បន្ថែមលើនេះ មន្ត្រីសហគមន៍ដដែលចោទថា អាជ្ញាធរមានចេតនាបង្កការលំបាកដល់ភ្នាក់ងារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងការបើកវគ្គបណ្ដុះបណ្ដាលសិទ្ធិមនុស្ស ច្បាប់ភូមិបាល និងច្បាប់ព្រៃឈើ។
អ្នកសម្របសម្រួលគម្រោងពង្រីកអំណាចសហគមន៍ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ឲ្យដឹងនៅថ្ងៃទី២៧ កក្កដា ថា ចៅហ្វាយស្រុកលំផាត់ និងមេឃុំបាតតាង ដឹកនាំកម្លាំងសមត្ថកិច្ចប្រមាណ៥នាក់ ចុះមករារាំងភ្នាក់ងារសិទ្ធិមនុស្ស និងប្រជាសហគមន៍ ក្នុងការបើកវគ្គបណ្ដុះបណ្ដាលច្បាប់។
លោកលើកឡើងបន្តថា មន្ត្រីអាជ្ញាធរប្រើកម្លាំងសមត្ថកិច្ចតាមដានគ្រប់សកម្មភាពនៃការជួបជុំរបស់ប្រជាពលរដ្ឋ និងបង្អាក់បន្ថុចប្រជាពលរដ្ឋ ដែលមានបំណងចូលរួម។
លើសពីនេះ បន្ទាប់ពីមានការរារាំងពីសំណាក់អាជ្ញាធរ លោកព្យាយាមប្រមូលប្រជាពលរដ្ឋប្រជុំគ្នាក្រាលកន្ទេលរៀនក្រោមដើមឈើ តែត្រូវលោកមេឃុំ កិត ចេម គម្រាមថា បើសិនលោកនៅតែបន្តជួបប្រជុំប្រជាពលរដ្ឋទៀត មានករណីមិនប្រក្រតីណាមួយកើតឡើង អាជ្ញាធរមិនទទួលខុសត្រូវឡើយ។
លោក ឈឹម សាវុធ មានប្រសាសន៍បន្តថា ការរារាំងរបស់អាជ្ញាធរមកលើភ្នាក់ងារសិទ្ធិមនុស្សចុះដើម្បីផ្ដល់ការអប់រំផ្នែកច្បាប់ និងសិទ្ធិជូនពលរដ្ឋមិនសមហេតុផលនោះទេ។ លោកលើកឡើងបន្តថា មជ្ឈមណ្ឌលសិទ្ធិមនុស្សជាអង្គការក្រៅរដ្ឋាភិបាល ដែលមិនពាក់ព័ន្ធនឹងផ្នែកនយោបាយឡើយ។
ដូច្នេះ អ្វីដែលភ្នាក់ងារមជ្ឈមណ្ឌលធ្វើ គឺដើម្បីផ្ដល់ចំណេះដឹងផ្នែកច្បាប់ និងសិទ្ធិជូនពលរដ្ឋទាំងនោះ ក្នុងបំណងឲ្យពួកគាត់យល់ពីសិទ្ធិ និងច្បាប់ ហើយយកចំណេះទាំងនោះទៅប្រើប្រាស់ឲ្យត្រឹមត្រូវ ជៀសវាងពួកគាត់ទៅប្រព្រឹត្តអំពើណាមួយផ្ទុយនឹងច្បាប់ ដោយសារការខ្វះចំណេះដឹងនោះ។
លោក ឈឹម សាវុធ៖ «ខ្ញុំជាអង្គការក្រៅរដ្ឋាភិបាល ដែលមិនបម្រើឲ្យគណបក្សនយោបាយ ប៉ុន្តែខ្ញុំធ្វើលើផ្លូវច្បាប់ ដើម្បីពន្យល់ច្បាប់ដល់ពួកគាត់ ឲ្យគាត់បានចេះដឹងពីផ្លូវច្បាប់ ដើម្បីងាយស្រួល កុំឲ្យគាត់ធ្វើអ្វីទៅពាក់ព័ន្ធការរំលោភច្បាប់ ។ គាត់ក៏ចង់បានដែរ ព្រោះកន្លងមក គាត់មិនដែលបានចេះដឹងពីផ្លូវច្បាប់ដែរ សូម្បីច្បាប់ភូមិបាល ឬក៏សិទ្ធិរបស់គាត់ សូម្បីសិទ្ធិគាត់មានប៉ុន្មាន គាត់មិនទាំងដឹងផង»។
