ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​ប៉ូលិស​ថា​ប្រើ​ហិង្សា​ចាប់​ជន​សង្ស័យ

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​តាម​ចាប់​ជន​ជាប់​សង្ស័យ​តាម​ដីកា​ចាប់​ខ្លួន​ដែល​ចេញ​ដោយ​តុលាការ​ខេត្ត។

0:00 / 0:00

ប្រជាពលរដ្ឋ ២​រូប​បាន​មក​ដាក់​បណ្ដឹង​នៅ​អង្គការ​លីកាដូ សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌ ដោយ​ពួក​គាត់​ចោទ​ថា នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំរោង គឺ​លោក សិត ប៊ុនធឿន បាន​ប្រើ​ហិង្សា​វាយ​កូន​ប្រុស​គាត់​ឲ្យ​រង​របួស​ជា​ទម្ងន់។

បុរស​រង​គ្រោះ​ឈ្មោះ យ៉ាវ ឡាន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា ថា នៅ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​ជីតា​គាត់ ស្រាប់​តែ​មាន​មន្ត្រី​នគរបាល ២​រូប បាន​ហៅ​គាត់​ឲ្យ​ឈប់។

គាត់​បន្ត​ថា ដោយ​គាត់​មិន​ហ៊ាន​ឈប់​តាម​ផ្លូវ គាត់​បាន​បង្កើន​ល្បឿន​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​ផ្ទះ​ជីតា​គាត់។ មួយ​សន្ទុះ​ក្រោយ ក៏​មាន​មន្ត្រី​នគរបាល ៣​រូប បាន​មក​ដល់ ហើយ​ពុំ​មាន​សួរ​នាំ​អ្វី​ទាំង​អស់ និង​បាន​នាំ​គ្នា​ចូល​មក​ចាប់​ក្រៀក​ដៃ​គាត់​មក​ក្រោយ។ គាត់​បាន​រើ​បម្រាស ពួកគេ​ក៏​បាន​ប្រើ​ស្វ័យ​កាំភ្លើង​វាយ​ក្បាល​គាត់​ឲ្យ​រង​របួស​ធ្ងន់ រួច​ចាប់​គាត់​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក។

លោក យ៉ាវ ឡាន៖ «គាត់​ស្ទុះ​មក​ចាប់​ដៃ​ខ្ញុំ​ទាំង​២ ខ្ញុំ​ស្រែក​ថា ខ្ញុំ​មាន​កំហុស​អី​មក​ចាប់​ខ្ញុំ?ខ្ញុំ​រើ គេ​យក​កាំភ្លើង​មក​ភ្ជង់​ខ្ញុំ។ ខ្ញុំ​នៅ​តែ​រើ​ទៀត គេ​យក​កាំភ្លើង​មក​វាយ​ក្បាល​ខ្ញុំ​តែម្ដង»

ម្ដាយ​បង្កើត​របស់​ជន​រង​គ្រោះ គឺ​អ្នកស្រី ពិន ភាព បន្ថែម​ថា បន្ទាប់​ពី​វាយ​កូន​គាត់​មាន​របួស​ធ្ងន់ធ្ងរ​រួច​ហើយ សមត្ថកិច្ច​នគរបាល​បាន​ហៅ​គាត់​ឲ្យ​មក​យក​កូន​គាត់​ទៅ​ព្យាបាល​ដោយ​គ្រាន់​តែ​ប្រាប់​គាត់​ថា ជា​ការ​ចាប់​ច្រឡំ​មនុស្ស។

អ្នកស្រី ពិន ភាព៖ «កូន​ខ្ញុំ​អង្គុយ​ស្ងៀម​អត់​មាន​ត​ដៃ​អី​ផង គេ​មក​ចាប់​មួល​ដៃ​កូន​ខ្ញុំ​មក​ក្រោយ ហើយ​ស្រែក​ឲ្យ​កូន​ខ្ញុំ​នៅ​ស្ងៀម។ គេ​វាយ​ក្បាល​កូន​រួច​ដាក់​ខ្នោះ​កូន​ខ្ញុំ រួច​នាំ​វា​មក​អធិការដ្ឋាន​ស្រុក​ក្រវាញ។ មួយ​ម៉ោង​ក្រោយ​មក​ទើប​គេ​ហៅ​ឲ្យ​ខ្ញុំ​ឲ្យ​មក​យក​កូន​ទៅ​ពេទ្យ គេ​ប្រាប់​ថា គេ​ចាប់​មនុស្ស​ច្រឡំ ហើយ​គេ​ក៏​ពុំ​មាន​ទៅ​មើល​កូន​ខ្ញុំ​នៅ​មន្ទីរពេទ្យ​ដែរ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំរោង គឺ​លោក សិត ប៊ុនធឿន បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ មករា នេះ។

ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ គឺ​លោក ពេជ សុភាព ទទួល​ស្គាល់​ពី​កំហុស​របស់​មន្ត្រី​ក្រោម​ឱវាទ តែ​លោក​បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ជា​ការ​ចាប់​ច្រឡំ​មនុស្ស និង​ដោយ​ជន​សង្ស័យ​ត​ដៃ​ជាមួយ​សមត្ថកិច្ច៖ «យើង​ហៅ​វា​មក​សួរ​នាំ តែ​វា​ច្រងេងច្រងាង​ត​ដៃ​ជាមួយ​យើង ដោយ​ទប់​ចិត្ត​មិន​បាន ក៏​មាន​ការ​ប្រើប្រាស់​ដៃ​ជើង​បន្តិចបន្តួច​ទៅ។ បន្ទាប់​ពី​ការ​កើត​ហេតុ​យើង​បាន​ទៅ​សុំ​ទោស និង​ផ្ដល់​សំណង ២០​ម៉ឺន​រៀល​តែ​គេ​មិន​ព្រម​ទើប​មាន​ការ​ប្ដឹងផ្ដល់​យ៉ាង​ដូច្នេះ»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ គឺ​លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា តាម​ការ​ស៊ើប​អង្កេត​បញ្ជាក់​ថា ករណី​នេះ​កើត​ឡើង​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​មិន​បាន​បំពេញ​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់។ លោក​ថា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច និង​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់ ព្រម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​ទាន់​មាន​ការ​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​សាកល​ទៀត​ផង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។