ប្រជាពលរដ្ឋ ២រូបបានមកដាក់បណ្ដឹងនៅអង្គការលីកាដូ សុំឲ្យជួយរកយុត្តិធម៌ ដោយពួកគាត់ចោទថា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង គឺលោក សិត ប៊ុនធឿន បានប្រើហិង្សាវាយកូនប្រុសគាត់ឲ្យរងរបួសជាទម្ងន់។
បុរសរងគ្រោះឈ្មោះ យ៉ាវ ឡាន ភេទប្រុស អាយុ ២០ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ មករា ថា នៅពេលដែលគាត់កំពុងជិះម៉ូតូទៅលេងផ្ទះជីតាគាត់ ស្រាប់តែមានមន្ត្រីនគរបាល ២រូប បានហៅគាត់ឲ្យឈប់។
គាត់បន្តថា ដោយគាត់មិនហ៊ានឈប់តាមផ្លូវ គាត់បានបង្កើនល្បឿនដើម្បីឲ្យបានទៅដល់ផ្ទះជីតាគាត់។ មួយសន្ទុះក្រោយ ក៏មានមន្ត្រីនគរបាល ៣រូប បានមកដល់ ហើយពុំមានសួរនាំអ្វីទាំងអស់ និងបាននាំគ្នាចូលមកចាប់ក្រៀកដៃគាត់មកក្រោយ។ គាត់បានរើបម្រាស ពួកគេក៏បានប្រើស្វ័យកាំភ្លើងវាយក្បាលគាត់ឲ្យរងរបួសធ្ងន់ រួចចាប់គាត់យកទៅទុកនៅអធិការដ្ឋាននគរបាលស្រុក។
លោក យ៉ាវ ឡាន៖ «គាត់ស្ទុះមកចាប់ដៃខ្ញុំទាំង២ ខ្ញុំស្រែកថា ខ្ញុំមានកំហុសអីមកចាប់ខ្ញុំ?ខ្ញុំរើ គេយកកាំភ្លើងមកភ្ជង់ខ្ញុំ។ ខ្ញុំនៅតែរើទៀត គេយកកាំភ្លើងមកវាយក្បាលខ្ញុំតែម្ដង»។
ម្ដាយបង្កើតរបស់ជនរងគ្រោះ គឺអ្នកស្រី ពិន ភាព បន្ថែមថា បន្ទាប់ពីវាយកូនគាត់មានរបួសធ្ងន់ធ្ងររួចហើយ សមត្ថកិច្ចនគរបាលបានហៅគាត់ឲ្យមកយកកូនគាត់ទៅព្យាបាលដោយគ្រាន់តែប្រាប់គាត់ថា ជាការចាប់ច្រឡំមនុស្ស។
អ្នកស្រី ពិន ភាព៖ «កូនខ្ញុំអង្គុយស្ងៀមអត់មានតដៃអីផង គេមកចាប់មួលដៃកូនខ្ញុំមកក្រោយ ហើយស្រែកឲ្យកូនខ្ញុំនៅស្ងៀម។ គេវាយក្បាលកូនរួចដាក់ខ្នោះកូនខ្ញុំ រួចនាំវាមកអធិការដ្ឋានស្រុកក្រវាញ។ មួយម៉ោងក្រោយមកទើបគេហៅឲ្យខ្ញុំឲ្យមកយកកូនទៅពេទ្យ គេប្រាប់ថា គេចាប់មនុស្សច្រឡំ ហើយគេក៏ពុំមានទៅមើលកូនខ្ញុំនៅមន្ទីរពេទ្យដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង គឺលោក សិត ប៊ុនធឿន បានទេ នៅល្ងាចថ្ងៃទី២៧ មករា នេះ។
ប៉ុន្តែអធិការនគរបាលស្រុកភ្នំក្រវាញ គឺលោក ពេជ សុភាព ទទួលស្គាល់ពីកំហុសរបស់មន្ត្រីក្រោមឱវាទ តែលោកបានពន្យល់ចំពោះបញ្ហានេះថា ជាការចាប់ច្រឡំមនុស្ស និងដោយជនសង្ស័យតដៃជាមួយសមត្ថកិច្ច៖ «យើងហៅវាមកសួរនាំ តែវាច្រងេងច្រងាងតដៃជាមួយយើង ដោយទប់ចិត្តមិនបាន ក៏មានការប្រើប្រាស់ដៃជើងបន្តិចបន្តួចទៅ។ បន្ទាប់ពីការកើតហេតុយើងបានទៅសុំទោស និងផ្ដល់សំណង ២០ម៉ឺនរៀលតែគេមិនព្រមទើបមានការប្ដឹងផ្ដល់យ៉ាងដូច្នេះ»។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ គឺលោក អេង ឈុនហាន មានប្រសាសន៍ថា តាមការស៊ើបអង្កេតបញ្ជាក់ថា ករណីនេះកើតឡើងដោយមន្ត្រីអនុវត្តច្បាប់មិនបានបំពេញភារកិច្ចឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់។ លោកថា ការប្រព្រឹត្តអំពើហិង្សាមកលើប្រជាពលរដ្ឋដែលគ្មានកំហុសអាចធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបាត់បង់ទំនុកចិត្តចំពោះមន្ត្រីអនុវត្តច្បាប់ ព្រមទាំងបង្ហាញឲ្យឃើញថា ការអនុវត្តច្បាប់មិនទាន់មានការគោរពទៅតាមគោលការណ៍សិទ្ធិមនុស្សជាសាកលទៀតផង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
