លោក ហ៊ុយ វណ្ណៈ បានជម្រាបសួរលោក ទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញអំពីលទ្ធផលនៃការស៊ើបអង្កេត ហើយនិងគម្រោងចេញផ្សាយរូបគំនូរផ្គុំដែលបង្ហាញនូវឃាតកម្មនោះ។
ហ៊ុយ វណ្ណៈ ៖ សូមជម្រាបសួរលោកឧត្ដមសេនីយ៍! មានរបាយការណ៍ថា មន្រ្តី FBI ដែលជួយប៉ូលិសខ្មែរស៊ើបអង្កេតករណីលោក ឃឹម សម្បូរណ៍ បានអញ្ជើញទៅប្រទេសរបស់ខ្លួនវិញ ប៉ុន្តែតើបានបន្សល់ ហើយជួយកម្ពុជាអ្វីខ្លះ?
ទូច ណារ៉ុថ ៖ តាំងពី FBI គេមកដល់ហ្នឹង គឺគេបានសហការជាមួយយើង ទី១ ការគូររូប ផ្គុំរូបរបស់ជនល្មើស តាមរយៈសាក្សីដែលបានឃើញ។ ហើយទី២ គេបានសហការជាមួយយើង ព្រោះ FBI គេមកហ្នឹង ៣នាក់ ៤នាក់ ទាំង FBI ប្រចាំនៅស្ថានទូត ហើយ ៣នាក់នៅសហរដ្ឋអាមេរិកហ្នឹង គឺមានម្នាក់ជំនាញខាងផ្គុំរូប ហើយពីរនាក់ជំនាញស៊ើបអង្កេត។ ដូច្នេះតាំងពីគេមក យើងឃើញថា យើងបានសម្រេចខាងផ្គុំរូប ហើយការផ្គុំរូបរបស់ FBI នេះ ជាមួយការផ្គុំរូបរបស់នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្តយើង គឺមិនខុសគ្នាទេ។
យើងបានចុះទៅស្រាវជ្រាវ សាកសួរ អ្នកដែលយើងអាចសន្និដ្ឋានថា ដឹងឮអំពីសាវតារ ក៏ដូចជាសកម្មភាពកន្លងមករបស់ជនរងគ្រោះទាំងពីរហ្នឹង ជាពិសេសស ទាំងឪពុក ទាំងកូន ហើយទន្ទឹមនោះ ក៏យើងបានសួរនៅកន្លែងធ្វើការរបស់ឪពុកគឺលោក ឃឹម សម្បូរណ៍ ក៏ដូចជាសាលារបស់កូនគាត់រៀនដែរ។ ហើយទន្ទឹមនឹងនោះដែរ ក៏យើងត្រៀមនឹងសុំដីកាឆែកឆេរលំនៅរបស់គ្រួសារជនរងគ្រោះ ហើយយើងនឹងសហការជាមួយ FBI ដែលនាំគ្រួសារជនរងគ្រោះទៅនោះ ដើម្បីសាកសួរព័ត៌មានមួយបន្ថែមទៀត ដែលយើងចង់បាននេះ។ ហើយទន្ទឹមនឹងនោះ ក៏យើងមានមុខសញ្ញាមួយចំនួន ដែលយើងត្រូវសួរបន្ត ដែលយើងនឹងសហការជាមួយ FBI ដែលប្រចាំការនៅស្ថានទូតនេះ ហើយនិងការងារផ្សេងៗមួយចំនួនទៀត ដែលយើងចាំបាច់ត្រូវធ្វើរួមគ្នា។
ហ៊ុយ វណ្ណៈ ៖ លោកឧត្ដមសេនីយ៍ ចំណុចមួយទៀតគឺថា តើរូបដែលបានគូរហ្នឹង អាជ្ញាធរនឹងចេញផ្សាយជាសាធារណៈនៅពេលណា?
ទូច ណារ៉ុថ ៖ យើងបានឯកភាពគ្នាជាមួយ FBI គឺយើងនឹងសុំទៅថ្នាក់លើដើម្បីសុំយករូបនេះផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋលោកជួយស្វែងតាមរកជាមួយយើង ចំពោះជនប្រព្រឹត្តបទល្មើសហ្នឹង។
ហ៊ុយ វណ្ណៈ ៖ លោកឧត្ដមសេនីយ៍អាចបញ្ជាក់បានទេថា តើជនល្មើសស្ថិតក្នុងវ័យប៉ុន្មានឆ្នាំ ហើយប្រើមធ្យោបាយអីខ្លះ?
ទូច ណារ៉ុថ ៖ គាត់ប្រើមធ្យោបាយម៉ូតូវីវ៉ា ហើយតាមវ័យដែលឃើញហ្នឹង គឺរាងចំណាស់បន្តិចហើយ អាយុ ៣០ជាង ទៅ ៤០ហើយ។
ហ៊ុយ វណ្ណៈ ៖ ចំណុចមួយទៀត គឺថា តើរហូតមកដល់ពេលនេះ សមត្ថកិច្ចអាជ្ញាធរខ្មែរ មានសង្ឃឹមប៉ុណ្ណា ក្នុងការតាមចាប់ជនល្មើស?
ទូច ណារ៉ុថ ៖ យើងនៅតែមានសង្ឃឹម។ យើងធ្វើប៉ូលិស បើយើងអស់សង្ឃឹម វាចប់ទៅហើយ គឺយើងនៅតែមានសង្ឃឹម ក៏ប៉ុន្តែលទ្ធផល គឺយើងចង់បានឆាប់រហ័សណាស់ អ៊ីចឹងបានពេលដែល FBI គេមកសហការជាមួយយើង ខ្ញុំត្រេកអរណាស់ ដើម្បីធ្វើម៉េចឲ្យការងារស៊ើបអង្កេតហ្នឹង បានឈានទៅមុខលឿន កុំឲ្យថាខ្ញុំធ្វើតែឯងទៅ បន្ទោសថា សមត្ថកិច្ចខ្មែរមិនយកចិត្តទុកដាក់ស្រាវជ្រាវ។ ឥឡូវ FBI គេមកជាមួយ ដូច្នេះលឿនមិនលឿន FBI គេដឹងហើយ។
ហ៊ុយ វណ្ណៈ ៖ លោកឧត្ដមសេនីយ៍ ចំណុចមួយគឺថា មានការលើកឡើង ឧទាហរណ៍ដូចមាន FBI ដែលបានចូលរួមស៊ើបអង្កេតករណីបោកគ្រាប់បែកនៅរដ្ឋសភាឆ្នាំ១៩៩៧ គឺថា មិនបានលទ្ធផល ប៉ុន្តែតើការចំណុចការស្រាវជ្រាវបច្ចុប្បន្ននេះ វាខុសគ្នាពីមុនយ៉ាងម៉េច?
ទូច ណារ៉ុថ ៖ ពីមុនខ្ញុំក្ដាប់មិនបានទេ ពីមុនខ្ញុំមិនមែនជាស្នងការប៉ូលិសក្រុងភ្នំពេញ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្នយើងឃើញថា យើងជាមួយ FBI បានសហការគ្នាល្អណាស់៕