ទោះយ៉ាងណា មេឃុំបាតតាង លោក កិត ចេម អះអាងថា លោកមិនអាចអនុញ្ញាតិភ្នាក់ងារសិទ្ធិមនុស្សទាំងនោះ បើកវគ្គបណ្ដុះបណ្ដាលបាននោះទេ ដោយហេតុថាពួកគេមិនបានសុំការអនុញ្ញាតិពីថ្នាក់ស្រុក និងខេត្ត លោកថ្លែងបន្តថា លោកយល់ព្រមលុះត្រាចៅហ្វាយខេត្តអនុញ្ញាតិ៖ «អត់មានករណីអីទេ គឺអត់មានរយៈពីខេត្ត ខេត្តមកស្រុក ស្រុកមកឃុំ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន បញ្ជាក់ថា ភ្នាក់ងារសិទ្ធិមនុស្សទាំងនោះមិនបានផ្ដល់ដំណឹងជាមុនដល់អាជ្ញាធរ ហេតុនេះអាជ្ញាធរហាមឃាត់ជារឿងត្រឹមត្រូវ៖ «មុនហ្នឹងមានគេតេឡេហ្វូនមកខ្ញុំដែរ ថាគេឃាត់ដោយសារអត់សុំច្បាប់ ខុសគ្នាអ៊ីចឹង មិនមែនរឿងដោយសារមិនសុំច្បាប់ទេ ដោយសារមិនប្រាប់គេ ប្រាប់គេថាជាប់កិច្ចនេះកិច្ចនោះ គេមិនឲ្យធ្វើ ដល់ពេលស្ងាត់ៗទៅធ្វើ អាហ្នឹងគេឃាត់ត្រូវហើយ»។
យ៉ាងនេះក្ដី លោក ឈឹម សាវុធ អះអាងថា កាលពីថ្ងៃទី១៩ កក្កដា លោកបានដាក់ពាក្យជូនដំណឹងដល់អភិបាលខេត្តរង ទទួលបន្ទុកផ្នែកអង្គការក្រៅរដ្ឋាភិបាល លោក ណាប់ ប៊ុនហេង តែត្រូវលោក ណាប់ ប៊ុនហេង បដិសេធពាក្យជូនដំណឹងនោះ ដោយតម្រូវឲ្យលោកទៅជួបអភិបាលខេត្តលោក ប៉ាវ ហមផាន។
លោកថ្លែងបន្តថា ទង្វើរបស់អាជ្ញាធរបែបនេះ មានចេតនាបង្កការលំបាកដល់ភ្នាក់ងារសិទ្ធិមនុស្ស។ ម្យ៉ាងទៀត ការរារាំងរបស់អាជ្ញាធរមកលើភ្នាក់ងារសិទ្ធិមនុស្ស ជាការរំលោភទៅលើសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៨ ទាក់ទិនទៅនឹងគោលការណ៍ស្ដីពីពិធីជួបប្រជុំរបស់ប្រជាពលរដ្ឋ កម្មវិធីអប់រំផ្សព្វផ្សាយ សិក្ខាសាលា ឬការប្រារព្ធវេទិកាសាធារណៈ ដោយមិនតម្រូវឲ្យសុំច្បាប់អនុញ្ញាតិនោះទេ គឺគ្រាន់តែជូនដំណឹងមកអាជ្ញាធរមូលដ្ឋានមុន៧ថ្ងៃ នៃការប្រារព្ធពិធីតែប៉ុណ្ណោះ។
អង្គការសិទ្ធិមនុស្ស បើកវគ្គបណ្ដុះបណ្ដាល សិទ្ធិមនុស្ស ច្បាប់ភូមិបាល និងច្បាប់ព្រៃឈើ ជូនប្រជាពលរដ្ឋ ចំនួនពីរកន្លែងនៅថ្ងៃទី២៧-២៨ កក្កដា គឺនាភូមិបាតតាង ឃុំបាតតាង និងភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ និងមានបើកវេទិកាមួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងរាស្ត្រមកពី៥គណបក្សនយោបាយ ដែលមានអាសនៈក្នុងសភា នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
