មនុស្ស៥នាក់ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងករណីឆបោកប្រជាពលរដ្ឋ មកពីបណ្ដាខេត្តផ្សេង ឲ្យនាំគ្នាចូលទៅចាប់យកដីរបស់រដ្ឋ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តប៉ៃលិន នោះ កំពុងរត់គេចខ្លួនពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តប៉ៃលិន។
អភិបាលខេត្តប៉ៃលិន លោក អ៊ី ឈាន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ថា ក្រុមអាជ្ញាធរខេត្ត និងកងទាហានបានដាក់ពាក្យប្ដឹងជនសង្ស័យ៥នាក់ ទៅតុលាការខេត្តប៉ៃលិន។ មនុស្សទាំង៥នាក់នោះជាប់ចោទពីបទឆបោកលុយកាក់ប្រជាពលរដ្ឋ និងទាហាន ហើយបានកៀងគរមនុស្សឲ្យទៅចាប់ដីរដ្ឋនៅខេត្តប៉ៃលិន។
លោក អ៊ី ឈាន៖ «អាហ្នឹង ឲ្យគេស៊ើបអង្កេត ធ្វើការតាមផ្លូវច្បាប់។ បោកតាំងពីគោយន្ត ស្រូវកងទ័ព ដឹកយកមកធ្វើពូជ។ កុហកគ្នាដូរយកពូជស្រូវគ្នាអស់ ដីដែលលក់ឲ្យគ្នា ទៅលក់ឲ្យមួយម្ចាស់ទៀត។ លក់ត ហើយដីរដ្ឋទៀត មិនមែនដីវាឯណា។ អ៊ីចឹងបានថា កងទ័ពមកទាំងអស់ ហើយខ្ញុំណែនាំ បើតាមចិត្តកងទ័ព គេខឹងខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំណែនាំមិនត្រូវឲ្យធ្វើអីផ្ដេសផ្ដាសទេ ធ្វើតាមផ្លូវច្បាប់»។
ក្នុងចំណោមជនសង្ស័យ៥នាក់ មានបីនាក់ពុំមែនជាអ្នករស់នៅក្នុងខេត្តប៉ៃលិន នោះទេ។ លោក អ៊ី ឈាន បានបញ្ជាក់ថា អាជ្ញាធរខេត្តបានទទួលព័ត៌មានពីពលរដ្ឋជិត១០០នាក់ និងកងទាហានផងនោះ បានប្ដឹងថា ពួកគេចាញ់បោកមេខ្លោងទាំងនោះអស់លុយកាក់ជាច្រើន អ្នកខ្លះអស់ស្រូវ និងខ្លះទៀតអស់ម៉ាស៊ីនគោយន្ត ដោយសារយកទៅដូរដី។
ថ្មីៗនេះ សាលាខេត្តបានកោះប្រជុំទាក់ទិនលំហូរចូលទៅកាន់កាប់ដីតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកសាលាក្រៅ។ ក្រោយពីបានសួរនាំអ្នកភូមិជាច្រើននាក់ ទើបដឹងថា ពួកគាត់ចាញ់ការឆបោក និងបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តប៉ៃលិន។
លោក ពេជ្រ សុធា ដែលមានឈ្មោះជាប់ចោទក្នុងចំណោមជនសង្ស័យទាំង៥នាក់នោះ បានថ្លែងថា រូបលោកពុំមានជាប់ពាក់ព័ន្ធក្នុងករណីឆបោកទេ៖ «ខាងកងទ័ព ខាងអីហ្នឹង ខ្ញុំអត់មានបានពាក់ព័ន្ធទេ។ អារឿងលុយ រឿងកាក់ហ្នឹង ព្រោះការងារខ្ញុំថ្ងៃហ្នឹង ប្រធានភូមិគាត់ឲ្យខ្ញុំរៀបចំក្នុងមួយគ្រួសារហ្នឹង វាស់ម្ភៃម៉ែត្រឲ្យគាត់ បណ្ដោយ៣០០ម៉ែត្រ។ ហើយខ្ញុំក៏ធ្វើទៅតាមបទបញ្ជារបស់មេឃុំ ហើយនិងមេភូមិទៅ។ ចោទប្រកាន់ហ្នឹង វាមិនត្រឹមត្រូវទេ ហើយម្យ៉ាងទៀត ខ្ញុំសុំឲ្យនិស្សិតរៀបចំវាស់វែងដីធ្លី ឲ្យប្រជាជនខ្ញុំឲ្យបានច្បាស់លាស់ ឲ្យបានត្រឹមត្រូវផង ព្រោះអីនៅកន្លែងនេះអត់មានក្រុមនិស្សិតចុះវាស់វែងទេ មានតែខាងខេត្តខាងស្រុកទេ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំសេចក្ដីបញ្ជាក់ពីតំណាងអយ្យការសាលាដំបូងខេត្តប៉ៃលិន បានទេ។
ក្រុមអាជ្ញាធរខេត្តបានចោទថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឆបោកនេះ ពួកគេឆ្លៀតឱកាសនៅគ្រាដែលរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយដីធ្លី ដោះស្រាយទំនាស់ជូនពលរដ្ឋ និងការចុះវាស់វែងផ្ដល់កម្មសិទ្ធិជាបឋម។
ទាក់ទិនករណីចោទប្រកាន់នេះ ប្រធានសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តប៉ៃលិន លោកស្រី ប្រាក់ សុភិមា បានថ្លែងថា សមាគមនៅពុំទាន់ទទួលព័ត៌មានជុំវិញការចោទប្រកាន់នេះទេ។ សមាគមនឹងធ្វើការស៊ើបអង្កេតករណីនេះជាមុនសិន៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
