អាជ្ញាធរ​ខណ្ឌ​សែនសុខ​រង​ការ​ចោទ​ថា​រើសអើង​ក្នុង​ការ​ឃាត់​រថយន្ត​តាក់ស៊ី

រថយន្ត​តាក់ស៊ី​ជាច្រើន​គ្រឿង ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែនសុខ ឃាត់ និង​បញ្ជូន​យក​ទៅ​ទុក​នៅ​ស្នាក់​ការ​អាវុធហត្ថ​ខណ្ឌ ខណៈ​រថយន្ត​ទាំង​នោះ​ចត​នៅ​តាម​ដង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នាំ​ឲ្យ​ចង្អៀត​ផ្លូវ​ធ្វើ​ដំណើរ។
ដោយ អ៊ុក សាវបូរី
2013.02.16

ក្នុង​ប្រតិបត្តិការ​ចាប់​រថយន្ត​នោះ ក្រុម​អ្នក​រត់​តាក់ស៊ី​បាន​ចោទ​ថា អាជ្ញាធរ​ខណ្ឌ​ឃាត់​រថយន្ត​មិន​ឲ្យ​ចរាចរ​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី នោះ មាន​ការ​រើសអើង និង​ពុក​រលួយ។

រថយន្ត​កូរ៉េ ចំណុះ ១២​កៅអី រត់​តាក់ស៊ី​ជាង ១០​គ្រឿង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែនសុខ ចាប់​ឲ្យ​ឈប់​បើកបរ ខណៈ​រថយន្ត​ខ្លះ​ចត​នៅ​មហា​វិថី​សហព័ន្ធ​រុស្សី ខ្លះ​បើកបរ​យឺតៗ​ដើម្បី​ហៅ​ម៉ូយ​នៅ​ក្បែរ​គល់​ស្ពាន​អាកាស ៧មករា។

លោក សែម សឿន អ្នក​រត់​តាក់ស៊ី ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា អាជ្ញាធរ​ខណ្ឌ​សែនសុខ ចាប់​រថយន្ត​ដែល​គាត់​កំពុង​តែ​បើកបរ​ហៅ​ម៉ូយ លើ​មហា​វិថី​សហព័ន្ធ​រុស្សី។ គាត់​មិន​ដឹង​អាជ្ញាធរ​ខណ្ឌ​នោះ​ចាប់​ឃាត់​ឡាន​គាត់​មិន​ឲ្យ​បើកបរ​ត​ទៅ​ទៀត​មាន​កំហុស​អី​ទេ៖ «បើក​រិកៗ​តាម​ផ្លូវ​ពេទ្យ​លោក​សង្ឃ​ហ្នឹង ហើយ​គេ​កៀង​ចាប់​យក​មក​ដាក់​ខណ្ឌ ហើយ​ថា​ទុក​ប្រហែល​ជា ៣​ខែ បាន​មក​ដោះស្រាយ»

លោក ប៉ាត់ ប្រុស អ្នក​រត់​តាក់ស៊ី​ដែរ ថ្លែង​ថា រថយន្ត​គាត់​មាន​ឆៀក​ត្រឹម​ត្រូវ មាន​លេខ​សម្គាល់​រថយន្ត និង​មាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម។ គាត់​មិន​បាន​ចត​រថយន្ត​លើ​ផ្លូវ​សហព័ន្ធ​រុស្សី ទេ តែ​អាជ្ញាធរ​ចាប់​ឡាន​គាត់​ដែល​កំពុង​បើក​តិចៗ រង់ចាំ​ភ្ញៀវ​ឡើង​ជិះ​ឡាន​គាត់៖ «ចាប់​នោះ​វា​អយុត្តិធម៌​ត្រង់​ឡាន​អ្នក​ស្គាល់​អីចឹង​ទៅ លែង​វិញ។ អ្នក​ណា​ស្គាល់ គេ​ឲ្យ​លុយ​ឲ្យ​កាក់ អីចឹង​ទៅ​លែង​ទៅ ហើយ​អ្នក​ណា​ដែល​អត់​មាន​ខ្សែ​អី​ទៅ គេ​យក​មក​ទុក​ចោល​អីចឹង​ទៅ»

