ជនសង្ស័យដែលត្រូវបានដោះលែងនោះ គឺមានជនជាតិចិន ចំនួន ៣នាក់ ជាវិស្វករសំណង់នៃក្រុមហ៊ុនចិន។ ជនសង្ស័យជនជាតិខ្មែរចំនួន ៣នាក់ទៀត ត្រូវបានដោះលែងដែរ។ ការដោះលែងនេះ គឺក្រោយពីនគរបាលប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យសរុបចំនួនជាង ១០នាក់ នៅភូមិគ្រឹះរបស់លោកឧកញ៉ា តាន់ សេងហាក់ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងមកនេះ ក្រោមបទសង្ស័យជួញដូរគ្រឿងញៀន។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានលោកឧកញ៉ា តាន់ សេងហាក់ ទៅសាលាដំបូងក្រុងភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីចោទប្រកាន់ក្រោមបទជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋមួយចំនួនទៀត។
ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉ន បានមានប្រសាសន៍ថា អាជ្ញាធរមានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកលើលោកឧកញ៉ា តាន់ សេងហាក់ នោះ៖ «នេះជាបទល្មើសជួញដូរគ្រឿងញៀនបាទ មានថ្នាំញៀនជាក់ស្តែង មានភស្តុតាងដែលយើងបានរឹបអូស ដូចជាជិតកន្លះគីឡូក្រាមសរុបទៅ មេតំហ្វេតាមីនទឹកកក ហើយនិងមានកូកាអ៊ិន មួយចំនួន។ ចំពោះលោក តាន់ សេងហាក់ នេះ គឺបទទី១ គឺបទជួញដូរគ្រឿងញៀន ពីព្រោះគាត់ គឺថាមានថ្នាំញៀននៅហ្នឹងខ្លួន នៅក្នុងបន្ទប់គាត់តែម្តង ហើយបញ្ហាទី២ គឺជួលឲ្យជនល្មើសមួយចំនួនដែលនៅជាមួយខ្លួនគាត់ហ្នឹង នៅជាមួយគាត់ បង្កលក្ខណៈ និងជួលឲ្យស្នាក់នៅឲ្យជនល្មើសដែលយើងចាប់មក បញ្ជូនទៅតុលាការទាំង ៥នាក់នេះ បញ្ហាមួយទៀតហ្នឹង គឺជនទាំងប៉ុន្មាននាក់ ជាមួយ តាន់ សេងហាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធជួញដូរគ្រឿងញៀន។ លោក តាន់ សេងហាក់ នេះកន្លងមក តាមការសារភាពរបស់ជនទាំងបួននាក់ កន្លងមក គឺថាជនទាំងបួននាក់ គឺសុទ្ធតែបានយកថ្នាំជាញឹកញាប់ពីគាត់ ដើម្បីយកទៅចែកចាយ និងលក់ដូរឲ្យនៅក្នុងទីក្រុងភ្នំពេញនេះ»។
ប្រភពបានឲ្យដឹងថា បើសិនណាតុលាការរកឃើញទោសកំហុសមែននោះ តុលាការអាចផ្ដន្ទាទោសលោកឧកញ៉ា តាន់ សេងហាក់ ឲ្យជាប់គុកមួយជីវិតតាមច្បាប់ថ្មីប្រឆាំងគ្រឿងញៀននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
