លោក ប៊ុន ធឿន អធិការស្រុកកែវសីមា បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា ថា លោក ហេង សុង អាយុ៦០ឆ្នាំ មុខរបរជាអ្នកបកប្រែឲ្យក្រុមហ៊ុនចិនរុករករ៉ែនៅឃុំចុងផ្លាស ស្រុកកែវសីមា ត្រូវបានគេសម្លាប់ក្នុងដំណើរនាពេលយប់ជិតដល់ផ្ទះរបស់លោក ហើយក្រោយឧប្បតិ្តហេតុនេះ២ថ្ងៃគឺនៅថ្ងៃទី២១ វិច្ឆិកា ប៉ូលិសក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទសម្លាប់នេះ។
លោក ប៊ុន ធឿន បានបញ្ជាក់ថា ៖ «ចាប់បានមួយ ប៉ុន្តែប្រហែលជាមួយហ្នឹងជាអ្នកដៃដល់ហើយ រួចអាពីរនាក់ទៀតវារត់គេច ប៉ុន្តែបានបញ្ជាកម្លាំងឲ្យតាមចាប់ខ្លួន។ អានេះវាប្លន់ហើយសម្លាប់តែម្ដង ព្រោះមនុស្សនៅក្នុងក្រុមហ៊ុនតែមួយ របស់ក្រុមហ៊ុនអាជីវកម្មរ៉ែមាសហ្នឹងណា៎។ សូមបញ្ជាក់បន្តិច កន្លងក្រុមហ៊ុនហ្នឹងពិបាកបន្តិច មិនទាន់មានការសហការគ្នាល្អពីការងាររបស់កងកម្លាំងយើងក្នុងការងារគ្រប់គ្រងរដ្ឋបាល»។
អធិការស្រុកបានបញ្ជាក់បន្ថែមថា ការសម្លាប់នេះពាក់ព័ន្ធទៅនឹងករណីប្លន់ឈ្នានីស ដោយសុទ្ធតែជាកម្មករនៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនចិនតែមួយ។
ពលរដ្ឋម្នាក់នៅឃុំជាមួយដែលបានទៅឃើញស្ថានភាពសាកសព លោក ហេង សុង កាលពីព្រឹកឡើង បានឲ្យដឹងថា លោកសង្ស័យថា អ្នកសម្លាប់មិនមែនជាអ្នកមកពីទីឆ្ងាយឡើយ ៖ «អ្នកដែលវ៉ៃហ្នឹងវាចូលទៅក្នុងផ្ទះគាត់ហ្នឹងដុតឯកសារអីៗរបស់គាត់ សៀវភៅបញ្ជីគាត់ដែលឲ្យលុយគេខ្ចីគេអីហ្នឹង ដុតចោលអស់រលីង រួចចោរហ្នឹងវាប្រមូលលុយកាក់យកអីអស់រលីងទៅហើយ។ ឃើញដេកផ្កាប់មុខនៅកន្លែងទ្វារគាត់ចេញចូលគាត់ធ្វើដំណើរយប់ហ្នឹង តាំងពីយប់ ព្រឹកឡើងបានគេឃើញ ងាប់នៅលើដី ចម្ងាយពីផ្ទះគាត់ហ្នឹងប្រហែល៤០ម៉ែត្រ គាត់មកផឹកកាហ្វេអីក៏មិនដឹង មិនដឹងជាម៉ោងប៉ុន្មានទេ!»។
កូនប្រុសលោក ហេង សុង រួមទាំងប្រជាពលរដ្ឋបានលើកឡើងថា ករណីកាប់សម្លាប់មានប៉ុន្មានលើកមកហើយមិនដែលរកឃើញឃាតករដែលធ្វើឲ្យពួកគេមានការបារម្ភ។
លោក ឆាយ ធី មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកបានសុំឲ្យប៉ូលិសស្វែងរកចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមច្បាប់ដើម្បីបំបាត់ការភ័យព្រួយរបស់ប្រជាពលរដ្ឋ។
លោក ឆាយ ធី បានថ្លែងថា ៖ «សមាគមអាដហុកនឹងធ្វើការតាមដានស៊ើបអង្កេតចំពោះករណីឃាតកម្មហ្នឹង។ ចំពោះសមត្ថកិច្ចសូមឲ្យចាត់វិធានការតាមចាប់ឃាតករពិតប្រាកដដើម្បីយកមកផ្ដន្ទាទោស ទោះជាមានការអន្តរាគមន៍ពីសំណាក់ជនណាក៏ដោយ សូមឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់ កុំឲ្យមានការលើកលែងទោសឲ្យសោះ»។
លោកអធិការស្រុកបានសុំឲ្យមានការសហការពីប៉ូលិសស្រុកស្នួល ខេត្តក្រចេះ និងប៉ូលិសខេត្តកំពង់ចាម ក្នុងការជួយឃាត់ខ្លួនជនសង្ស័យពីរនាក់នោះ ដែលគេដឹងថា កំពុងធ្វើដំណើរគេចខ្លួននិងលាក់ខ្លួននៅក្នុងភូមិសាស្ត្រខេត្តជាប់គ្នានេះ៕
