កំលាំង​សមត្ថកិច្ច​ព័ទ្ធ​ផ្ទះ​ឪពុក​លោក ប៊ុន រដ្ឋា ​នៅ​កំពង់ចាម

កង​កំលាំង​សមត្ថកិច្ច ប្រមាណ​ជា ៣០នាក់ បាន​ព័ទ្ធ​ផ្ទះ លោក ប៊ុន ឆន ដែល​ត្រូវ​ជា​ឳពុក​របស់ លោក ប៊ុន រដ្ឋា នៅ​ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

0:00 / 0:00

បង​ស្រី​បង្កើត​របស់ លោក ប៊ុន រដ្ឋា គឺ​អ្នក​ស្រី ប៊ុន ធឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ឧសភា ថា កង​កំលាំង​សមត្ថកិច្ច​បាន​ចូល​ផ្ទះ​ឪពុក​របស់​អ្នក​ស្រី​ទាំង​យប់ ហើយ​បាន​ធ្វើ​ឲ្យ​បង​ប្អូន និង​ម្ដាយ​របស់​អ្នក​ស្រី​ភ័យ​ខ្លាច ចំពោះ​សកម្មភាព​របស់​កង​កំលាំង​សមត្ថកិច្ច​នោះ។ អ្នក​ស្រី​ឲ្យ​ដឹង​បន្ត​ថា កង​កំលាំង​នគរបាល​ប្រមាណ​ជា ៣០​នាក់ ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង បី​ទៀប​ភ្លឺ ដោយ​បញ្ចាំង​ភ្លើង​ពិល​ពេញ​លើ​ផ្ទះ និង​រុញ​ទ្វារ​លឺ​សូរ​សំឡេង​ក្ដុង​ក្ដាំង​ទាំង​យប់ ធ្វើ​ឲ្យ​ពួក​គាត់​ភ្ញាក់​ពី​ដំណេក។

លើស​ពី​នេះ កង​កំលាំង​នគរបាល​បាន​ទាម​ទារ​ចង់​ចូល ក្នុង​ផ្ទះ​ទាំង​យប់ ពួក​គាត់​មិន​បើក​ទ្វារ​ឲ្យ​ចូល។ ភ្លឺ​ឡើង នៅ​ថ្ងៃ​ទី​២២ ឧសភា នគរបាល​ប៉ុស្តិ៍ ឃុំ​ឈើ​ខ្លឹម និង​នគរបាល ស្រុក​មេមត់ ដឹក​នាំ​ដោយ​អធិការ​ស្រុក​មេមត់ លោក ឯម កុសល ទាម​ទារ​ចូល​ក្នុង​ផ្ទះ​ដើម្បី​ឆែក​ឆេរ។ ប៉ុន្តែ​អ្នក​ស្រី និង​ម្ដាយ​របស់​អ្នក​ស្រី សុំ​មើល​ដីកា​ឆែក​ឆេរ។ ខណៈ​នោះ កង​កំលាំង​ពុំ​បាន​នាំ​ដីកា​មក​ជា​មួយ​ទេ រហូត​ដល់​ម៉ោង ១០​កន្លះ ទើប​ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ចាម លោក រៀល សុភិន យក​ដីកា​ឆែក​ឆេរ​មក​ដល់ ប៉ុន្តែ​ព្រះរាជអាជ្ញា​នោះ មិន​បាន​ឲ្យ​មើល​ក្រដាស​ដីកា​ឆែក​ឆេរ​នោះ​ទេ គ្រាន់​តែ​អាន​ឲ្យ​ស្ដាប់។ ម្យ៉ាង​ទៀត កង​កំលាំង​សមត្ថកិច្ច​នៅ​បាន​ហាម​ឃាត់​អ្នក​ផ្ទះ​ទាំង​អស់ មិន​ឲ្យ​ទូរស័ព្ទ​ទាក់​ទង​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​យក​ព័ត៌មាន​ឡើយ។

ទាក់​ទិន​នឹង​ករណី​នេះ​ដែរ ស្នង​ការ​ខេត្ត​កំពង់ចាម លោក ឆាយ គឹមសុន មាន​ប្រសាសន៍​ថា តាម​នីតិវិធី​កង​កំលាំង​សមត្ថកិច្ច អាច​មាន​សិទ្ធិ​ហ៊ុម​ព័ទ្ធ​ផ្ទះ​នោះ​បាន ប៉ុន្តែ​មិន​អាច​ចូល​ឆែក​ឆេរ​ទាំង​យប់​បាន​នោះ​ទេ។ លោក​អះអាង​បន្ត​ថា កង​កំលាំង​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី​ត្រឹម​ត្រូវ​ហើយ ព្រោះ​សមត្ថកិច្ច​ពុំ​បាន​ចូល​ឆែក​ឆេរ​ទាំង​យប់​នោះ​ឡើយ។

ទោះ​យ៉ាង​ណា លោក អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក ចាន់ សាវេត ប្រតិកម្ម​តប​ថា កង​កំលាំង​សមត្ថកិច្ច ពុំ​ទាន់​បាន​អនុវត្ត​នីតិវិធី​ឲ្យ​បាន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ។ លោក លើក​ឡើង​បន្ត​ថា សមត្ថកិច្ច​មាន​សិទ្ធិ​ក្នុង​ការ​ហ៊ុម​ព័ទ្ធ​ទី​កន្លែង​ដែល​ខ្លួន​សង្ស័យ ថា​មាន​ជន​សង្ស័យ​លាក់​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ខុស​ឆ្គង​នឹង​នីតិវិធី​របស់​សមត្ថកិច្ច គឺ​ចូល​ឡើង​លើ​ផ្ទះ​គេ​ទាំង​យប់ មិន​មាន​ដីកា​ឆែក​ឆេរ និង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ចំពោះ​ម្ចាស់​ផ្ទះ។

មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​ចាប់ និង​ឃាត់​ខ្លួន ប្រជាពលរដ្ឋ​ចំនួន ៨​នាក់ ហើយ​ព្រះរាជអាជ្ញា​ខេត្តក្រចេះ លោក ធុច បញ្ចសន្តិភាព បាន​សម្រេច​ដាក់​ការ​ចោទ​ប្រកាន់​អ្នក​ទាំង ៨​នាក់​នោះ​ពី​បទ​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់។ ទោស​នេះ​អាច​ជាប់​ពន្ធនាគារ ពី ៧​ឆ្នាំ ទៅ ១៥​ឆ្នាំ យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទាក់​ទិន​នឹង​ករណី​ប្រជាពលរដ្ឋ រង​ការ​ចោទ​ថា​បាន​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ទាំង ៨​នាក់​នោះ​ដែរ សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក កំពុង​ផ្ដល់​មេធាវី​ដើម្បី​ជួយ​ការពារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។