ្លើងពីរគ្រាប់ដើម្បីកំញើញជនល្មើស។
ជុំវិញករណីប្លន់នេះលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ថ្លែងអំពីវិធានការពង្រឹងសន្តិសុខនៅតាមធនាគារយ៉ាងដូច្នេះថា ៖ «ខ្ញុំបានសំណូមពរឲ្យធនាគារហើយ ព្រោះរឿងនៅក្នុងបរិវេណហ្នុង ដូច្នេះសុំឲ្យធ្វើម៉េចការពារជូនអតិថិជនថ្ងៃក្រោយ ព្រោះយើងពិនិត្យមើលទៅហាក់ដូចជាខ្វះបទពិសោធន៍ច្រើន។ ដូច្នេះខ្ញុំបំពេញបន្ថែមនូវចំណុចខ្វះខាតផ្សេងៗដើម្បីការពារ ដើម្បីឲ្យធនាគារ និយាយរួមធនាគារណាក៏ដោយ ក៏ខ្ញុំតែងផ្ដល់វិធានការដើម្បីការពារអតិថិជន។ ដូច្នេះយើងឃើញថា ធានាគារក៏ទទួលស្គាល់អំពីចំណុចមួយចំនួនដែលគាត់ត្រូវកែលម្អដែរ»។
សូមជម្រាបថា ជាបន្តបន្ទាប់ពលរដ្ឋនិងក្រុមអ្នករកស៊ីនៅសម្តែងក្តីព្រួយបារម្ភនៅឡើយអំពីស្ថានភាពសន្តិសុខក្នុងក្រុងភ្នំពេញ៕