លោក ជា ចាន់ថន អ្នក​បើក​តាក់ស៊ី​ភ្នំពេញ-ស្រែអំបិល ថ្លែង​ថា សកម្មភាព​ចាប់​ឡាន​តាក់ស៊ី នោះ គឺ​អ្នក​ចាប់​រើសអើង បើ​អ្នក​បើក​តាក់ស៊ី ស្គាល់​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ទីនោះ គេ​អត់​ចាប់​ឡាន​ទេ គ្រាន់​តែ​ឲ្យ​លុយ​តិចតួច គេ​ឲ្យ​បើក​ចេញ​ទៅ​ហើយ។ ចំណែក​រថយន្ត​គាត់ គេ​ចាប់​ហើយ​មិន​ដោះស្រាយ​ភ្លាម​ទេ ដោយ​ត្រូវ​ឲ្យ​រង់ចាំ ៣​ខែ​ទៀត។ ការ​រង់ចាំ ៣ខែ ទើប​ដោះស្រាយ​នោះ ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ចំណូល​ប្រចាំ​ថ្ងៃ និង​គ្មាន​ប្រាក់​បង់​ការ​ឲ្យ​ធនាគារ ដែល​ខ្ចី​គេ​មក​ទិញ​ឡាន​នេះ​រក​ស៊ី៖ «បាតុកម្ម​អី​បាន​កើត បើ​មិន​អីចឹង​ទេ ធ្វើ​ម៉េច​ចេញ គេ​ទុក ៣​ខែ​មិន​ងាប់​អស់​ហើយ។កញ្ចក់​អី​ស្អី មាន​គ្រប់គ្រាន់​ទាំង​អស់ ពែរមី​អី​មាន​ទាំង​អស់​ហ្នឹង ហើយ​អត់​មាន​និយាយ​ផាក​ពិន័យ​ទេ គេ​ដេញ​យើង​ទៅ​ផ្ទះ​តែ​ម្តង ឲ្យ​ទុក​ឡាន​នៅ​ហ្នឹង ចាំ​ថ្ងៃ​ណា​គេ​ត្រូវ​ការ គេ​កោះ​អញ្ជើញ​ហៅ​យើង​មក​វិញ ហើយ​បើ​ផ្ទះ​នៅ​ស្រែអំបិល កំពង់សោម មក​ភ្នំពេញ ងាយ​ណា»

លោក ស៊ិន សឿង អ្នក​បើក​តាក់ស៊ី ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ថ្លែង​ថា ការ​ចាប់​ឃាត់​រថយន្ត​ទុក​ក្នុង​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែនសុខ យូរ​ថ្ងៃ​ខែ​មិន​ដោះស្រាយ អាច​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​អ្នក​រត់​តាក់ស៊ី នៅ​ពេល​ខាង​មុខ ព្រោះ​អ្នក​រក​ស៊ី​ចង់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «ហើយ​ដល់​អីចឹង គេ​ចាប់​ទៅ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ ហើយ​គេ​អត់​ផាក​អី​ទេ ខ្ញុំ​សុំ​អង្វរ​គេ​យ៉ាង​ម៉េច​ក៏​គេ​អត់​ព្រម​ដែរ»

ពាក់ព័ន្ធ​បញ្ហា​នេះ មេ​បញ្ជាការ​អាវុធហត្ថ​ខណ្ឌ​សែនសុខ លោក គិត សុផល ថ្លែង​ថា អាជ្ញាធរ​ខណ្ឌ​ជា​អ្នក​ឃាត់​រថយន្ត​តាក់ស៊ី​ទាំង​នោះ​យក​មក​ទុក​នៅ​កន្លែង​អាវុធហត្ថ​នេះ។ លោក​ថា កន្លង​មក​ក្រុម​អ្នក​រត់​តាក់ស៊ី​នេះ បាន​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ចាប់​ពី​ស្ពាន​អាកាស ៧មករា ទៅ​ដល់​ទឹក​ថ្លា។ ការ​ចត និង​បើក​តិចៗ​ដើម្បី​ហៅ​ម៉ូយ​ឲ្យ​ជិះ​ឡាន​តាក់ស៊ី​នោះ ធ្វើ​ឲ្យ​ចរាចរណ៍​តាម​ដង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី កាន់​តែ​ចង្អៀត៖ «មាន​ការ​ណែនាំ​គាត់​ច្រើន​លើក​ច្រើន​សារ​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​សហព័ន្ធ​ហ្នឹង ណែនាំ​មិន​ឲ្យ​គាត់​ដាក់ គាត់​ចរាចរ​បាន ក៏ប៉ុន្តែ​គាត់​អត់​អាច​ឈប់​យក​មនុស្ស​តាម​ផ្លូវ​នេះ​បាន​ទេ»

ជា​រឿយៗ​អាជ្ញាធរ​ក្រុង​បាន​ណែនាំ​រថយន្ត​តាក់ស៊ី មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ឲ្យ​ចូល​ចត​ក្នុង​ចំណត​នៅ​តាម​ផ្សារ​នានា មាន​ផ្សារ​ដើមគរ ផ្សារ​ថ្មី ជាដើម ចៀសវាង​ការ​ចត​គ្មាន​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ ហើយ​រដ្ឋ​ក៏​បាត់​ចំណូល​ដែរ។ ចំណែក​ក្រុម​តាក់ស៊ី តាម​ដង​ផ្លូវ​សហព័ន្ធ​រុស្សី បាន​អះអាង​ថា ពួក​គាត់​មិន​ចូល​ចត​បេន​ក្នុង​ផ្សារ​ព្រោះ​ត្រូវ​រង់ចាំ​តាម​លេខ​រៀង​ចាប់​ពី ៣ ទៅ ៤​ថ្ងៃ ទម្រាំ​បាន​សិទ្ធិ​ចូល​ចត។ ម្យ៉ាង​ទៀត មិន​ទាន់​ដល់​លេខ​រៀង​ចត​ផង គាត់​ត្រូវ​បង់​លុយ​ឲ្យ​ខាង​ចំណត​ផ្សារ​រាល់​ថ្ងៃ​ច្រើន​ម៉ឺន​រៀល​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។