ប៉ូលិស​បន្ត​តាម​ចាប់​មនុស្ស​៥​នាក់​ចោទ​ពី​បទ​ធ្វើ​អបគមន៍

មន្ត្រី​នគរបាល​ជាតិ​កំពុង​តែ​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​មេដឹកនាំ​ចំនួន ៥​នាក់ នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ដោយសារ​តែ​សមត្ថកិច្ច​បាន​ទទួល​ដីកា​តាម​ចាប់​ខ្លួន​រួច​ហើយ​ពី​តុលាការ​ខេត្ត​ក្រចេះ ក្រោម​បទ​ធ្វើ​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ដោយ សុខ សេរី
2012-06-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧត្តមសេនីយ៍ឯក សុខ ផល ៣០៥
លោក ឧត្តមសេនីយ៍ឯក សុខ ផល អគ្គ​ស្នងការ​រង នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​កម្ពុជា។
RFA/Sok Serey

ជន​ទាំង ៥​នាក់​នោះ មាន​ដូចជា ទី​១ ឈ្មោះ ប៊ុន រដ្ឋា ជា​មេខ្លោង អាយុ ៣២​ឆ្នាំ ទី​២ ឈ្មោះ ប៊ុន ឆន អាយុ ៥៥​ឆ្នាំ ទី​៣ ឈ្មោះ សុខ តុង អាយុ ៦១​ឆ្នាំ ទី​៤ ឈ្មោះ ម៉ា ធាង អាយុ ៤៧​ឆ្នាំ និង​ទី​៥ ឈ្មោះ ខាត់ សារឿន អាយុ ៤២​ឆ្នាំ។

ប្រភព​ពី​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍​ថា បក្សពួក​ចំនួន ៣​នាក់ នៅ​ក្នុង​ចំណោម ៥​នាក់​នោះ កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ និង ២​នាក់​ទៀត​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា សមត្ថកិច្ច​កំពុង​តែ​ស្វែង​រក​ការ​ធ្វើ​បត្យាប័ន ឬ​បញ្ជូន​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ ដើម្បី​ចាប់​ខ្លួន។

ទាក់ទង​នឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១២ បាន​មាន​ប្រសាសន៍​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង ៥​នាក់​នោះ​ឲ្យ​ខាង​តែ​បាន ទោះ​ជា​អ្នក​ទាំង​នោះ​កំពុង​តែ​លាក់​ខ្លួន​នៅ​កន្លែង​ណា ឬ​ប្រទេស​ណា​ក៏ដោយ។

លោក ហ៊ុន សែន៖ «ឥឡូវ​ហ្នឹង​មាន​ដីកា​តាម​ចាប់​ខ្លួន ៥​នាក់ តាម​ទៀត ដល់​ជើង​មេឃ។ អំពាវនាវ​ឲ្យ​អ្នក​ឯង​ឲ្យ​ចេញ​សារភាព​មក អាច​នឹង​បាន​បន្ធូរបន្ថយ មាន​ការ​យោគយល់ ប៉ុន្តែ​ត្រង់​អ្នក​ឯង​ទៅ​ដល់​ប្រទេស​ណា ក៏​តាម​ដែរ។ ត្រូវ​សុំ​ធ្វើ​បត្យាប័ន​មនុស្ស​ហ្នឹង​ត្រឡប់​មក​វិញ បើ​នរណា​ហ៊ាន​រារាំង ទោះ​ក្នុង​ស្ថានទូត​ក្ដី ទោះ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រោះ​រឿង​នេះ​ត្រូវ​រក​ឲ្យ​ឃើញ​ស​ខ្មៅ»

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មិន​បាន​ទទួល​ព័ត៌មាន​ណា​មួយ​អំពី​ស្ថានការណ៍​លាក់​ខ្លួន និង​ទី​កន្លែង​លាក់​ខ្លួន​នោះ​ទេ៖ «ប្រជាពលរដ្ឋ​ដែល​បាន​ចាក​ចេញ​ពី​ភូមិ​ហ្នឹង គឺ​អត់​មាន​អ្នក​វិល​ទៅ​វិញ​ទេ មួយ​ចំនួន​ដែល​គាត់​ចាកចេញ​ហ្នឹង ហើយ​មាន​ប្រជាពលរដ្ឋ​ដែល​គាត់​រស់​នៅ​ទី​ហ្នឹង គឺ​គាត់​រស់​នៅ​ទី​ហ្នឹង​ដដែល​ទេ។ ប៉ុន្តែ​ត្រង់​ថា ស្ថានភាព​ដី​ចំការ​ដី​ស្អី​របស់​គាត់​ដែល​ធ្លាប់​ធ្វើ គឺ​គេ​ផ្អាក អត់​ទាន់​ឲ្យ​ធ្វើ​ទេ រង់ចាំ​មាន​ការ​ដោះស្រាយ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ចោទ​ប្រកាន់​អ្នក​ទាំង ៥​នាក់​នោះ​ចំនួន ៦​បទល្មើស​ដូច​ត​ទៅ៖ ទី​១ បាន​តាំង​ខ្លួន​ជា​អាជ្ញាធរ​រដ្ឋ​វាស់វែង​ដីធ្លី​បែងចែក​ដល់​ប្រជាពលរដ្ឋ និង​បាន​បោក​បញ្ឆោត​ឲ្យ​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ។ ទី​២ បាន​រារាំង​សមត្ថកិច្ច​នគរបាល​មិន​ឲ្យ​បំពេញ​តួនាទី​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ។ ទី​៣ បាន​ចាប់​ខ្លួន​យោធា​ចំនួន ២​នាក់ បង្ខាំង​ទុក និង​បាន​ដក​ហូត​អាវុធ​កន្លង​មក។

ទី​៤ បាន​ដឹកនាំ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន​លើក​កន្លង​មក។ ទី​៥ បាន​បង្កើត​ភូមិ​ថ្មី​មួយ​ចំនួន និង​បាន​ប្រកាស​រំសាយ​ភូមិ​ចាស់​ចំនួន ៣ នៅ​ឃុំ​កំពង់ដំរី និង​គំរាម​កំហែង​ប្រជាពលរដ្ឋ និង​ទី​៦ បាន​គាប​សង្កត់​អ្នក​ដឹកនាំ​ភូមិ​មិន​ឲ្យ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​បាន​បង្ខាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​នោះ។

ដោយ​ឡែក​ប្រជាពលរដ្ឋ​ចំនួន ៨​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ភ្លាមៗ​កន្លង​មក គឺ ៥​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ដោយ​តុលាការ​ខេត្ត​ក្រចេះ នៅ​សល់​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់​ទៀត បន្ត​ជាប់​ឃុំ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

bopeakboroskhmer

ពី phnom penh

Well, no wonder when CPP want to arrest some one from other parties, it's too easy to find but if CPP staff itself commit any crime always say mistake or can't it. I am not a member of any party or interesting to join but i've seen unusual things going on in this regime, bias,grouping,love other races rather than their own native people, but some govt. staffs accused opposition being a racism on youn immigrant.

Jun 16, 2012 06:06 PM